និស្សិតជប៉ុនមួយរូបជះទឹកអាស៊ីតមកលើមិត្តចាស់ដោយសារមូលហេតុ
តុលាការជប៉ុនបានកាត់ទោសដាក់ពន្ធនាគារនិស្សិតប្រុសម្នាក់ពីបទជះទឹកអាស៊ីតទៅលើមិត្តចាស់នៅស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងតូក្យូ។
យោងតាមការចោទប្រកាន់បានឱ្យដឹងថា នៅយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ បុគ្គលឈ្មោះ Hirotaka Hanamori បានជះទឹកអាស៊ីតមកលើបុរសអាយុ ២២ ឆ្នាំម្នាក់ ខណៈដែលបុគ្គលរូបនេះកំពុងជិះជណ្តើរយន្តនៅស្ថានីយ៍រថភ្លើងក្រោមដី Shirokane-takanawa ទីក្រុងតូក្យូ។ លទ្ធផលបណ្តាលឱ្យជនរងគ្រោះរលាកមុខ និងរបួសភ្នែកទាំងសងខាង។
ប៉ូលិសស៊ើបអង្កេតនៅកន្លែងកើតហេតុ។ រូបភាព៖ Kyodo News
កាលនោះ Hanamori ជានិស្សិតមហាវិទ្យាល័យ ត្រូវគេតាមចាប់ខ្លួនទូទាំងប្រទេសបន្ទាប់ពីបង្កហេតុ។ ដំបូងឡើយ Hanamori ចាកចេញពី Tokyo ទៅនៅ Shizuoka ក្រោយមកហោះទៅដល់ Okinawa ។ នៅទីនោះ ត្រឹមអំឡុងពេលប៉ុន្មានថ្ងៃ Hanamori ត្រូវចាប់ខ្លួន។ ក្នុងសវនាការដំបូងកាលពីខែកញ្ញា ឆ្នាំ ២០២២ Hanamori បានសារភាពកំហុស។
នៅតុលាការក្រុងតូក្យូ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ចំពោះករណីរបស់ Hanamori ព្រះរាជអាជ្ញាបានស្នើឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។ ក្រុមមេធាវីការពារក្តីរបស់ Hanamori បានស្នើឱ្យចុងចោទទទួលការព្យួរទោស ដោយនិយាយថា Hanamori សោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួន។
យោងតាមសេចក្តីសម្រេចរបស់ចៅក្រម Masaru Nomura ចុងចោទ Hanamori ធ្លាប់ត្រូវជនរងគ្រោះសើចចំអក ហើយភ័យខ្លាចបុគ្គលរូបនេះនឹងធ្វើបាបខ្លួន។ តាមបទពិសោធកន្លងមកបានធ្វើឱ្យ Hanamori យល់ថាខ្លួនកំពុងក្លាយជាគោលដៅរបស់ជនរងគ្រោះ។ ចៅក្រមបានវិនិច្ឆ័យថា Hanamori រងផលប៉ះពាល់ដោយសារជំងឺអូទីសឹម និងបានរៀបចំគម្រោងវាយប្រហារ “ដោយការតាំងចិត្តខ្ពស់ និងរៀបចំហ្មត់ចត់” ។
ចុងចោទបានបង្ករបួសដល់បុគ្គលដែលធ្លាប់ចូលរួមក្នុងសាកលវិទ្យាល័យពីមុនរបស់ខ្លួន។ ក្រោយមក Hanamori ចូលរៀននៅសកលវិទ្យាល័យផ្សេង នេះបើយោងតាមសារព័ត៌មាន Kyodo News ។
ប្រភព៖ Kyodo News