ករណីប្លន់ជាបន្តបន្ទាប់កើតឡើងក្នុងទីក្រុង Nagano
នៅម៉ោងប្រហែល ១ ទៀបភ្លឺ ថ្ងៃទី ១១ ខែកុម្ភៈ បុរសជាបុគ្គលិកការិយាល័យអាយុ ៥៥ ឆ្នាំម្នាក់ ពេលកំពុងដើរទៅផ្ទះនៅ Daimoncho ទីក្រុង Nagano ស្រាប់តែត្រូវបុរសម្នាក់ចាប់ពីខាងក្រោយ និងប្លន់ប្រាក់ទាំងអស់។
បើតាមសមត្ថកិច្ច ជនដៃដល់មានអាយុចន្លោះពី ២០ ទៅ ៤០ ឆ្នាំ កម្ពស់ប្រហែល ១ ម៉ែត្រ ៧០ ពាក់អាវ hoodie និងខោជើងវែងពណ៌ប្រផេះ។ ភ្លាមៗនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ ហើយមិនបានបង្ករបួសដល់ជនរងគ្រោះឡើយ។
មុននោះម៉ោងប្រហែល ១ៈ៣០ នាទីទៀបភ្លឺ ថ្ងៃទី ៨ ខែកុម្ភៈ បុរសម្នាក់ក៏កំពុងធ្វើដំណើរទៅផ្ទះនៅ Gondocho (ជិត Daimoncho) ស្រាប់តែត្រូវចោរពីរនាក់ចាប់ទប់កពីខាងក្រោយ ហើយគំរាមថា “ប្រគល់ប្រាក់មក” ជនរងគ្រោះត្រូវច្រានអោយដួល និងប្លន់ប្រាក់ទាំងអស់។
ជនដៃដល់ទាំង ២ នាក់នៅក្មេងណាស់ ម្នាក់មានកម្ពស់ប្រហែល ១ ម៉ែត្រ ៧០ រាងកាយរឹងមាំ ចំណែកម្នាក់ទៀតដូចជាពិការ ប៉ុន្តែមិនទាន់អាចបញ្ចាក់បានច្រើននោះទេ។
អ្នកស្រុករស់នៅជុំវិញបានអោយដឹងថា “ពិតជាគ្រោះថ្នាក់ និងខ្លាចខ្លាំងណាស់ពេលឮរឿងនេះ។ ខ្ញុំនឹងប្រុងប្រយ័ត្នទាំងពេលថ្ងៃ មិនត្រឹមតែពេលយប់ប៉ុណ្ណោះទេ” ។
ក្រៅពីនេះ ប៉ូលិសក៏បានដាស់តឿនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន និងកុំចេញក្រៅតែម្នាក់ឯងនៅពេលយប់ ដើម្បីជៀសវាងហេតុការណ៍ស្រដៀងគ្នា។
ក្រោយពេលពិនិត្យព័ត៌មានកាមេរ៉ាសុវត្ថិភាពដែលនៅជុំវិញ នៅថ្ងៃទី ២០ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ ២ នាក់ដែលបានប្លន់ប្រាក់របស់បុគ្គលិកប្រុស។ ជនម្នាក់ឈ្មោះ Takeru Hara អាយុ ២០ ឆ្នាំ និងម្នាក់ទៀតអាយុ ១៩ ឆ្នាំ កំពុងរស់នៅទីក្រុង Nagano ។ ប៉ូលិសកំពុងបន្តស៊ើបអង្កេតទំនាក់ទំនងករណីប្លន់ផ្សេងទៀតដែលបានកើតឡើងក្នុងតំបន់នោះ។
hinhin