កាបូបស្ពាយដែលអាចប្រើជាអាវពោងការពារជីវិតពេលមានឧបទ្ទវហេតុកើតឡើង
ចាប់ពីថ្ងៃទី ១ ខែមីនាខាងមុខនេះ ក្រុមហ៊ុនជប៉ុននឹងដាក់ចេញកាបូបស្ពាយសម្រាប់សិស្សដែលអាចប្រើដូចជាអាវពោងការពារជីវិតពេលមានឧប្បត្តិហេតុកើតឡើង គោលបំណងការពារកុមារពីគ្រោះមហន្តរាយ។
ការពិសោធន៍កាបូបស្ពាយ ឬអាវពោងការពារជីវិត។ រូបភាព៖ Sakae Shokai
ក្រុមហ៊ុន Sakae Shokai (ទីក្រុង Hamamatsu ខេត្ត Shizuoka) ដែលជំនាញខាងផលិត និងចែកចាយវ៉ែនតាគ្រប់ប្រភេទបានសាកល្បងកាបូបស្ពាយ “Ukuran” ដែលអាចប្រើជាអាវពោងការពារជីវិតសម្រាប់សិស្សបឋមសិក្សាពេលហែលក្នុងអាងទឹក និងបឹងធម្មជាតិ Hamana ។ បុគ្គលិកជួយសង្គ្រោះជាអ្នកសង្កេតមើលការពិសោធន៍កាបូបស្ពាយនេះ។
បុរសចំណាស់អាយុ ៧០ ឆ្នាំម្នាក់បានផ្តួចផ្តើមគំនិតផលិតកាបូបស្ពាយទៅជាអាវពោងការពារជីវិត ជាអ្នកដែលធ្លាប់ទៅសួរសុខទុក្ខសាលាបឋមសិក្សា Okawa ទីក្រុង Ishinomaki ខេត្ត Miyagi ។
សាលារៀននេះធ្លាប់រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ ២០១១ ដែលបានសម្លាប់សិស្ស និងបុគ្គលិកជាច្រើននាក់។ បុរសចំណាស់ឆ្ងល់មិនដឹងថា តើមានវិធីណាអាចជួយសង្គ្រោះកុមារ ដូច្នេះបានជាលោកគិតឃើញកាបូបស្ពាយជួយអោយប្អូនៗអណ្តែតលើទឹក។
បន្ទាប់មក លោកបានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Sakae Shokai ដើម្បីពិភាក្សាចំពោះការផលិត និងលក់ផលិតផលតាំងពីខែកុម្ភៈ ឆ្នាំ ២០១៨ មកម្ល៉េះ។ ការផលិតផ្តោតលើការធ្វើយ៉ាងណាឱ្យងាយស្រួលស្ពាយ និងដោះចេញ។
បុគ្គលិកក្រុមហ៊ុន Sakae Shokai ណែនាំពីរបៀបប្រើកាបូបស្ពាយ ឬអាវពោងការពារជីវិត។ រូបភាព៖ Mainichi
ផលិតផលមានឈ្មោះថា “Ukuran” ដោយរួមបញ្ចូលពាក្យ “uku” មានន័យថា “អណ្តែត” ជាមួយនឹងពាក្យ “randoseru” ជាឈ្មោះប្រភេទកាបូបស្ពាយដែលសិស្សជប៉ុនចាប់ពីថ្នាក់ទី ១ ដល់ទី ៦ តែងតែប្រើ។
កាបូបស្ពាយឬអាវពោងការពារជីវិត “Ukuran” មានទម្ងន់ ១,៥ គីឡូក្រាម កម្ពស់ ៣៥ សង់ទីម៉ែត្រ និងជម្រៅ ២២ សង់ទីម៉ែត្រដែលផលិតពីជ័រនីឡុង។ នៅពេលប្រើជាអាវពោងការពារជីវិត ផ្នែកខាងមុខកាបូបស្ពាយពាក់ត្រង់ក ហើយអ្នកប្រើអាចចងភ្ជាប់នឹងទ្រូងដោយខ្សែក្រវ៉ាត់។
ក្នុងការសាកល្បង កាបូបស្ពាយនេះជួយអោយអ្នកប្រើអណ្តែតបានរយៈពេល ២៤ ម៉ោង មិនថាបន្ថែមទម្ងន់ ៧,៥ គីឡូក្រាមក៏ដោយ។ សៀវភៅដែលដាក់ក្នុងកាបូបអាចយកចេញបាន ហើយកាបូបនេះនឹងត្រូវយកចេញនៅពេលដែលកាបូបស្ពាយប្រើជាអាវពោងការពារជីវិត ថែមទាំងមានភ្ជាប់ជាមួយនឹងកញ្ចែផងដែរ។
កាបូបស្ពាយនីមួយៗត្រូវបានលក់ក្នុងតម្លៃ ៤៩,៥០០ យ៉េន (ប្រហែល ៣៨០ ដុល្លារ)។
នេះជាលើកទីមួយហើយដែល Sakae Shokai ផលិតរបស់ជួយសង្គ្រោះ។ ប្រធានអ្នករចនា Etsuko Fujita បាននិយាយថា “ប្រសិនបើកុមារជួបឧបទ្ទវហេតុក្នុងទឹក ប្អូនៗអាចនឹងនៅរស់រានមានជីវិតបើអណ្តែតលើទឹក ហើយរង់ចាំការជួយសង្គ្រោះ” ។
ប្រធានក្រុមហ៊ុន លោក Takashi Yoshizawa បាននិយាយថា “យើងបង្កើតផលិតផលនេះដោយផ្អែកលើគំនិតរបស់អ្នកដែលបានទៅដល់កន្លែងមានគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ហើយចង់ផលិតកាបូបស្ពាយដែលអាចការពារអាយុជីវិតរបស់ប្អូនៗ” ។
ប្រភព៖ Mainichi