នំដូណាត់សាគូរ៉ាដែលតំណាងអោយដំណាក់កាលនីមួយៗពេលផ្ការីក

ដំណាក់កាលផ្កាសាគូរ៉ារីកដំបូងរហូតដល់រីកស្គុះស្គាយ

រូបភាព៖ PR Times

នៅពេលដែលរដូវផ្កាសាគូរ៉ាមកដល់ អ្នកទាំងអស់គ្នាអាចទៅកាន់ខ្សែសង្វាក់ហាង Mister Donut ដើម្បីរកមើលថានឹងមានអ្វីពិសេស។

ក្នុងឆ្នាំនេះ Sakura Mochi Donut ប្រចាំឆ្នាំនឹងបង្ហាញខ្លួនឡើងវិញ ប៉ុន្តែ​លើក​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​នំ​ដូណាត់​ទាំង ៤ តំណាង​ឱ្យ​ដំណាក់​កាល​នីមួយៗ​ពេលផ្កាសាគូរ៉ារីក។

ជាដំបូងនោះគឺ “Tsubomi” (តម្លៃ ១៥១ យ៉េន ឬ ១.១២ ដុល្លារ) មានន័យថា “ផ្កាក្រពុំ” ក្នុងភាសាជប៉ុន។

រូបភាព៖ PR Times

នំដូណាត់មួយនេះត្រូវបានស្រោបស្រទាប់ស្ករ kinako (ម្សៅសណ្តែកសៀងលីង) ។ ដោយមានក្លិនម្សៅសណ្តែកសៀង និង​ក្លិន​ផ្កាសាគូរ៉ា​ស្រទន់​ដែល​រំលឹក​ដល់អំឡុងពេលផ្កាជិតរីក។

បន្ទាប់មកគឺផ្ការីកបាន ៥០ ភាគរយ (តម្លៃ ១៧២ យ៉េន)

រូបភាព៖ PR Times

ជាដំណាក់កាលបន្ទាប់អំឡុងពេលចេញផ្កា នំដូណាត់ត្រូវបានធ្វើឡើងស្រដៀងនឹងផ្កាកំពុងរីក ជាមួយនឹងក្រែម​មាន​រស​ជាតិ​ផ្កាសាគូរ៉ា និង​សូកូឡាស្ត្របឺរី​ពណ៌​ផ្កាឈូក​ស្រោបលើនំពាក់កណ្តាល។

ដំណាក់កាលបន្ទាប់មកទៀតគឺ “mankai” ឬ “full bloom” (តម្លៃ ១៧២ យ៉េន)

រូបភាព៖ PR Times

ដូចដែលអ្នករំពឹងទុក នំដូណាត់សាគូរ៉ានេះត្រូវបានស្រោបដោយកម្ទេចសូកូឡាពណ៌ផ្កាឈូក ដោយបង្ហាញពីទិដ្ឋភាព​ផ្កាសាគូរ៉ា​កំពុង​រីក។

នំដូណាត់ចុងក្រោយគឺ Hazakura (តម្លៃ ១៧២ យ៉េន)

រូបភាព៖ PR Times

“Hazakura” ជាពាក្យប្រើសម្រាប់សំដៅលើដើមសាគូរ៉ាដុះស្លឹកខ្ចី បន្ទាប់ពីផ្កាជ្រុះធ្លាក់។ ស្លឹកឈើដែលទើបនឹងដុះថ្មីត្រូវបានបង្ហាញតាមរយៈស្រទាប់សណ្តែកជាមួយនឹងស្លឹកផ្កាសាគូរ៉ា ដូច្នេះ​ពេល​ខាំ​ទៅ​មានអារម្មណ៍ថា រដូវផ្កាសាគូរ៉ា​​មក​ដល់ បន្ទាប់​មក​ដល់​រដូវ​ក្តៅ។

អ្នកអាចទិញនំនីមួយៗដោយឡែក ចំពោះអ្នកដែលចង់ភ្លក់នំដូណាត់តាមដំណាក់កាលនីមួយៗអាចទិញជា​ឈុត​បាន នំដូណាត់​ទាំង ៤ លក់​ក្នុងតម្លៃ ៦៦៧ យ៉េន។

រូបភាព៖ PR Times

នំដូណាត់មានលក់ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈរហូតដល់ចុងខែមីនានៅតាមហាង Mister Donut ទូទាំងប្រទេស។

ប្រភព៖ Sora News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: