តើសាលាបឋមសិក្សានៅជប៉ុនបង្រៀនអ្វីខ្លះដល់កុមារ?
មានមតិយោបល់ជាច្រើនលើកឡើងថា នៅសាលាជប៉ុនមានវិធីសាស្រ្តបង្រៀនកុមារពិសេសជាងបើធៀបនឹងប្រទេសផ្សេងទៀត។ ក្រៅពីក្រេបយកចំណេះដឹង កុមារថែមទាំងត្រូវបានបង្រៀនអំពីរបៀបសម្អាតអនាម័យ ការបែងចែកអាហារ ជួយលោកគ្រូអ្នកគ្រូជាដើម។ ចូរយើងស្វែងយល់បន្ថែមអំពីរបៀបអប់រំទាំងនេះ។
សម្អាតអនាម័យ
https://www.teramoto.co.jp/columns/7790/
ជាទូទៅ សិស្សនឹងធ្វើកិច្ចការទាំងអស់ដូចជា សម្អាតថ្នាក់រៀន ច្រកចេញចូល បន្ទប់ហាត់ប្រាណជាដើម។ មានមនុស្សជាច្រើនគិតថា ដោយសារតែសាលាចង់ “សន្សំសំចៃ” លើថ្លៃសម្អាត ប៉ុន្តែគោលបំណងពិតប្រាកដផ្តើមចេញពីគំនិត “ធ្វើគ្រប់យ៉ាងដោយខ្លួនឯង” ។
នៅប្រទេសផ្សេងទៀត ការងារត្រូវបានបែងចែកយ៉ាងច្បាស់លាស់ ឧទាហរណ៍ការសម្អាតនឹងមានបុគ្គលិកផ្នែកសម្អាតទទួលខុសត្រូវ។ ដោយឡែកនៅជប៉ុនចំណុចនេះខុសគ្នា គ្រប់គ្នាដឹងអំពីរបៀបសម្អាតអនាម័យ យ៉ាងណាមិញនៅថ្ងៃក្រោយពួកគេធ្វើការងារអ្វីជារឿងមួយផ្សេង។
ទៅសាលាជាមួយគ្នា
https://www.secom.co.jp/kodomo/p/20171026.html
សិស្សទៅសាលាដោយខ្លួនឯង ប៉ុន្តែយ៉ាងណាប្អូនៗបឋមសិក្សាទៅសាលាតែម្នាក់ឯងពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះសាលាដាក់ចេញវិធានការណ៍ “ទៅសាលារៀនជាមួយគ្នា” ។ ក្មេងៗនៅតំបន់តែមួយទៅសាលារួមគ្នា កុមារថ្នាក់ទី ៥ និងទី ៦ ជួយមើលក៏ដូចជានាំប្អូនៗថ្នាក់ទី ១ និងទី ២ ទៅសាលារៀនជាមួយគ្នា។ ប្អូនៗធ្វើរឿងទាំងនេះមិនមែនដោយសារអំណោយ ឬទទួលបានពិន្ទុនោះទេ។ ប៉ុន្តែដោយសារកាលនៅក្មេងប្អូនៗទទួលបានជំនួយ ហើយប្អូនៗផ្ទាល់ក៏ចង់ធ្វើរឿងនេះសម្រាប់ប្អូនៗដែលតូចជាងខ្លួនដែរ។
ចំណុចនេះក៏បង្កើតទំនាក់ទំនងរវាងសិស្សដែលមានអាយុខុសគ្នាតែរស់នៅតំបន់តែមួយ។ ព្រោះតែកុមារមានទំនោរបង្កើតទំនាក់ទំនងរវាងមិត្តភក្តិដែលមានអាយុដំណាលគ្នា ប៉ុន្តែនៅពេលដែលឈានជើងចេញទៅក្រៅសង្គម អាយុនឹងខុសគ្នា។ ដូច្នេះហើយ ការបង្កើតទំនាក់ទំនងរវាងអ្នកមានអាយុច្រើន និងតិចជាងខ្លួនជាចំណុចដែលចាំបាច់។
ការបែងចែកអាហារ
https://www.chunichi.co.jp/article/542154
ស្រដៀងនឹងប្រទេសផ្សេងទៀត នៅជប៉ុនសិស្សទទួលទានអាហារថ្ងៃត្រង់នៅសាលា សិស្សជាអ្នកបែងចែកអាហារសម្រាប់អ្នករាល់គ្នា។ ថ្វីត្បិតតែកុមារមិនចេះធ្វើម្ហូប ប៉ុន្តែការសម្អាតពួកគេអាចទទួលខុសត្រូវបាន។
ជួយការងារផ្សេងៗតាមសមត្ថភាពរបស់ខ្លួន
ជួយលុបក្តារខៀន ថតចម្លងឯកសារជំនួសលោកគ្រូអ្នកគ្រូក៏ជាការងាររបស់សិស្សផងដែរ។ អ្នកដឹងទេថា ហេតុអ្វីបានជាជប៉ុនបង្រៀនចំណុចទាំងអស់នេះ? ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរស់នៅម្នាក់ឯងបន្ទាប់ពីបញ្ចប់ការសិក្សា។
មិនថាអ្នកចេះភាសាអង់គ្លេស ឬគណិតវិទ្យាល្អដល់កម្រិតណានោះទេ ប្រសិនបើអ្នកមិនចេះសម្អាត ឬរៀបចំអាហារប្រាកដជាពិបាកពេលរើចេញទៅនៅម្នាក់ឯង។ ប្រហែលមានតែជប៉ុនប៉ុណ្ណោះ ដែលមិនមានការចែងចែកការងារច្បាស់លាស់។ តើអ្នកយល់យ៉ាងណាចំពោះការអប់រំបែបជប៉ុននេះ?
Kengo Abe