ស្រ្តីប្រុងប្រយ័ត្ន ករណីលួចថតនារីជាង ១ ម៉ឺននាក់ដែលទៅងូតទឹកក្តៅនៅជប៉ុន
បុគ្គលឈ្មោះ Karin Saito អាយុ ៥០ ឆ្នាំ បានសារភាពថាជាមេដឹកនាំបណ្តាញលួចថត និងចែករំលែករូបភាពស្រ្តីជាង ១ ម៉ឺននាក់ ដែលទៅងូតជ្រោះទឹកក្តៅនៅទូទាំងប្រទេសជប៉ុនអំឡុងពេលជាង ៣០ ឆ្នាំកន្លងមកនេះ។
ក្នុងចំណោមបុរស ១៦ នាក់ដែលប៉ូលិសចាប់ខ្លួនដើម្បីស៊ើបអង្កេត មានទាំងមន្ត្រីមូលដ្ឋាន និងកណ្តាល។ បុគ្គលទាំងនេះបានប្រើកាមេរ៉ាលាក់ក្នុងគុម្ពឈើ ដើម្បីថតរូបភាពដែលមិនដឹងខ្លួនរបស់ជនរងគ្រោះ ហើយបន្ទាប់មករៀបចំពិធីជប់លៀងមើលវីដេអូដែលបានលួចថត។
បើតាម Asahi Shimbun បុគ្គលឈ្មោះ Saito ត្រូវប៉ូលិសខេត្ត Hyogo ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយចោទប្រកាន់ពីបទបំពានបទប្បញ្ញត្តិប្រឆាំងនឹងទង្វើបង្កការរំខាន។ ករណីរបស់ Saito កំពុងត្រូវបានតុលាការបើកសវនាការ។
ក្នុងអំឡុងពេលមួយឆ្នាំដែល Saito ជាប់ឃុំ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ១៦ នាក់ដែលរស់នៅ ១១ ខេត្តផ្សេងៗទៀត។
កាលពីដើមខែនេះ ប៉ូលិសខណ្ឌ Shizuoka ក៏បានបញ្ជូនឯកសារទៅកាន់ការិយាល័យព្រះរាជអាជ្ញាចំពោះជនសង្ស័យ ៣ នាក់ក្នុងចំណោមជនសង្ស័យ ១៦ នាក់ខាងលើ។ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ អាយុ ៣១ ឆ្នាំ នៅ Tokyo ត្រូវចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងនឹងរូបភាពអាសអាភាស និងពេស្យាចារលើកុមារ។ យោងទៅតាមអ្នកស៊ើបអង្កេត បុគ្គលទាំង ៣ នៅខណ្ឌ Shizuoka រៀនជំនាញលួចថតដែលមិនត្រូវគេប្រទះឃើញពី Saito ។
នៅពេលសាកសួរ Saito ក៏បានសារភាពថា ខ្លួនចាប់ផ្តើមចំណូលចិត្តនេះតាំងពីអាយុ ២០ ឆ្នាំ ហើយបានទៅកាន់កន្លែងងូតទឹកក្តៅយ៉ាងហោចណាស់ ១០០ កន្លែងនៅប្រទេសជប៉ុន។ មុខសញ្ញារបស់ជននេះជាស្រ្តីដែលងូតទឹកក្តៅ ចំណែក Saito លាក់ខ្លួនលើភ្នំដែលមានចម្ងាយប្រមាណពីរបីរយម៉ែត្រ បន្ទាប់មកថតរូប ឬថតវីដេអូដោយកាមេរ៉ាដែលបំពាក់កែវថតតេឡេ។
ប៉ូលិសបានបន្ថែមថា បុគ្គលទាំងនេះលួចថតរូបភាព និងវីដេអូស្រ្តីម្នាក់ពេលកំពុងស្លៀកពាក់ និងពេលដោះសម្លៀកបំពាក់ទៅងូតទឹកក្តៅ ដើម្បីប្រៀបធៀបរូបភាពទាំងពីរ។ ជនទាំងនេះបង្កើតវីដេអូ និងកែសម្រួលដោយបន្ថែមចំណងជើងសម្រាប់ចូលរួមពិធីជប់លៀងមើលរួមគ្នា។
មិនត្រឹមតែប៉ុណ្ណឹង បុគ្គលទាំងនេះក៏បានដាក់ថ្នាំងងុយដេកលើនារីជាច្រើននាក់ដើម្បីប្រព្រឹត្តអំពើថោកទាប បន្ទាប់មកថតទុក។
តាមសម្តីរបស់ Saito ខ្សែបណ្តាញរបស់ជននេះមានសមាជិកយ៉ាងហោចណាស់ ១០០ នាក់។ ដូច្នេះហើយប៉ូលិសជប៉ុននៅតែបន្តស៊ើបអង្កេតដើម្បីចាប់ខ្លួនជនសង្ស័យបន្ថែមទៀត។
ប្រភព៖ Asahi Shimbun