ចំណុចដែលអ្នកត្រូវកត់សម្គាល់ដើម្បីកុំអោយបាត់ប្រាក់កក់ពេលប្រគល់សងផ្ទះ
នៅជប៉ុនពេលបញ្ចប់កិច្ចសន្យាជួលផ្ទះ ប្រសិនបើប្រាក់កក់មិនបានប្រគល់សងវិញ អាចនឹងមានបញ្ហាអ្វីម្យ៉ាង។ ដូច្នេះ ចូរយើងស្វែងយល់ជាមួយនឹងមេធាវី Akihiro Morimoto ចំណុចដែលត្រូវកត់សម្គាល់ពេលរើផ្ទះ ឬចំណុចដែលទាក់ទងនឹងប្រាក់កក់។
ជាដំបូងយើងនឹងស្វែងយល់ តើប្រាក់កក់ជាអ្វី?
មេធាវី Morimoto បានអោយដឹងថា៖ “ប្រាក់កក់ ឬគេហៅថាប្រាក់ធានា ជាចំនួនទឹកប្រាក់ដែលភាគីជួលកក់មុនជាមួយនឹងម្ចាស់ផ្ទះ ដើម្បីជៀសវាងករណីមិនបង់ថ្លៃជួល ឬធ្វើអោយខូចខាតដោយចៃដន្យ។ ជាគោលការណ៍ ប្រាក់កក់ត្រូវប្រគល់ជូនភាគីជួលពេលបញ្ចប់កិច្ចសន្យា ហើយរើចេញ” ។
ទោះជាយ៉ាងណា មានករណីជាច្រើនប្រាក់កក់មិនត្រូវបានប្រគល់សងវិញ ដោយសារទាក់ទងនឹងថ្លៃចំណាយលើការជួសជុល បន្ទាប់ពីភាគីជួលចាកចេញ។
ថ្លៃសេវាកម្មនេះប្រើសម្រាប់ “ជួសជុលបន្ទប់” អោយទៅជាសភាពដើមវិញ ប៉ុន្តែទំនួលខុសត្រូវចំពោះស្នាមកោស ឬស្នាមប្រឡាក់ នៅតែស្រពេចស្រពិលណាស់។ គ្មាននរណាកត់សម្គាល់ឃើញវាមានតាំងពីពេលណា ឬពេលភាគីជួលមកនៅមានដែរអត់?
ដូចឧទាហរណ៍ខាងក្រោម ចំណុចដែលងាយនឹងបង្កការយល់ច្រឡំចំពោះទំនួលខុសត្រូវស្ថិតលើភាគីអោយជួល ឬអ្នកជួលមានដូចជា៖
១. រុំកន្ទេល tatami និងទ្វាររុញ
២. បោសសម្អាតផ្ទះ
៣. ជួសជុលស្នាមកោសលើជញ្ជាំង និងឥដ្ឋ
ក្នុងករណីនេះ ប្រការ ១ និង ២ ជាបន្ទុករបស់ភាគីអោយជួល ប៉ុន្តែប្រសិនបើកើតឡើងដោយសារការធ្វេសប្រហែស នោះភាគីអ្នកជួលត្រូវទទួលខុសត្រូវការខូចខាតជញ្ជាំង ឬឥដ្ឋ។
ជាគោលការណ៍ ភាគីម្ចាស់ផ្ទះត្រូវទទួលខុសត្រូវជួសជុលស្នាមប្រេះ និងស្នាមប្រឡាក់ដែលកើតចេញពីហេដ្ឋារចនាសម្ព័ន្ធធ្លាក់ចុះ ឬខូចខាតដោយសារការរស់នៅប្រចាំថ្ងៃ។ ទោះជាយ៉ាងណា ភាគីជួលត្រូវទទួលបន្ទុកលើការខូចខាតដែលកើតចេញពីការធ្វេសប្រហែស ដូចជាស្ថានភាពដុះផ្សិតដោយសារមិនសម្អាត ស្នាមប្រឡាក់ដោយសារភេសជ្ជៈកំពប់ ឬមិនលាងសម្អាតអោយបានត្រឹមត្រូវ។
តើធ្វើយ៉ាងណាអាចជៀសវាងបញ្ហាទាំងនេះ?
បើតាមមេធាវី Morimoto មានបញ្ហាសំខាន់ពីរដែលត្រូវយកចិត្តទុកដាក់៖
ចំណុចទី ១ ជាការល្អភាគីម្ចាស់ផ្ទះមានវត្តមានទាំងពេលអ្នកជួលផ្លាស់មក និងផ្លាស់ចេញ ដើម្បីបញ្ជាក់អំពីស្នាមប្រេះ ឬកខ្វក់។ បើសិនជាអាចត្រូវថតទុកជាភស្តុតាង។
ចំណុចទី ២ ត្រួតពិនិត្យកិច្ចសន្យាឱ្យបានហ្មត់ចត់មុននឹងជួល ជាពិសេសពិនិត្យចំណុច “ជួសជុលបន្ទប់ទៅជាសភាពដើមវិញពេលភាគីជួលរើចេញ” ។
ក្រៅពីនេះ ដើម្បីការពារបញ្ហាទាក់ទងនឹងបញ្ហានេះ ក្រសួងដឹកជញ្ជូនជប៉ុនបានរៀបចំតារាង “ត្រួតពិនិត្យ” សម្រាប់អ្នកជួល។ តារាងនេះជួយអោយអ្នកដឹងថាត្រូវត្រួតពិនិត្យកន្លែងណាខ្លះក្នុងបន្ទប់។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែពិគ្រោះនឹងការណែនាំនៅលើគេហទំព័ររបស់ក្រសួងដឹកជញ្ជូនមុនពេលជួល។ សង្ឃឹមថាអត្ថបទនេះអាចជួយអោយអ្នកជៀសវាងការបាត់បង់ប្រាក់កក់ពេលផ្លាស់ចេញពីផ្ទះជួលនៅជប៉ុន។
ប្រភព៖ TBS News Dig
hinhin