Zashi Warashi បិសាចដែលនាំមកនូវសុភមង្គល

ពេលនិយាយពីបិសាច ប្រហែលជាអ្នករាល់គ្នាគិតភ្លាមដល់មុខមាត់ដ៏គួរឲ្យខ្លាច ប៉ុន្តែបិសាចនេះខុសគ្នា។ បើបាន​ជួប​បិសាច​នេះ អ្នកប្រាកដជាទទួលបានសុភមង្គល។ ហើយប្រសិនបើនៅ Ryokan (ផ្ទះសំណាក់បែបជប៉ុន) មាន​បិសាច Zashi Warashi តើ​​អ្នក​​ចង់​​ឃើញ​​វា​​ដែរ​​ទេ?

https://dic.pixiv.net/a/座敷童子

Warashi មានន័យថាកុមារ។ ជាបិសាច “កូនក្មេង” ដែលរស់នៅក្នុងផ្ទះមួយ ហើយជាទូទៅមានរូបរាងជាក្មេងប្រុស ឬក្មេងស្រីមានអាយុប្រហែល ៥ ឆ្នាំ។ វាចូលចិត្តលេង ផ្លាស់ទីរបស់របរ ធ្វើឲ្យ​អ្នករាល់គ្នាភ្ញាក់ខ្លួន រត់ជុំវិញផ្ទះពេលអ្នក​​​​ទាំង​​អស់​​គ្នា​​កំពុង​​គេង ហើយពេលខ្លះបន្សល់ទុកដានជើងផងដែរ។

ប្រសិនបើបុរសមើលឃើញ Zashi Warashi នោះថ្ងៃក្រោយការងារនឹងជោគជ័យ ចំណែកនារីវិញនឹងមានកូន ឬជួបរឿង​ដែល​រីក​រាយ មាន​សុភមង្គល សុខ​សាន្ត។

ទោះជាយ៉ាងណា ពេលខ្លះវាក៏គួរឲ្យ​​ខ្លាច​ណាស់ដែរ។ ប្រសិនបើគ្រួសារមួយណាបាន Zashi Warashi នៅជាមួយនឹងមានសុភមង្គល ប៉ុន្តែបើវាចាកចេញគ្រួសារនឹងបែកបាក់។

នៅកន្លែងដែលអាចមើលឃើញ Zashi Warashi

ផ្ទះសំណាក់ Tobinai Ryokan ទីក្រុង Mutsu ខេត្ត Aomori ។

https://kurashi-memo.net/zashikiwarashi/

ផ្ទះសំណាក់ RyoFuso ទីក្រុង Ninohe ខេត្ត Iwate ។

ផ្ទះសំណាក់ Katsupo Ryokan ទីក្រុង Ninohe ខេត្ត Iwate ។

ផ្ទះសំណាក់ Toono ទីក្រុង Toono ខេត្ត Iwate ។

ក្រៅពីនេះមានកន្លែងជាច្រើនផ្សេងទៀត ប៉ុន្តែប្រហែលជាខេត្ត Iwate ជាកន្លែងដែលប្រមូលផ្តុំ Zashi Warashi ច្រើន​បំផុត។ អ្នក​អាច​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​យប់ ដូច្នេះអ្នកអាចនឹងមើលឃើញ Zashi Warashi ពេលកំពុងគេង។

មានអ្នកធ្លាប់មើលឃើញវាពិតមែន

មិត្តរបស់ខ្ញុំធ្លាប់ស្នាក់នៅផ្ទះសំណាក់ខាងលើ ហើយពិតជាបានឃើញ Zashi Warashi មែន។ ក៏មិនប្រាកដថា “មើល​​ឃើញ” ដែរ អាចនិយាយបានថាមានអារម្មណ៍ដឹងត្រូវជាង។

នារីទាំង ៣ នាក់បបួលគ្នាទៅកាន់ផ្ទះសំណាក់ បន្ទាប់ពីផឹកស្រា ហើយគេងលក់ ស្រាប់តែមិត្តរបស់ខ្ញុំត្រូវនរណាម្នាក់ដាស់ឲ្យ​ភ្ញាក់។ នាងគិតថា ប្រហែលដោយសារសំឡេងរំខានរបស់មិត្តភក្តិ ២ នាក់ដែលមកជាមួយ ដូច្នេះក៏មិនចាប់អារម្មណ៍ ហើយក៏ភ្លេចថាមកទីនេះដើម្បីជួប Zashi Warashi ផងដែរ។ សំឡេងរំខានជាបន្តបន្ទាប់ប៉ះពាល់​ការ​គេង​ក៏​នាង​ស្រែក​ថា “រំខាន​ណាស់” ពេលនោះសំឡេងរំខានក៏ឈប់ទៅ។

ភ្លាមៗនោះ មិត្តរបស់ខ្ញុំហាក់ដូចជាបានលឺអ្វីម្យ៉ាងដូចជា “អ៊ូយ ម្នាក់នេះមិនព្រមភ្ញាក់ទាល់តែសោះ” ។

ហើយ​នៅថ្ងៃ​បន្ទាប់ ពេលសាកសួរទើបដឹងថា ក្នុងចំណោមមិត្តទាំង ២ នាក់គ្មានអ្នកសួរនោះទេ។ ដូច្នេះគ្មាននរណា​​ក្រៅ​​ពី Zashi Warashi នោះ​ទេ។

តើ Zashi Warashi មកពីណា?

អ្នកខ្លះនិយាយថា Zashi Warashi មានច្រើនបំផុតនៅតំបន់ Tohoku ទ្រឹស្តីមួយចំនួននិយាយពីប្រភពដើមរបស់​វា​ផង​ដែរ។

ចំណុចទី ១ នោះជាព្រលឹងខ្មោចដែលត្រូវគេសម្លាប់។ នៅតំបន់ Tohoku ពីមុនក្រីក្រខ្លាំងណាស់។ នៅពេលដែលមិន​មាន​អាហារ​គ្រប់​គ្រាន់ មនុស្សត្រូវបង្ខំចិត្តកាត់បន្ថយអាហារ ដោយសម្លាប់កុមារម្នាក់ ដើម្បីជួយសង្គ្រោះអ្នកផ្សេង​ទៀត។ ក្មេងៗ​ដែល​សំណាង​អាក្រក់​​ទាំង​​នោះ​​បាន​​ក្លាយ​​ទៅ​ជាបិសាច Zashi Warashi ។

ចំណុចទី ២ ដោយសារ​តែ​បណ្តាសា​របស់​ជាង​ឈើ ឬ​អ្នក​ធ្វើកន្ទេល tatami ។ នៅពេលសាងសង់ផ្ទះ ជាងឈើ និងអ្នកធ្វើកន្ទេល tatami ខំប្រឹងប្រែងធ្វើការងារ ប៉ុន្តែពេលខ្លះពួកគេក៏មានជម្លោះជាមួយម្ចាស់ផ្ទះផងដែរ។ នៅពេលនោះ ជាង​ដាក់​បណ្តា​សា​ម្ចាស់​ផ្ទះ​ដោយ​ដាក់​តុក្កតា​តាមចន្លោះបង្គោល។ ក៏មានពាក្យចចាមអារ៉ាមថាតុក្កតាទាំងនោះជា Zashi Warashi ។

ចំណុចទី ៣ មាន​ប្រភព​ចេញ​មកពីរឿងព្រេងនិទាន Kappa ជាបិសាចដែលមានរូបរាងដូចជាមនុស្ស ហើយរស់នៅក្នុង​ទឹក។ បិសាច​ទាំង​នេះ​ចូល​ចិត្ត​លេង​សើច របុិលរប៉ូច។ ទោះជាយ៉ាងណា ខ្ញុំគិតថាទ្រឹស្ដីទាំងនេះមិនត្រឹមត្រូវឡើយ ព្រោះ Zashi Warashi នាំមកនូវសុភមង្គល និងសំណាងល្អដល់មនុស្សគ្រប់គ្នា។ បើអាច ខ្ញុំក៏ចង់មើលឃើញវាម្តងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: