លោក Sugihara Chiune ជាអ្នកដែលធ្លាប់ជួយសង្គ្រោះជីវិតជនជាតិយូដាចំនួន ៦០០០ នាក់
តើអ្នកការទូត Sugihara Chiune បានជួយសង្គ្រោះជីវិតជនជាតិយូដា ៦០០០ នាក់ពីណាស៊ីអាឡឺម៉ង់ដោយរបៀបណា? ក្រោយមក ហេតុអ្វីបានជាលោកត្រូវក្រសួងការបរទេសដាក់ពិន័យ? តើមានរឿងអ្វីបានកើតកំឡុងសង្គ្រាមលោកលើកទី ២ ? ចូរយើងស្វែងយល់រឿងប្រវត្តិសាស្ត្រនេះជាមួយនឹង JAPO ទាំងអស់គ្នា។
នៅខែមេសា ឆ្នាំ ១៩៣៣ មេដឹកនាំណាស៊ីអាល្លឺម៉ង់នោះគឺ Hitler បានចាប់ផ្តើមយុទ្ធនាការសម្លាប់រង្គាលជនជាតិយូដាដោយអំពើព្រៃផ្សៃលើសពីការគិតរបស់មនុស្ស។ ព្រោះតែខ្លាចត្រូវគេចាប់ ជនជាតិយូដាជាច្រើនខំប្រឹងរកមធ្យោបាយរត់ទៅបរទេស ប៉ុន្តែរឿងនេះពិតជាពិបាកណាស់ ប្រសិនបើពួកគេមិនមានទិដ្ឋាការ។
នៅពេលនោះ ដោយសារជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាជាមួយអាឡឺម៉ង់ ដូច្នេះមិនអាចទទួលយកជនជាតិយូដាចូលប្រទេសបានឡើយ។ ទោះជាយ៉ាងណា ជនជាតិយូដាអាច “ភៀសខ្លួន” ទៅកាន់ប្រទេសផ្សេងទៀតតាមរយៈជប៉ុន។ ដូច្នេះហើយ ពួកគេនាំគ្នាទៅដល់ស្ថានទូតលីទុយអានី ជាកន្លែងដែលលោក Sugihara កំពុងធ្វើការ ដើម្បីសុំទិដ្ឋាការ។ យ៉ាងណា ក្រសួងការបរទេសជប៉ុននៅពេលនោះបានចេញបញ្ជាឱ្យផ្អាកចេញទិដ្ឋាការ។ ក្រោយពេលគិត និងពិចារណា ទីបំផុតលោក Sugihara បានសម្រេចចិត្ត។
អាទិភាពដំបូងគឺមនុស្សធម៌ និងសប្បុរសធម៌
លោកគិតថា ជួយសង្គ្រោះមនុស្សដែលកំពុងជួបការលំបាកមានអាទិភាពជាជាងការងារ ក៏ដូចជាបញ្ជារបស់ប្រទេស។ លោកព្យាយាមបំពេញនីតិវិធីចេញទិដ្ឋាការសម្រាប់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។ នៅពេលនោះ ឯកសារទាំងអស់ត្រូវសរសេរដោយដៃ ដូច្នេះហើយលោកខំប្រឹងធ្វើការរហូតដល់ថ្នាក់ដៃស្ទើរតែមិនអាចកម្រើកបាន។
ក្រសួងការបរទេសជប៉ុនខឹងយ៉ាងខ្លាំងចំពោះការមិនគោរពតាមបញ្ជារបស់លោក ហើយបានបញ្ជាឱ្យលោក Sugihara ចាកចេញពីស្ថានទូតភ្លាម។ រឿងនេះមិនបានធ្វើឱ្យលោក Sugihara បោះបង់ចោលនោះទេ លោកបន្តការងារដែលមិនទាន់បញ្ចប់នៅសណ្ឋាគារកន្លែងគាត់កំពុងស្នាក់នៅ។ នៅទីបំផុត លោកក៏បានសង្គ្រោះជីវិតជនជាតិយូដាចំនួន ៦០០០ នាក់។
ក្រោយពេលលោក Sugihara ត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់ទទួលបានលិខិតបណ្តេញចេញពីក្រសួងការបរទេស។ ថ្វីត្បិតតែបានជួយសង្គ្រោះជីវិតមនុស្ស ៦០០០ នាក់ លោក Sugihara នៅតែត្រូវបានវាយតម្លៃទាបបំផុត ដោយសារមូលហេតុមិនស្តាប់តាមបញ្ជារបស់រដ្ឋាភិបាល។ ក្រៅពីនេះ ទង្វើល្អរបស់លោកក៏មិនត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជប៉ុនដែរ។
ប្រហែលឆ្នាំ ១៩៦៨ ជប៉ុនចាប់ផ្តើមមានស្ថេរភាពក្រោយសង្គ្រាម។ អ្នកការទូតម្នាក់ឈ្មោះ Nishri ត្រូវបានចាត់អោយទៅស្ថានទូតអុីស្រាអែលប្រចាំនៅជប៉ុន។ គាត់ជាអ្នកដែលត្រូវបានលោក Sugihara ផ្តល់ទិដ្ឋាការអោយពីមុន។ គាត់ក៏ជាអ្នកដែលបានស្រែកខ្លាំងៗនៅស្ថានីយ៍ពេលអ្នកទាំងអស់គ្នាចេញដំណើរ៖ “លោក Sugihara យើងនឹងមិនបំភ្លេចគុណរបស់លោកឡើយ” “យើងនឹងជួបគ្នាម្តងទៀត” ។
អ្នកការទូត Nishiri ពិតជាតក់ស្លុតពេលដឹងថា ការផ្តល់ទិដ្ឋការដោយសារតែលោក Sugihara មិនគោរពតាមបញ្ជារបស់រដ្ឋាភិបាលជប៉ុន ហើយបានធ្វើឱ្យគាត់ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
ព្រោះតែមូលហេតុនេះ អ្នកស្ម័គ្រចិត្តរួមទាំង Nishiri បានប្តេជ្ញាចិត្តរួមគ្នាស្ដារកិត្តិយសរបស់លោក Sugihara ក្នុងប្រទេសអុីស្រាអែល និងជប៉ុនឡើងវិញ។
លោក Sugihara ជាមនុស្សក្លាហានដែលបានសម្រេចចិត្តត្រឹមត្រូវក្នុងនាមជាមនុស្ស ដោយមិនត្រឹមតែជាអ្នកការទូតប៉ុណ្ណោះទេ។ ក្រោយពេលស្តារកិត្តិយសឡើងវិញ រឿងនេះបានក្លាយជាការបំផុសគំនិតសម្រាប់រឿងល្ខោន ប្រលោមលោក និងភាពយន្តល្បីៗ។
តាមរយៈរឿងប្រវត្តិសាស្ត្រខាងលើនេះ ខ្ញុំគិតថា ជនជាតិជប៉ុនសព្វថ្ងៃគួរយកតម្រាប់តាមគំរូល្អនេះ។ យើងទាំងអស់គ្នា មិនថាពណ៌សម្បុរ ឬជាតិសាសន៍អ្វីក៏ដោយ សុទ្ធតែអាចជួយសង្គ្រោះពិភពលោកដែលគ្មានស្ថេរភាពនេះ ជាមួយនឹងគំនិតមនុស្សធម៌ដូចជាលោក Sugihara ផងដែរ។
Kengo Abe