ស្នាដៃរបស់អ្នកនិពន្ធ Dazai Osamu ស្រាប់តែទាក់ទាញប្រិយមិត្តអ្នកអានលើបណ្តាញសង្គមព្រោះតែ

លោក Dazai Osamu ជាអ្នកនិពន្ធជនជាតិជប៉ុនដែលល្បីឈ្មោះមួយរូបក្នុងសតវត្សទី ២០ ។ ស្នាដៃរបស់លោកបង្កប់​​នូវអត្តន័យ​​ទុទិដ្ឋិនិយម ដែល​ទាក់​ទងនឹងភាពអន់ថយ និងការធ្វើអត្តឃាត។

អំឡុងពេលជិតមួយសតវត្សរ៍មកហើយដែលលោក Dazai Osamu និងស្នាដៃរបស់គាត់ស្ទើរតែគ្មានអ្នកស្គាល់ ប៉ុន្តែថ្មីៗនេះ ស្រាប់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពី​អ្នក​ប្រើ​បណ្តាញ​សង្គម TikTok ។ ទស្សនៈរបស់លោកចំពោះ​ជីវិត និងការស្លាប់​បន្ត​ទាក់​ទាញ​អ្នក​អាន​វ័យ​ក្មេង​ជា​ច្រើន។

អ្នកនិពន្ធ Dazai Osamu រូបថតនៅខែកុម្ភៈ ឆ្នាំ ១៩៤៨ ។

ជាដំបូងចាប់ផ្តើមដោយបទភ្លេងពិសេស ការសណ្តំដែលរួមបញ្ចូលរវាងតន្ត្រី និង​ការ​សន្ទនាដូចតទៅ៖ “Tell me, Dazai. Why is it you wish to die?” (ប្រាប់ខ្ញុំមក Dazai ហេតុអ្វីបានជាអ្នកចង់ស្លាប់?) សំឡេងមួយសួរ។ “Let’s turn that question around. Is there really any value to this thing we call … living?” (សូមលើកសំណួរនោះឡើង​​វិញ។ តើ​​ពិត​​ជា​មាន​​តម្លៃ​ចំពោះអ្វីដែល​យើង​ហៅ​ថា… ការ​រស់​នៅ?) សំឡេងមួយផ្សេងទៀតតប។

ចាប់តាំងពីពេលនោះមក ជិត ៧៥០០ វីដេអូនៅលើ TikTok ត្រូវបានបង្ហោះជាមួយនឹងបទភ្លេងនេះ។ អ្នកប្រើមួយចំនួនភ្ជាប់ការសន្ទនាជា​មួយ​ប្រភេទ​បទ​ភ្លេង​ខុសៗ​គ្នា ប៉ុន្តែ​ជា​ទូទៅ ភាគ​ច្រើន​វីដេអូ​ខ្លីសុទ្ធតែមានរូបភាពសៀវ​ភៅ​ប្រលោម​​លោក No Longer Human ​របស់​លោក Osamu Dazai និងការដកស្រង់ខ្លះក្នុងនោះ។

ប្រលោមលោក No Longer Human (បោះពុម្ពលើកដំបូងក្នុងឆ្នាំ ១៩៤៨) ជាស្នាដៃដែលនិយាយអំពីភាពអន់ថយ និងបញ្ហាក្នុងជីវិត ដែលត្រូវបានគេចាត់ទុកជាជីវប្រវត្តិរបស់លោក Dazai Osamu ។ ប្រលោមលោកត្រូវបានបញ្ចប់មុនពេលលោកសម្រេចចិត្តធ្វើអត្តឃាតលើកទី ៥ ហើយចាកចេញជារៀងរហូត។

បើតាម The New York Times ថ្វីត្បិតតែស្នាដៃទាំងនោះនៅតែត្រូវបានបោះពុម្ពយ៉ាងទៀងទាត់ ប៉ុន្តែឈ្មោះរបស់លោក Dazai ស្ទើរតែគ្មានអ្នកស្គាល់ដោយសារស្នាដៃល្បីជាច្រើនផ្សេងទៀត។ ឥឡូវនេះ ស្នាដៃរបស់លោកត្រូវបានដាក់​តាំង​តាម​បណ្ណា​គារ​ធំៗ​ដូចជា Barnes & Noble ដោយមួយចំនួនរៀបចំសម្រាប់ការចេញផ្សាយឡើងវិញ និងការបកប្រែថ្មីៗកំពុងដំណើរការ។

ការវិលត្រឡប់មកវិញរបស់ Dazai Osamu មួយផ្នែកដោយសារសៀវភៅរឿង និងរឿងគំនូរជីវចល Bungo Stray Dogs និយាយ​ពី​ក្រុម​ស៊ើបអង្កេតដែលមានកម្លាំងអរូបី និងត្រូវបានបំផុសគំនិតដោយអ្នកនិពន្ធបុរាណជប៉ុន។ Dazai ជា​តួអង្គ​ដែល​មាន​ភាព​ទាក់​ទាញ មានលក្ខណៈស្រដៀងនឹងលោក Dazai Osamu តែងតែសញ្ជឹងគិត និងប៉ុនប៉ងធ្វើអត្តឃាតជានិច្ច។ ទោះបីជាដំណើររឿងផ្តោតលើភាពកំប្លែង ប៉ុន្តែវាបានធ្វើឱ្យអ្នកអានវ័យក្មេងជាច្រើនស្វែងយល់​អំ​ពី​តួអង្គ Dazai ក្នុង​ជីវិត​ពិត។

អ្នកនិពន្ធ Andrew Martin បាននិយាយថា៖ “សម្រាប់អ្នកដែលចាប់អារម្មណ៍ខ្លាំងលើអក្សរសិល្ប៍ជប៉ុនសម័យក្រោយសង្គ្រាម និងស្ទើរតែមិនដឹងអំពី TikTok, anime ឬ manga (ខ្ញុំប្រាកដជាមិនមែនមនុស្សតែមួយគត់នោះទេ) ការ​រួម​បញ្ចូល​កត្តា​ទាំង​នេះ​ពិត​ជា​ពិបាក​យល់” ។ ទោះជាយ៉ាងណា លោកយល់ថាគំនិតទុទិដ្ឋិនិយមរបស់ Dazai ស្រប​នឹង​វប្បធម៌​សហ​សម័យ និង​ជីវិត​របស់​យុវវ័យ​គ្រប់​សម័យ​កាល។

លោកបានបន្ថែមថា “យុវជនកុំអានច្រឡំ Dazai ប្រសិនបើនោះជាអ្វីដែលអ្នករាល់គ្នាព្រួយបារម្ភ។ ផ្ទុយទៅវិញ ពួកគេបានរកឃើញអ្នកដែលអាច​បង្ហាញ​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន។ យ៉ាងណាអ្វីដែលចម្លែក ភាពអស់សង្ឃឹមរបស់ Dazai បែរជាមាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង” ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: