ស្រ្តីម្នាក់និយាយពីវ័យកុមារភាពត្រូវឪពុកបង្កើតចាប់រំលោភអស់ជាច្រើនឆ្នាំ

កាលពីបីឆ្នាំមុន ស្រ្តីម្នាក់បានប្តឹងឪពុករបស់ខ្លួនដោយទាមទារប្រាក់ប្រមាណ ៣៧ លានយ៉េន។ ដោយសារនាងគិត​ថា របួស​ផ្លូវ​ចិត្ត​របស់​ខ្លួន​បណ្តាល​មក​ពី​ឪពុក​បានបំពាន​ផ្លូវ​ភេទ​តាំងពីក្មេង។

ក្នុងសាលក្រមដែលកាត់ក្តីលើកដំបូងកាលពីខែតុលាឆ្នាំមុន តុលាការខណ្ឌ Hiroshima បានបញ្ជាក់អំពីទង្វើបំពាន​ផ្លូវ​ភេទ​របស់​បុរស​ជា​​ឪពុក។ ទោះ​​ជា​​យ៉ាង​​ណា យោង​តាមក្រមរដ្ឋប្បវេណីខណៈពេលដែលកុមាររងការបំពានផ្លូវភេទបាន​​ចែង​​ថា “សិទ្ធិទាមទារសំណងនឹងផុតកំណត់ក្រោយរយៈពេល ២០ ឆ្នាំ បន្ទាប់ពីការខូចខាតបានកើតឡើង” ដូច្នេះបុរស​ជា​ឪពុក​មិន​ចាំ​បាច់​សង​ការ​​ខូច​​ខាត​​ឡើយ។

នាងបានប្តឹងឧទ្ធរណ៍ទៅកាន់តុលាការ​កំពូល Hiroshima ដោយខ្លឹមសារសំបុត្រប្តឹងឧទ្ធរណ៍ដូច​តទៅ៖

  • នាងខ្ញុំឈ្មោះ Aya (អាយុ ៤០) នៅទីក្រុង Hiroshima ។ ប្រសិនបើខ្ញុំមិនប្តឹងតុលាការ ខ្ញុំនឹងរស់នៅក្នុងភាព​ឈឺ​ចាប់​ពេល​ប្រឈម​មុខ​នឹង​ឪពុកបង្កើតរបស់ខ្លួន។ ខ្ញុំនៅចាំយ៉ាងច្បាស់ពេលពុកឳបខ្ញុំ ហើយមើលវីដេអូមនុស្សធំ។ នៅ​ថ្ងៃ​បុណ្យ​ណូអែលកាលរៀនថ្នាក់ទី ៤ ខ្ញុំត្រូវបង្ខំឱ្យ​រួម​ភេទ​រហូត​ដល់ថ្នាក់ទី ៨ ។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីសួរខ្លួនឯងថា “តើរឿងនេះត្រូវទេ? ខ្ញុំគួរធ្វើអ្វី?” ខ្ញុំថែមទាំងមិនទទួលបានការអប់រំអោយ​ចេះ​និយាយបដិសេធផង។
  • កាលនោះខ្ញុំគ្រាន់តែជាក្មេងម្នាក់ ហើយមិនដឹងថាខ្លួនកំពុង “ត្រូវបំពានផ្លូវភេទ” ឡើយ។ ពុកតែងតែប្រាប់ខ្ញុំថា “ពុកធ្វើបែបនេះព្រោះពុកស្រលាញ់កូន ប៉ុន្តែពុកហាមមិន​ឱ្យ​ប្រាប់​អ្នកផ្សេងឡើយ” ។ ថ្វីត្បិតតែសកម្មភាព​រំលោភ​បំពានរបស់ឪពុក​ខ្ញុំបានបញ្ចប់ ប៉ុន្តែខ្ញុំធំដឹងក្តីក្នុងភាពឈឺចាប់អស់ជាច្រើនឆ្នាំ និងតែង​​តែ​ទប់​អារម្មណ៍​របស់ខ្លួន។ ខ្ញុំមិនអាចជឿទុកចិត្តមនុស្សដែលនៅជុំវិញខ្លួន ហើយពិបាកបន្តការរស់​នៅ។
  • កាលពីប៉ុន្មានឆ្នាំមុនគ្រប់យ៉ាងកាន់តែអាក្រក់ទៅៗ នៅពេលដែលជីដូនរបស់ខ្ញុំ ជាមនុស្សដែលខ្ញុំស្រលាញ់ និងពឹងពាក់បានទទួលមរណភាព។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំចាប់ផ្តើមបាត់បង់ម្ចាស់ការលើខ្លួនឯង ទិដ្ឋភាព​ដែល​ខ្ញុំ​ត្រូវ​ឪពុក​បង្កើត​បំពាន​ផ្លូវ​ភេទ​វិល​ត្រឡប់​មកវិញ។

ដោយសារគំនិត “មិនអាចបន្តការរស់នៅបែបនេះបាន” Aya បានសម្រេចចិត្តទៅរកអង្គការ​មិន​រក​ប្រាក់ចំណេញ ដើម្បីទទួលបានជំនួយសម្រាប់ជនរងគ្រោះដែលរងការបំពានផ្លូវភេទ។

អ្នកស្រី Aya បាន​និយាយ​ថា​៖ “ដំបូង​ខ្ញុំ​គិត​ថា ពេលដើរចូលអគារនោះ ខ្ញុំនឹងត្រូវគ្រប់គ្នាចាត់ទុកជាមនុស្សរងការបំពានផ្លូវភេទ។ ថ្វីត្បិតតែខ្ញុំមិនធ្លាប់ធ្វើរឿងអាក្រក់ពីមុនមក ប៉ុន្តែខ្ញុំនៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាចយ៉ាងខ្លាំង។ ទោះ​ជា​យ៉ាង​ណា ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនពេលទទួលបានការប្រឹក្សា” ។

មេធាវី Teranishi Tamko បាននិយាយថា “ភាគច្រើនជនរងគ្រោះមិនអាចចេញមុខរាយការណ៍នោះទេ។ ព្រោះជនល្មើសជាមនុស្សដែលពួកគេស្គាល់ ដូច្នេះ​ការ​ដាក់​ពាក្យ​បណ្តឹង​អាច​មាន​ហានិភ័យ​ខ្ពស់។ មនុស្សជាច្រើនមានបញ្ហាផ្លូវ​ចិត្តដោយសាររងការបំពានផ្លូវភេទ។ ការរៀបរាប់និយាយរឿងក្នុងចិត្តប្រាប់នរណាម្នាក់អាចជួយអោយជនរងគ្រោះ​មាន​ភាព​ក្លា​ហាន​ឆ្ពោះ​ទៅ​មុខ” ។

Aya បាន​និយាយ​ថា៖ “ខ្ញុំមិនចង់អោយគ្រប់គ្នាដឹងថា ខ្លួនធ្លាប់រងការបំពានផ្លូវភេទឡើយ។ ទោះជាយ៉ាងណា ខ្ញុំកំពុងចែករំលែករឿងទាំងនេះ ដោយសង្ឃឹមថាអាចជួយដល់ជនគ្រោះដែលកំពុងទ្រាំដូចជាខ្ញុំ។ រងការបំពានផ្លូវ​ភេទ​គួរ​អោយ​អាម៉ាស់​ដែរ​ទេ? អត់ទេ អ្នកដែលធ្វើបែបនេះទើបខ្មាស​គេ។ យើងត្រូវរស់នៅក្នុងពិភពដែលគ្រប់គ្នាអាច​និយាយ​ថា​ខ្លួន​ជា​ជន​រង​គ្រោះ” ។ 

មេធាវី និងអង្គការមិនរកប្រាក់ចំណេញកំពុងខំប្រឹងជួយគាត់ ប្រសិនបើអាចចែករំលែកប្រាប់អ្នករាល់គ្នាលឿនជាង​នេះ ប្រហែល​ជា​គាត់​មិន​ចាំបាច់ឆ្លងកាត់ការឈឺចាប់ និងភាពបាត់បងរហូតដល់ពេលនេះឡើយ។

ប្រភព៖ TBS News Dig

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: