ក្រុមចោរលួចចូលការិយាល័យក្នុងទីក្រុងតូក្យូ និងប្លន់ប្រាក់ចំនួន ៩ លានយ៉េន
នៅម៉ោងប្រហែល ២ៈ៣០ នាទីរសៀល ថ្ងៃទី ២១ ខែកុម្ភៈ បុរសមួយក្រុមមានគ្នា ៤ នាក់បានចូលទៅកាន់ការិយាល័យហាងលក់ឧបករណ៍អេឡិចត្រូនិកនៅ Kumanocho ទីក្រុងតូក្យូ។ ជនទាំងនេះប្រើដបស្រៃយ៍បាញ់ចូលមុខបុគ្គលិកស្រីម្នាក់ដែលមានវ័យប្រហែល ២០ ឆ្នាំ បន្ទាប់មកបានប្លន់ប្រាក់ចំនួន ៩ លានយ៉េនរួចឡើងឡានរត់គេចខ្លួន។
ក្នុងចំណោមបុគ្គល ៤ នាក់មាន ២ នាក់ពាក់អាវក្រៅពណ៌ខៀវ និងអាវចំណាំងផ្លាត ពាក់មួកសុវត្ថិភាពដូចកម្មករសំណង់។ ២ នាក់ទៀតពាក់អាវក្រៅប៉ារ៉ា និងអាវ hoodie ខ្មៅមានមួកបិទបាំងមុខ។
អំឡុងពេលកើតហេតុ បុរសម្នាក់ដែលធ្វើការនៅក្រុមហ៊ុនក្បែរនោះបាននិយាយថា៖ “ខ្ញុំមិនបានដឹងច្បាស់ពីហេតុការណ៍នោះទេ រហូតដល់ប៉ូលិសមកដល់។ ពិតជាគួរអោយខ្លាចណាស់ ដែលករណីប្លន់កើតឡើងនៅជិតក្រុមហ៊ុនខ្ញុំបែបនេះ។ ខ្ញុំគិតថា ក្រុមហ៊ុនរបស់ខ្ញុំក៏ត្រូវការពារទូដែកដោយប្រុងប្រយ័ត្នផងដែរ” ។
កន្លែងកើតហេតុស្ថិតក្នុងតំបន់លំនៅឋានមានចម្ងាយពីស្ថានីយ៍ Shimoitabaku ប្រហែល ៨០០ ម៉ែត្រភាគនិរតី។ បើតាមសមត្ថកិច្ច ល្បិច និងវិធីធ្វើសកម្មភាពរបស់ក្រុមចោរមិនដូចករណីប្លន់មុនៗឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកកន្លែងលាក់ខ្លួនរបស់ចោរទាំង ៤ នាក់នេះ។
ប្រភព៖ NHK
JAPO