កង្វះស្បៀងអាហារលើពិភពលោក តើជប៉ុនត្រូវបរិភោគ “សត្វ​ល្អិត” នា​ពេល​អនាគត​មែន​ទេ?

ចំនួនប្រជាជននៅលើពិភពលោកមានទំនោរកើនឡើង ទន្ទឹមនឹងនេះ បញ្ហា​កង្វះ​ស្បៀងអាហារដោយសារអាកាស​ធាតុ​ប្រែ​ប្រួល​ខុស​ធម្មតា។ អាច​​និយាយ​​បាន​​ថា ស្ថានភាពខ្វះខាតស្បៀងអាហារអាចនឹងកើតឡើងនាពេល​ខាង​មុខ។ ហើយក៏មានមនុស្សជាច្រើនគិតថា នៅសម័យកាលខាងមុខមនុស្សគ្រប់គ្នាត្រូវហូប “សត្វល្អិត” ដើម្បី​រស់។

នៅប្រទេសជប៉ុនមិនមានវប្បធម៌បរិភោគសត្វល្អិតនោះទេ ដូច្នេះបានជាមានការប្រឆាំងយ៉ាងខ្លាំង​ចំពោះ​គំនិតនេះ។ ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុននំប៉័ងធំដែលមានឈ្មោះថា Shiki Shima បានសាកល្បងការលក់នំបុ័ងគ្រប់ប្រភេទ និង​នំចំណី​ដែល​ផលិត​ដោយ​ម្សៅ​ចង្រិត​តាម​អន​ឡាញ។

មានមតិជាច្រើននិយាយថា៖ គ្មាននរណាម្នាក់ចង់ទិញអាហារដែលផលិតចេញពីម្សៅសត្វល្អិតនោះទេ ឬគ្រាន់តែគិតដល់នំប៉័ងមានចង្រិតនៅខាងក្នុងគួរឱ្យខ្ពើមទៅហើយ ។ល។ សម្តីត្អូញត្អែរទាំងនេះកាន់តែច្រើនឡើង ការទូរស័ព្ទ​​ហៅ​ចូល​ចង់​លុប​បំបាត់​ផលិត​ផល​របស់​ក្រុម​ហ៊ុន។

ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ហើយដោយសារតែពួកគេជាក្រុមហ៊ុនធំ ដូច្នេះ​ពួក​គេ​ប្រាកដជាមិនធ្វើដោយខ្វះការប្រុងប្រយ័ត្នឡើយ។ ខ្សែសង្វាក់ផលិតកម្មរហូតដល់បុគ្គលិកត្រូវបាន​រៀប​ចំ​អោយ​នៅ​អគារ​ដាច់​ដោយ​ឡែក ដូច្នេះផលិតផលធម្មតាមិនលាយឡំជាមួយម្សៅចង្រិតបានទេ។

យ៉ាង​ណា​មិញ មុននឹងសម័យកាលបរិភោគសត្វល្អិតកើតឡើង ជប៉ុន​អាច​បញ្ឈប់បាន​ទាំង​ស្រុង។ ឧទាហរណ៍ដូចជា៖

ប្រើប្រាស់វាលស្រែដែលមិនទាន់ភ្ជួរ

ផ្ទៃដីកសិកម្មនៅប្រទេសជប៉ុនកំពុងថយចុះជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្នសល់ប្រមាណ ៤,៥ លានហិកតាប៉ុណ្ណោះ។ ក្នុង​ចំណោម​នោះ ដី​កសិកម្ម​ប្រមាណ ៣០ ម៉ឺនហិកតាដែលមិនទាន់ត្រូវបានប្រើ។ ជប៉ុនអាចបង្កើនទិន្នផលកសិកម្ម​ប្រហែល ១០% ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​ដី​នេះ​ឱ្យ​បាន​ល្អ។

ប្រើកាកសំណល់តៅហ៊ូឡើងវិញ

ក្រៅពីនេះ នៅពេលផលិតតៅហ៊ូនឹងបន្សល់កាកសំណល់ដែលគេហៅថា Okara ក្នុងភាសាជប៉ុន។ យោងតាមស្ថិតិ ជារៀងរាល់ឆ្នាំ កាក​សំណល់​សណ្ដែក​ប្រមាណ ៧០ ម៉ឺនតោនត្រូវគេបោះចោល។ ប្រសិនបើយើងរកឃើញវិធីណាមួយសម្រាប់កែច្នៃ ប្រហែលជាផលិតបាននូវមុខម្ហូបឆ្ងាញ់​​មែន​​ទេ?

ទោះជាយ៉ាងណា ជប៉ុនកំពុងប្រើប្រាស់សំណល់សណ្តែក Okara ប្រមាណ ១% ប៉ុណ្ណោះ ចំនួនដែលនៅសល់ត្រូវគេ​បោះ​ចោល។ ក្រៅ​ពី​នេះ នៅជប៉ុនមានប្រភេទអាហារជាច្រើនកំពុងត្រូវគេខ្ជះខ្ជាយជារៀងរាល់ថ្ងៃ។

យើងធ្លាប់គិតដល់ការកែច្នៃក្រដាស ឬប្លាស្ទិក ហេតុអ្វី​បានជា​យើង​មិន​គិតដល់ការកែច្នៃ​អាហារ​ឡើង ដើម្បី​កាត់បន្ថយ​បន្ទុក​កង្វះ​​ស្បៀងអាហារលើពិភពលោកនាសព្វថ្ងៃនេះ?

ប្រសិនបើជនជាតិជប៉ុនមិនចូលចិត្តអាហារដែលផលិតពីសត្វល្អិត ដូច្នេះប្រហែលជាពួកគេត្រូវគិត និងរកមធ្យោ​បាយ​ដោះ​ស្រាយ​វិបត្តិ​ស្បៀង​អាហារ​ចាប់​ពី​ឥឡូវ​នេះ​ទៅ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: