ថ្មីទៀតហើយ ត្រាំជ្រោះទឹកក្តៅ និងសូណាពេល​កំពុង​មើល​ការ​ប្រកួត​កីឡា​បេស្បល

កាលពីថ្ងៃទី ៧ ខែមីនា កីឡដ្ឋាន ES CON Field Hokkaido បានបើកទ្វារអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយចូលមើល​កន្លែង​​ដែល​​ទើប​​សាង​​សង់​ថ្មីរបស់ពួកគេ។ ចំណុចដែលគួរកត់សម្គាល់បំផុតគឺប្រព័ន្ធត្រាំជ្រោះទឹកក្តៅ និង​សូណា​ក្នុង​កីឡដ្ឋាន​​ផ្ទាល់។

នេះជាបន្ទប់ងូតជ្រោះទឹកក្តៅ និងសូណាដំបូងគេលើពិភពលោក អាច​មើល​ការ​ប្រកួត​កីឡា​បេស្បល​ពីជាន់ទី ៣ នៃកីឡដ្ឋាន។ ទឹក​ក្តៅ​ដែល​ត្រូវ​បាន​​បូម​​ឡើង​ពី​ជម្រៅ ១៣០០ ម៉ែត្រក្រោម​ដី​ជួយ​ឱ្យ​ស្បែករបស់អ្នកទន់រលោង។

ទាំងបន្ទប់ងូតជ្រោះទឹកក្តៅ និងសូណាសុទ្ធតែអាចមើលឃើញទិដ្ឋភាពកីឡដ្ឋានទាំងមូលដូចជាផ្ទាំងអេក្រង់ LED ដ៏​ធំ។

ក្នុងបន្ទប់សូណាត្រូវបានរចនាឡើងដូចជាដំបង​បេស្បល ដើម្បីអោយអ្នករាល់គ្នាអាចឈរមើល និង​គាំទ្រ​ក្រុម​ដែលពួក​គេ​ចូល​ចិត្ត។ ប្រហែលជាអ្នកធ្លាប់មើល​ការ​ប្រកួត​កីឡា​បេស្បល​តាម​ទូរទស្សន៍ក្នុងបន្ទប់សូណា យ៉ាង​ណា​អ្នក​ប្រាកដ​ជា​មិន​ធ្លាប់​មើល​ការប្រកួតកីឡាបេស្បលដោយ​ផ្ទាល់​ក្នុង​បន្ទប់​សូណា​ឡើយ។

សរុបមានចំនួន ២៤ កៅអីដែលគេដាក់លក់សម្រាប់ថ្ងៃប្រារព្ធការប្រកួត។ សំបុត្រចូលងូតទឹកក្តៅក្នុងតម្លៃ ៥០០០ យ៉េន ចំណែក​សំបុត្រ​អង្គុយ​ក្នុងបន្ទប់ក្នុងតម្លៃ ៨០០០ យ៉េន។

តម្លៃសំបុត្រចូលងូតនៅថ្ងៃដែលមិនមានការប្រកួតក្នុងតម្លៃ ២៥០០ យ៉េន ហើយ​អ្នក​អាច​អង្គុយ​នៅ​កន្លែង​ទំនេរ​តាម​​ចិត្ត​​ដោយ​​មិន​​គិត​​ថ្លៃ។

ក្រៅពីនេះ មានកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតក្នុង​កីឡដ្ឋាន។ ត្រង់ថាអ្នកអាចទទួលទានមុខម្ហូបជប៉ុន កូរ៉េ និង​ចិន​នៅ​លើ​បន្ទប់​ទទួល​ភ្ញៀវ​ជាន់​ទី ២ ដែលមានហាងអាហារ Hokkaido ល្បីៗទាំង ១០ ហាង។

នៅជាន់ទី ១ ជាភោជនីយដ្ឋានដែលគ្រប់គ្រងដោយ Nippon Ham ដែលមានម៉ឺនុយមុខម្ហូបជាច្រើនភ្ជាប់ជា​មួយនឹង​រូប​ភាព​របស់​គ្រូ​បង្វឹក​ក្រុម។ ទោះ​ជា​យ៉ាង​ណា ផលិត​ផលទាំងអស់ដែលមានលក់ក្នុងកីឡដ្ឋានមិនអាចទូទាត់​ជា​សាច់​ប្រាក់​បាន​ទេ។ ដូច្នេះ​មុន​នឹង​មក​ដល់​ទី​នេះ ចូរ​កត់​សម្គាល់​ចំណុច​នេះ។

ប្រភព៖ TBS News

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: