ស្រុតដំបូលហាង 7-Eleven នៅ Hokkaido មូលហេតុ​បណ្តាលមកពី

នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ហាង​លក់​ទំនិញ 7-Eleven ក្នុងទីក្រុង Nayoro នៅ Hokkaido ពិដានបាន​បាក់​ស្រុត​។ សំណាងផ្ទាំងកញ្ចក់លើជញ្ជាំងគ្រាន់តែផ្អៀង និងប្រេះប៉ុណ្ណោះ។ នៅពេលនោះ មានអតិថិជនពីរនាក់ និងបុគ្គលិកពីរ​នាក់​ក្នុង​ហាង អ្នក​ទាំងអស់គ្នាត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិនមានអ្នករងរបួសនោះទេ។

ហាងមានទីតាំងនៅតំបន់ដែលមានព្រិលធ្លាក់ខ្លាំង និងមានសីតុណ្ហភាពប្រហែល​ ១,៧ អង្សា។ បរិមាណព្រិលធ្លាក់ច្រើនបណ្តាល​ឱ្យ​ទម្ងន់​ព្រិល​នៅ​លើ​ដំបូលកាន់តែធ្ងន់។ យ៉ាង​ណា​មិញ ហាងត្រូវបានសាងសង់ទើបតែបាន ៥ ទៅ ៦ ឆ្នាំ ដូច្នេះ​នៅ​ថ្មី​នៅ​ឡើយ។ ហេតុ​អ្វីបានជាស្រុតដូចខាងលើ? តើហាងលក់ទំនិញផ្សេងទៀតអាចនឹងស្រុតដែរទេ?

សាស្ត្រាចារ្យ Takahiro Chiba នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ Hokkaido ដែលជាអ្នកមានបទពិសោធន៍ខាងទប់ទល់នឹងព្រិលធ្លាក់សម្រាប់អគារនានា បានចង្អុលបង្ហាញដូចខាងក្រោម៖

“នេះជាករណីដែលកម្រឃើញ ប្រសិនបើអគារមានសភាពល្អប្រាកដជាមិនងាយខូចដូចនេះទេ។ ប្រហែលជាកន្លែងមួយចំនួនក្នុងហាងខូច ចំណែកកន្លែងខ្លះមានសភាពល្អ។ ប្រសិន​បើហាងស្រុត​ដោយ​សារ​ទម្ងន់​ព្រិល នោះព្រិលនឹង​ធ្លាក់​ចូល​ក្នុង ប៉ុន្តែ​តាម​ដែល​ខ្ញុំ​ឃើញ​ហាង​មិន​ដល់​ថ្នាក់​នឹង​ទេ” ។

ជាពិសេសផ្ទះដែលគេប្រើធ្វើជាហាងលក់ទំនិញបែបនេះ ត្រូវតែមានការរចនាស្របតាមបទប្បញ្ញត្តិជាជាងលំនៅដ្ឋានធម្មតា។ បើតាមលោកសាស្ត្រាចារ្យ អាជ្ញាធរត្រូវស្រាវជ្រាវរកមូលហេតុពិដានស្រុត បន្ទាប់មកក៏ធ្វើការត្រួតពិនិត្យ​ហាង​ផ្សេង​ទៀត​ដែល​មាន​រចនា​ស្រដៀង​គ្នា ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់អ្នករាល់គ្នា។

ប្រភព៖ TBS News Dig

hinhin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: