តុក្កតា Kokeshi ជានិមិត្តរូបតំណាងតំបន់ទេសចរណ៍ Naruko Onsen
ពេលរំលឹកដល់ជ្រោះទឹកក្តៅ Naruko Onsen ស្ថិតនៅទីក្រុង Osaki ខេត្ត Miyagi អ្នករាល់គ្នាប្រាកដជានៅចាំតុក្កតា Kokeshi ប្រៀបដូចជានិមិត្តរូបតំណាងអោយទីក្រុងទាំងមូល។
ទូទូរស័ព្ទដែលមានរូបតំណាងក្បាលតុក្កតា Kokeshi
នៅ Naruko Onsen អ្នកនឹងឃើញតុក្កតា Kokeshi នៅគ្រប់ទីកន្លែងដូចជាតាមផ្លូវ ឬចិញ្ចើមផ្លូវជាដើម។ ទោះជាយ៉ាងណា នៅ Naruko Onsen ទិដ្ឋភាពទាំងនេះហាក់ដូចជាលែងឃើញទៀតហើយ។ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ទូទូរស័ព្ទដែលមានក្បាលតុក្កតា Kokeshi ត្រូវបានគេដកចេញព្រោះវាចាស់ពេក។
ទូទូរស័ព្ទនេះមើលទៅគួរឱ្យស្រលាញ់ ថែមទាំងត្រូវបានគេចាត់ទុកជា “វត្ថុកម្រ” នៅជប៉ុនផងដែរ។ ព្រោះទីនេះធ្លាប់ជាកន្លែងថតរូបដ៏ល្បីសម្រាប់ភ្ញៀវទេសចរណ៍ជាច្រើនឆ្នាំមកហើយ។
អារម្មណ៍សោកស្តាយមិនដាច់ចិត្តនឹងវត្ថុដែលធ្លាប់ជានិមិត្តសញ្ញាទេសចរណ៍របស់ទីក្រុងត្រូវគេដកចេញ ដោយសារតែវាចាស់ពេក។
លោកស្រី Tanabe Kaori ដែលជាសមាជិកជួយស្តារសហគមន៍ក្នុងតំបន់បាននិយាយថា “មនុស្សជាច្រើនពឹងឱ្យខ្ញុំថតរូបទុកជាវត្ថុអនុស្សាវរីយ៍ ការរុះរើទូទូរស័ព្ទធ្វើឱ្យពួកគេមានអារម្មណ៍សោកស្តាយណាស់” ។
លោកស្រី Kaori Tanabe បានបន្ថែមថា “ខ្ញុំសង្ឃឹមថា KoKeshi នៅតែជានិមិត្តរូបទេសចរណ៍សម្រាប់ភ្ញៀវដែលមកលេង Naruko នាពេលអនាគត។ ខ្ញុំគិតថាប្រអប់សំបុត្រពណ៌ក្រហមក្បែរនោះប្រាកដជាពិបាកចិត្តពេលបែកពីមិត្តរបស់វា” ។
លោក Okazaki Yasuo ដែលជាសិល្បករធ្វើតុក្កតា Kokeshi នៅរោងផលិតទូទូរស័ព្ទអស់រយៈពេល ៥០ ឆ្នាំនិយាយថា “”ខ្ញុំមានអារម្មណ៍ឯកកោនៅពេលដែលទូទូរស័ព្ទលែងមានទៀត។ ខ្ញុំគិតថាតុក្កតា Kokeshi បន្តនៅទីនេះ” ។
តើនរណាជាអ្នកដាក់ក្បាលតុក្កតា Kokeshi នៅលើទូទូរស័ព្ទនេះ? មិនដឹងថាមានអាថ៌កំបាំងអ្វីដែរទេ?
នេះបើតាមអាជ្ញាធរក្រុង Osaki បានអោយដឹង “មិនដឹងតាំងពីពេលណា ឬអ្នកណាជាអ្នកដាក់បន្ថែមក្បាលតុក្កតា Kokeshi លើទូទូរស័ព្ទឡើយ។ ក្នុងរូបថតដែលត្រូវបានបោះពុម្ពលើទស្សនាវដ្តីនៅឆ្នាំ ១៩៧៧ គេមិនទាន់ឃើញមានតុក្កតា Kokeshi លើទូទូរស័ព្ទនោះទេ។ ទោះជាយ៉ាងណា តាំងពីឆ្នាំ ១៩៨៤ គេចាប់ផ្តើមឃើញតុក្កតា Kokeshi ដាក់លើនោះ” ។
ទូទូរស័ព្ទរាង Kokeshi ចាប់ផ្តើមពេញនិយមចាប់ពីសម័យ Showa មកម្ល៉េះ។ បន្ទាប់ពីរុះរើទូទូរស័ព្ទ ទីក្រុងនឹងទទួលបន្តក្បាលតុក្កតា Kokeshi នេះ ហើយពិភាក្សាជាមួយសមាគមទេសចរណ៍មូលដ្ឋានចំពោះការប្រើប្រាស់។
ប្រភព៖ TBS News Dig
hinhin