រឿងតំណាលនិយាយអំពី “ប្រាសាទលែងលះ” ក្នុងប្រទេសជប៉ុន
អំឡុងពេលជាង ៦០០ ឆ្នាំមកហើយ ដែលប្រាសាទ Matsugaoka Tōkei-ji នៅទីក្រុង Kamakura ខេត្ត Kanagawa ប្រទេសជប៉ុន ធ្លាប់ជាទីជ្រកកោនសម្រាប់ស្រ្តីដែលរងអំពើហិង្សារបស់ស្វាមី។
នៅសម័យនោះ ស្រ្តីជប៉ុនគ្មានសិទ្ធិលែងលះប្តីនោះទេ ដូច្នេះហើយ មធ្យោបាយតែមួយគត់សម្រាប់ស្រ្តីដែលត្រូវប្តីប្រើអំពើហិង្សាគឺទៅជ្រកកោននៅប្រាសាទព្រះពុទ្ធសាសនានេះ។ ក្រោយពេលបម្រើក្នុងវត្តអារាមបានប៉ុន្មានឆ្នាំ ស្ត្រីដែលមក Tōkei-ji ត្រូវបានជួយឲ្យលែងលះប្តី។ ដូច្នេះអំឡុងពេលនោះ ប្រាសាទត្រូវបានគេហៅថា Enkiri-dera (ប្រាសាទកាត់ផ្តាច់ចំណង) Kakekomi-dera (ប្រាសាទជាទីជ្រកកោន) ឬ (ប្រាសាទលែងលះ) ។
ច្រកទ្វារធំប្រាសាទ Tokeiji, Kamakura ។ រូបភាព៖ Toshihiro Gamo
ប្រាសាទ Matsugaoka Tōkei-ji ត្រូវបានកសាងឡើងក្នុងឆ្នាំ ១២៨៥ ដោយ Horiuchi ដែលជាភរិយារបស់ Hōjō Tokimune ជាប្រឹក្សាទី ៨ របស់ Bakufu Kamakura ។ Horiuchi កើតនៅឆ្នាំ ១២៥២ ក្នុងត្រកូល Adachi មានអំណាច និងសម្ព័ន្ធមិត្តរបស់ Hōjō ។ បន្ទាប់ពីឪពុករបស់នាងបានស្លាប់ នៅពេលដែល Horiuchi មានអាយុទើបតែ ១ ឆ្នាំ នាងត្រូវបានបងប្រុសឈ្មោះ Adachi Yasumori ជាអ្នកស្នងតំណែង Yoshikage ក្នុងនាមជាអ្នកនាំមុខត្រកូលចិញ្ចឹមបីបាច់។
អនាគតស្វាមីរបស់ Horiuchi ឈ្មោះ Tokimune កើតនៅឆ្នាំ ១២៥១ ហើយធំឡើងក្នុងវិមាន Adachi នៅ Kamakura ។ អ្នកទាំងពីរស្គាល់គ្នាតាំងពីក្មេង Horiuchi បានរៀបការជាមួយ Tokimune តាំងពីអាយុ ៩ ឆ្នាំ។ ក្រោយពេលរៀបការ ពួកគេផ្លាស់ពី Adachi ទៅនៅផ្ទះរបស់ Tokimune ។ ជិត ៧ ឆ្នាំក្រោយមក Tokimune ក្លាយជាអ្នកប្រឹក្សារបស់ Shōgun ជាបុរសដែលខ្លាំងជាងគេក្នុងប្រទេស។
ទាំង Horiuchi និង Hōjō Tokimune សុទ្ធតែជាអ្នកខ្នះខ្នែងខាងសមាធិ Zen ។ នៅពេលនោះ Tokimune ស្រាប់តែធ្លាក់ខ្លួនឈឺក្នុងឆ្នាំ ១២៨៤ គាត់ និងប្រពន្ធ Horiuchi កោរសក់ ស្លៀកស្បង់ចីពរ។ Tokimune យកឈ្មោះថា Hokoji-dono Doko ចំណែកភរិយាយកឈ្មោះ Kakusan Shidō ។ មិនយូរប៉ុន្មាន Tokimune បានទទួលមរណភាព ចំណែកប្រពន្ធរបស់លោកបានប្តេជ្ញាចិត្តកសាងប្រាសាទទីសក្ការៈបូជាដើម្បីជាកិត្តិយសសម្រាប់លោក។
សាលធំប្រាសាទ Tokeiji, Kamakura ។ រូបភាព៖ Toshihiro Gamo
ដំបូងឡើយ Horiuchi គ្មានបំណងធ្វើឲ្យ Tōkei-ji ក្លាយជាកន្លែងជ្រកកោនសម្រាប់ស្រ្តីដែលត្រូវប្តីធ្វើបាបឡើយ។ ទោះជាយ៉ាងណា ក្នុងអំឡុងពេល ២ សតវត្សចុងក្រោយនៃសម័យ Tokugawa ប្រាសាទ Tōkei-ji បានក្លាយជាកន្លែងផ្តល់សេរីភាពដល់ស្រ្តីដែលអភ័ព្វ។
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ Horiuchi ថែមទាំងបានសុំឲ្យកូនប្រុសរបស់ខ្លួន Sadatoki អនុម័តច្បាប់ Tōkei-ji ដើម្បីជួយស្ត្រីដែលចង់លែងលះប្តីផងដែរ។ Sadatoki ដាក់សំណើទៅកាន់ស្តេច ដែលជាអ្នកសម្រេចចុងក្រោយ។ ដំបូង អំឡុងពេលបម្រើនៅប្រាសាទត្រូវបានកំណត់ ៣ ឆ្នាំ ប៉ុន្តែក្រោយមកកាត់បន្ថយមកត្រឹម ២ ឆ្នាំ។
ការលែងលះមាន ២០០០ ករណីត្រូវបានដោះស្រាយនៅ Tōkei-ji ក្នុងសម័យ Tokugawa ។ ទោះជាយ៉ាងណា ចាប់តាំងពីឆ្នាំ ១៨៧៣ ករណីលែងលះទាំងអស់ត្រូវបានដោះស្រាយដោយតុលាការយុត្តិធម៌ជប៉ុន។
បន្ទាប់ពីពេលនោះ ប្រាសាទនៅតែជាកន្លែងសម្រាប់ស្ត្រី ចំណែកបុរសមិនអាចចូលរហូតដល់ឆ្នាំ ១៩០២ នៅពេលដែលប្រាសាទមានចៅអធិការជាបុរស ហើយ Tōkei-ji បានក្លាយជាផ្នែកមួយនៃទីសក្ការៈបូជា Engaku-ji ។
ប្រភព៖ AP