ព្រះចៅអធិរាជជប៉ុន Naruhito មានព្រះបន្ទូលក្នុងឳកាសចម្រើនព្រះជន្ម ៦៣ ព្រះវស្សា

ព្រះចៅអធិរាជជប៉ុន Naruhito ចម្រើនព្រះជន្ម ៦៣ ព្រះវស្សា។ មុនថ្ងៃចម្រើនព្រះជន្មមួយថ្ងៃ ព្រះ​ចៅ​អធិរាជ​បាន​ថ្លែង​​សុន្ទរក​ថា​​ទៅ​​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅវិមានអធិរាជក្នុងទីក្រុងតូក្យូ។

ព្រះចៅអធិរាជ Naruhito និងមហេសី Masako បានបន្តដំណើរទស្សនកិច្ចក្នុងស្រុកតាំងពីឆ្នាំមុន បន្ទាប់ពីផ្អាកអស់​រយៈ​ពេល​ជិត ៣ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ។

ទ្រង់ទាំង ២ បានទៅកាន់ខេត្ត Okinawa កាលពីខែតុលាឆ្នាំមុន ដោយគម្រប់ខួប ៥០ ឆ្នាំចាប់ពីពេលដែលសហរដ្ឋ​អាមេរិក​បាន​ប្រគល់​ខេត្ត​នេះ​​ឱ្យ​​ជប៉ុន​​វិញ។

ព្រះចៅអធិរាជមានបន្ទូលថា ទ្រង់មានព្រះទ័យដឹងគុណយ៉ាងខ្លាំងដែលបានជួប និងសំណេះសំណាលជាមួយប្រជា​ជន​នៅ Okinawa ។

ក្រៅពីរំលឹកពីដំណើរ​ទស្សនកិច្ច​ ទ្រង់មានប្រសាសន៍ជា​ថ្មី​ម្តង​ទៀតថា យល់អំពីសារៈសំខាន់​នៃ​សន្តិភាព។

ព្រះចៅអធិរាជ និងម្ចាស់ក្សត្រីបានចូលរួមពិធីបុណ្យសពជាតិរបស់ម្ចាស់ក្សត្រី Elizabeth កាលពីខែកញ្ញាឆ្នាំមុន។

ទ្រង់បង្ហាញពីព្រះទ័យដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យសប្បុរសរបស់ព្រះមហាក្សត្រិយានី ខណៈពេលដែលព្រះ​អង្គ​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Oxford និងអំឡុងពេលទស្សនកិច្ចជាបន្តបន្ទាប់នៅចក្រភពអង់គ្លេស។

ព្រះ​ចៅ​អធិរាជ​ក៏​បានបង្ហាញការ​ដឹង​គុណ​ចំពោះមហេសី Masako ផងដែរ។ នៅខែមិថុនាខាងមុខជា​ខួប​អាពាហ៍​ពិពាហ៍​​គម្រប់​ ៣០ ឆ្នាំ​របស់​ទ្រង់​ទាំង​ពីរ​។

ទ្រង់មានព្រះបន្ទូលថា ម្ចាស់ក្សត្រីជាមនុស្សដែលមានតម្លៃ ជាអ្នកគាំទ្រសកម្មភាពប្រចាំថ្ងៃរបស់ទ្រង់ ហើយក៏ជាអ្នក​ដែល​ទ្រង់​អាច​ចែក​រំលែក​គ្រប់​យ៉ាង ទាំងរឿងខាងក្រៅ និងក្នុងគ្រួសារ។

ព្រះអង្គ​មាន​បន្ទូល​ទៀតថា ជា​រៀង​រាល់​ថ្ងៃម្ចាស់ក្សត្រីតែងតែថែទាំព្រះ​បុត្រីរបស់ទ្រង់ទាំងពីរ គឺព្រះនាង Aiko និង​ដឹង​​គុណ​​យ៉ាង​​ខ្លាំង​​ដែល​មហេសី​បាន​ធ្វើ​ឱ្យ​ជីវិត​របស់​ទ្រង់​មានក្តីសុខ និង​ភាព​កក់ក្ដៅ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: