សិស្សប្រុសចាក់គ្រូបង្រៀនជាច្រើនកាំបិត និងជាអ្នកបំបែកសាកសពឆ្មាយកទៅចោលគ្រប់កន្លែង
បើតាម Japan Times ជនសង្ស័យត្រូវចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីកាន់កាំបិតសម្រុកចូលវិទ្យាល័យ Misasa ទីក្រុង Toda ខេត្ត Saitama ប្រទេសជប៉ុន។ នៅពេលនោះ សាលាកំពុងរៀបចំការប្រឡង។
គ្រូបង្រៀនអាយុ ៦០ ឆ្នាំ ដែលកំពុងត្រួតពិនិត្យការប្រឡងបានកត់សម្គាល់ឃើញសិស្សប្រុសម្នាក់ និងព្យាយាមបញ្ឈប់ជននេះ ប៉ុន្តែភ្លាមៗនោះត្រូវសិស្សប្រុសចាក់ជាច្រើនកាំបិត។ ក្រោយមកជនសង្ស័យត្រូវគ្រូ និងបុគ្គលិកសាលាឃាត់ខ្លួន។
រូបភាព៖ Japan Times
យោងតាមក្រុមប្រឹក្សាអប់រំក្រុង ជនរងគ្រោះនៅតែដឹងខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ និងរបួសដែលមិនគ្រោះថ្នាក់ដល់ជីវិត ក្នុងសាលាមិនមានសិស្សរបួសឡើយ។
ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា ជនសង្ស័យបានសារភាពទង្វើ ដោយនិយាយថា ខ្លួនចង់សម្លាប់មនុស្ស ហើយមិនខ្វល់ថាជានរណានោះទេ។
ចំណុចដែលគួរអោយកត់សម្គាល់ យុវជនរូបនេះក៏ធ្លាប់សារភាពថាបានសម្លាប់ឆ្មាបំបែកសាកសព ហើយបោះចោលនៅគ្រប់ទីកន្លែង។
មុននោះ យ៉ាងហោចណាស់មាន ៥ ករណីរកឃើញសាកសពឆ្មានៅទីធ្លា និងឧទ្យាទីក្រុង ខេត្ត Saitama ត្រូវបានរាយការណ៍កាលពីខែកុម្ភៈ។ ករណីដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី ១៣ ខែកុម្ភៈ នៅពេលដែលជើងខាងមុខរបស់ឆ្មាពណ៌សត្រូវបានប្រទះឃើញនៅលើកៅអីថ្មក្នុងឧទ្យាន។
ប៉ុន្មានថ្ងៃជាបន្តបន្ទាប់ ក្បាល និងជើងរបស់ឆ្មាត្រូវបានគេរកឃើញតាមផ្លូវ។ ឆ្អឹងលលាដ៍ក្បាលឆ្មាមួយផ្នែកត្រូវគេប្រទះឃើញព្យួរនៅសាលាបឋម។
ដោយបាម្ភខ្លាច “ឃាតករឆ្មា” បង្កគ្រោះថ្នាក់ដល់កុមារ ប៉ូលិស ឪពុកម្តាយ និងសាលាបឋមសិក្សាបានពង្រឹងការដើរល្បាតតាមកន្លែងប្រទះឃើញសពឆ្មា ជូនដំណើរកុមារត្រឡប់ទៅផ្ទះ ឬនាំកុមារដើរជាក្រុម។
នៅប្រទេសជប៉ុន អ្នកដែលត្រូវកាត់ទោសសម្លាប់ ឬធ្វើបាបសត្វត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៥ លានយ៉េន។
ធ្លាប់មានករណីស្រដៀងគ្នានេះកើតឡើងកាលពីមុន ក្នុងឆ្នាំ ១៩៩៧ ជនរងគ្រោះពីរនាក់ដែលមានអាយុ ១០ ឆ្នាំ និង ១១ ឆ្នាំ ត្រូវសម្លាប់នៅ Kobe ដោយសិស្សប្រុសអាយុ ១៤ ឆ្នាំក៏ធ្លាប់សម្លាប់ឆ្មាផងដែរ។
ប្រភព៖ Skydoor