ប្តីប្រពន្ធចំណាស់ប្រើដែកគាស់សម្លាប់កូនប្រុសច្បងរបស់ខ្លួនព្រោះតែមូលហេតុ​

ជារឿងដ៏ក្រៀមក្រំរបស់ប្តីប្រពន្ធចំណាស់មួយគូដែលត្រូវកាត់ទោសពីបទមានចេតនាសម្លាប់កូនប្រុសរបស់ខ្លួន។ បុរសជាប្តីធ្លាប់ជាអតីតអភិបាលក្រុងនៅភាគខាងត្បូង Kyoto ចំណែកកូនប្រុសច្បងនៅពេលនោះមានអាយុ ៣៩ ឆ្នាំ និងមិនមានការងារនឹងនរ។

អាវុធបង្កហេតុ​ជាដែកគាស់ដែលមានទម្ងន់ ១,៥ គីឡូក្រាម

ហេតុការណ៍នេះបានកើតឡើងនៅផ្ទះមួយក្នុងទីក្រុង Mimasaka ភាគខាងជើងខេត្ត Okayama ។ ឪពុក (អាយុ ៧៣ ឆ្នាំ) និងម្តាយ (អាយុ ៦៦ ឆ្នាំ) មានគម្រោងយកដែកគាស់វាយក្បាលកូនប្រុសច្បងជាច្រើនដង ខណៈដែលគាត់កំពុងគេងដោយមានបំណងសម្លាប់កូនរបស់ខ្លួន។ ក្រោយមកបុរសជាកូនប្រុសច្បងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អបានរួចជីវិត។

កន្លះ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​បន្ទាប់ពីករណីនេះកើតឡើង សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ​ប្រព្រឹត្ត​ទៅកាលពីខែមិថុនា ឆ្នាំ​២០២២ ។ តុលាការ​បាន​កាត់ទោសបុរសជាឪពុក​ដាក់​ពន្ធនាគារ ៣ ឆ្នាំ និង​ព្យួរទោស ៤ ឆ្នាំ ចំណែកស្រ្តីជាម្តាយដាក់​ពន្ធនាគារ ២ ឆ្នាំ ៦ ខែ និង​ព្យួរទោស​ ៤ ឆ្នាំ។

មូលហេតុត្រូវបានលាតត្រដាង

យោងតាមការសម្រេចរបស់តុលាការ មូលហេតុដោយសារអ្នកទាំងពីរត្រូវបុរសជាកូនប្រុសច្បង “ស្តីបន្ទោស” និងប្រើអំពី “ហិង្សា” អស់រយៈពេលជាច្រើនឆ្នាំ។ បុរសជាកូនប្រុសច្បងម្នាក់នេះមានស្មារតីមិននឹងនរ អាចនិយាយបានថាមានវិបិត្តផ្នែកហិរញ្ញវត្ថុ និងផ្លាស់ទៅនៅទីក្រុង Mimasaka ។

ជាពិសេសរាល់ពេលដែលបុរសជាកូនប្រុសច្បងរើផ្ទះ គាត់បង្ខំអោយម្តាយតាមបម្រើខ្លួនជារៀងរាល់ថ្ងៃ។ ម្យ៉ាងវិញទៀត បុរស​រូប​នេះបង្ខំម្តាយអោយធ្វើអត្តឃាតជាច្រើនដង។

បន្ទាប់ពីទ្រាំលែងបាន បុរសជាឪពុកបានសម្រេចចិត្តសម្លាប់កូនប្រុសច្បងដើម្បីជួយប្រពន្ធរបស់ខ្លួន។ ស្រ្តីជាម្តាយក៏យល់ថាកូនរបស់ខ្លួនមានជំងឺផ្លូវចិត្តដែរ ដូច្នេះពួកគេគ្មានជម្រើសផ្សេងក្រៅពីធ្វើបែបនេះឡើយ។

ប្រភព៖ TBS News

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: