ចាប់ទាល់តែបាន “បុគ្គល ៣ នាក់” ដែលបង្ហាញពី​សកម្មភាព​ខ្វះ​អនាម័យ​ប៉ះ​ពាល់​ដល់ហាងស៊ូសុីតុបង្វិល

កាលពីថ្ងៃទី ៩ ខែមីនា ប៉ូលិសខេត្ត Aichi បានជូនដំណឹងដល់សារព័ត៌មាន AFP ចំពោះករណីចាប់​ខ្លួន​ជន​សង្ស័យ Ryoga Yoshino អាយុ ២១ ឆ្នាំ និង​ជន​សង្ស័យ​ស្រី​មិន​បញ្ចេញ​ឈ្មោះ​អាយុ ១៥ ឆ្នាំនាថ្ងៃទី ៨ ខែ​មីនា។ ជន​សង្ស័យ​ម្នាក់​​ទៀត​​ដែល​​មិន​​បញ្ចេញ​​ឈ្មោះ​​អាយុ ១៩ ឆ្នាំ​ក៏​ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពីខែកុម្ភៈ។

ប៉ូលិសចោទប្រកាន់ជនសង្ស័យទាំង ៣ នាក់បានរារាំងអាជីវកម្មរបស់ភោជនីយដ្ឋាន Kura Sushi បណ្តាលឱ្យខ្សែ​សង្វាក់​ភោជនីយដ្ឋានទទួលការ​រិះ​គន់​យ៉ាង​ខ្លាំងពីអតិថិជន ព្រោះតែវីដេអូលេងសើចមិនសមរម្យដែលចែក​រំលែក​លើ​បណ្តាញ​សង្គម។

ស៊ូសុីតុបង្វិល។ រូបភាព៖ AFP

ក្នុងវីដេអូឃើញថា ជនសង្ស័យម្នាក់ក្នុងក្រុមខាងលើចាប់ស៊ូសុីលើតុបង្វិលដាក់ចូលមាត់ បន្ទាប់មកលើកដបទឹក​សុីអុីវ​ផឹក​ដោយ​ផ្ទាល់។

ប៉ូលិសបានអោយដឹង សកម្មភាពបំផ្លាញរបស់ក្រុមនេះបានធ្វើឱ្យ “ដំណើរការអាជីវកម្មធម្មតាជួបការលំបាក” ខណៈ​ដែល​បុគ្គលិក​នៅ Kura Sushi ត្រូវសម្អាតភោជនីយដ្ឋានជាបន្ទាន់។

ថ្វីត្បិតតែមិនទាន់ដាក់ចេញការផាកពិន័យ ប៉ុន្តែសកម្មភាព “រារាំងអាជីវកម្ម” នឹងត្រូវពិន័យ​ធ្ងន់​ធ្ងរ​តាម​ច្បាប់​ជប៉ុន រួម​ទាំង​ការ​ប្រឈម​​មុខ​​ជាប់​​ពន្ធ​នាគារ​រហូត​ដល់​ទៅ ៣ ឆ្នាំ។

វីដេអូ​ជា​ច្រើន​ដែល​បង្ហាញ​ពីសកម្មភាពស្រដៀងគ្នា​ក៏​ត្រូវ​បានចែករំលែកលើបណ្តាញសង្គមរួមទាំង Twitter និង TikTok ។ ក្នុងនោះមានវីដេអូមួយចំនួនទើបតែបង្ហោះកាលពីប៉ុន្មាន​សប្ដាហ៍​មុន​ប៉ុណ្ណោះ ចំណែកវីដេអូខ្លះមានយូរឆ្នាំមកហើយ។

ការលេងសើចដែលមិនសមរម្យបង្កការព្រួយបារម្ភចំពោះសុវត្ថិភាពចំណីអាហារ ខណៈដែលអ្នកលេងសើចយកដៃទើប​តែ​លិទ្ធ​ប៉ះ​ចំណែកស៊ូសុីលើតុបង្វិល ឬលិទ្ធកែវទឹកបន្ទាប់មកដាក់នៅកន្លែងដើមវិញ។

អាជីវកម្មដែលជាម្ចាស់ខ្សែសង្វាក់ Kura Sushi មានភោជនីយដ្ឋានជាង ៥០០ ហាងដំណើរការនៅទូទាំងប្រទេស​ជប៉ុន បាន​បង្ហាញ​ពីការ​គាំទ្រចំពោះការចាប់ខ្លួននេះ។

អាជីវកម្មនេះបាននិយាយថា “យើងសង្ឃឹមថាការចាប់ខ្លួននេះនឹងជួយឱ្យអ្នករាល់គ្នាយល់ ការលេងសើចទាំងនេះបាន​ប៉ះពាល់ដល់​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​យើង ហើយជាកំហុសដែល​មិន​គួរ​យក​តម្រាប់​តាម​នា​ពេល​អនាគត” ។

ថ្មីៗនេះ Sushiro ក៏ជាភោជនីយដ្ឋានស៊ូស៊ីតុបង្វិលដែលរងផលប៉ះពាល់ដោយសារការលេងសើចមិនសមរម្យនេះដែរ។ ភាគហ៊ុនរបស់ខ្សែសង្វាក់ហាងធ្លាក់ចុះខ្លាំងកាលពីខែមុន ខណៈដែលវីដេអូបង្ហាញពីសកម្មភាពរបស់ក្មេងជំទង់ម្នាក់​លិទ្ធ​ដប​ទឹក​ស៊ីអុីវ​ក្នុង​ភោជនីយដ្ឋាន។

“រោគចិត្តដល់ហើយ” អ្នក​ប្រើ Twitter ម្នាក់​នៅជប៉ុនបានបញ្ចេញមតិចំពោះរឿងនេះ។

រីឯម្នាក់ទៀតនិយាយថា “ខ្ញុំមិនទៅហូបនៅភោជនីយដ្ឋានតុបង្វិលទៀតឡើយ” ។

ប្រភព៖ AFP

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: