តើ Ninja ជានរណា? សមត្ថភាព និងតួនាទីរបស់ Ninja

តើអ្នកចូលចិត្ត Ninja ដែរទេ? ខ្ញុំគិតថាមានមនុស្សជាច្រើនស្ញប់ស្ញែងជំនាញបំបាំងកាយរបស់ Ninja ដូចក្នុងរឿង​​គំនូរ​​ជីវចល NARUTO ដែល​ល្បី​នៅ​លើ​ពិភព​លោក។

ទោះជាយ៉ាងណា ជំនាញទាំងអស់នោះមិនមានពិតនោះទេ Ninja ក៏ដូចជាមនុស្សធម្មតាដែរ ហើយអាចធ្វើបានគ្រប់យ៉ាង​​ក្នុង​ដែន​កំណត់​ប៉ុណ្ណោះ។ ប្រាកដណាស់ ប្រហែលមនុស្សជាច្រើននឹងខកចិត្តពេលដឹងរឿងនេះ។ តោះចូរយើង​ស្វែង​យល់​អំពី Ninja ទាំង​អស់​គ្នា។

សម្លៀកបំពាក់របស់ Ninja

បើនិយាយពី Ninja យើងប្រាកដជាគិតភ្លាមដល់រូបភាពខាងលើមែនទេ? យ៉ាងណាមិណ អ្នកគិតមើល បើស្លៀកសម្លៀក​បំពាក់​នេះ ហើយ​ដើរ​តាមផ្លូវនឹងត្រូវគេប្រទះឃើញភ្លាម។ ដូច្នេះហើយ រូបរាងខាងក្រៅរបស់ Ninja ដូចជាមនុស្ស​ធម្មតា​ដែរ។ លុះត្រាតែពេលធ្វើសកម្មភាពពេលយប់ ឬនៅលើភ្នំទើបស្លៀកឈុតនេះ ប៉ុន្តែមិនមែនពណ៌ខ្មៅ ឬ​ពណ៌​ខៀវ​ទេ នោះ​គឺ “ពណ៌​ស្មៅ” ។

អាវុធសម្ងាត់

ក្នុងពិភពរឿងគំនូរជីវចល ពេលនិយាយពីអាវុធរបស់ Ninja មិនអាចមិនរំលឹកដល់វត្ថុសម្ងាត់ឡើយ។ គ្រាន់តែគប់ត្រូវ​ភ្លាម​សត្រូវ​នឹង​ស្លាប់ សត្រូវមកកាន់តែច្រើន Ninja បោះអាវុធសម្ងាត់កាន់តែច្រើន។

ទោះជាយ៉ាងណា ចូរគិតមើល អាវុធសម្ងាត់ទាំងនេះធ្វើពីដែកធ្ងន់ខ្លាំងណាស់។ អាវុធសម្ងាត់មួយមាន​ទម្ងន់​ប្រហែល ៤០ ទៅ ១២០ ក្រាម ឧទាហរណ៍​បើ​អាវុធ​មួយ​មាន​ទម្ងន់ប្រហែល ៨០ ក្រាម ដូច្នេះ ១០ អាវុធមានទម្ងន់ជិត ១ គីឡូក្រាម បើកាន់យកតាមចំនួន ១០០ ទម្ងន់នឹងឡើងដល់ ១០ គីឡូក្រាម។ ជាងនេះទៅទៀត Ninja ត្រូវយកតាម​អាវុធ និងប្រដាប់ប្រដាផ្សេងទៀត។ ពួកគេត្រូវធ្វើដំណើរលឿន ដូច្នេះមិនអាចយកតាមអាវុធសម្ងាត់ច្រើនពេក​ទេ។

ក្រៅពីនេះ មានប្រភេទអាវុធសម្ងាត់ដែលមានឈ្មោះថា Kashaken ជាប្រភេទអាវុធសម្ងាត់ដែលបញ្ចេញភ្លើង។

ប្រហែលជាអ្នកមើលឃើញរន្ធមូលនៅចំកណ្តាលអាវុធសម្ងាត់នេះមែនទេ? នោះជាកន្លែងដែល Ninja ភ្ជាប់ខ្សែមួយផ្ទុកម្សៅកាំភ្លើង ពួកគេនឹងអុជភ្លើងរួចគប់ទៅ។ ទោះជាយ៉ាងនេះក្តី វាមិនមែនមានបំណងសម្លាប់សត្រូវនោះទេ ប៉ុន្តែ​ដើម្បី​បំភ័យ​សេះ​របស់​សត្រូវ​ដែល​ជិត​មក​ដល់។

Makibishi – ប្រភេទអាវុធដែលសាមញ្ញ

អាវុធនេះសាមញ្ញតែមានប្រសិទ្ធភាពបំផុត ពេលសត្រូវដេញតាម Ninja នឹងបោះអាវុធនេះទៅលើដី ប្រសិនបើជាន់ត្រូវសត្រូវ​នឹង​ឈឺ​ចាប់​យ៉ាងខ្លាំង។ ថ្វីត្បិតតែ អាវុធនេះមិនអាចសម្លាប់សត្រូវបានក៏ដោយ ប៉ុន្តែវាអាចធ្វើឲ្យ​ពួក​គេមិនអាច​បន្ត​ដេញ​តាម។

Ninja ក៏ដូចជាអ្នក​ស៊ើបការណ៍តាមបណ្តាប្រទេសផ្សេងទៀតដែរ។ ភារកិច្ចចម្បងរបស់ចារកម្មមិនមែនដើម្បីសម្លាប់​សត្រូវ​​នោះ​​ទេ ប៉ុន្តែលបយកការណ៍ទៅប្រាប់មេទ័ព។ ដូច្នេះជាជាងសម្លាប់សត្រូវ ពួកគេផ្តល់អាទិភាពទៅលើជម្រើស​ទប់​ទល់​នឹង​សត្រូវ​ដែល​កំពុងដេញតាម ហើយរត់គេចខ្លួន។

ក្រញ៉ាំដែក

អាវុធមួយប្រភេទទៀតនោះគឺក្រញ៉ាំដែក វាត្រូវបានគេភ្ជាប់លើខ្នងដៃ ត្រង់ក្រញ៉ាំមុតស្រួចទុកសម្រាប់វាយប្រហារសត្រូវ ចំណែកផ្នែកខាងក្រោយអាវុធប្រើសម្រាប់ការពារដាវរបស់សត្រូវ។ មើលទៅ “ឡូយណាស់” មែនទេ?

យុទ្ធសាស្ត្រមូលដ្ឋានរបស់ Ninja

មិនមែនសំដៅលើការវាយប្រហារកម្ចាត់សត្រូវនោះទេ ប៉ុន្តែផ្តោតលើការបិទបាំងខ្លួនឯង។ ដើម្បីធ្វើដូច្នេះបាន ដំបូងពួកគេត្រូវបំបាត់ក្លិនខ្លួន និងក្លិនមាត់ផងដែរ។ ពួកគេមិនអាចទទួលទានអាហារដែលមានក្លិនខ្លាំងដូច​ជា​ខ្ទឹម ខ្ទឹម​បារាំង ឬ​អាហារ​ដែលធ្វើឲ្យ​មានក្លិនខ្លួនឡើយ។ Ninja អាចគ្រប់គ្រងក្រពេញទឹកមាត់ និងប្រើវាដើម្បីកម្ចាត់ក្លិនមាត់។ ក្រៅពីនេះ ពួកគេថែមទាំងមានជំនាញផ្លាស់ទីដោយមិនបញ្ចេញសំឡេង (ប្រើជើងដាក់លើខ្នង​ដៃ​ដើម្បី​ផ្លាស់​ទី) និង​អាថ៌កំបាំង​លាក់ខ្លួន (លាក់ឈើចាក់ធ្មេញ)។ នៅពេលត្រូវសត្រូវប្រទះឃើញ គ្រាន់តែប្រើឈើចាក់ធ្មេញមួយដើមក៏អាចបង្វែងដានសត្រូវ ហើយរត់គេចខ្លួនបានដែរ។

រាងកាយរឹងមាំ

ដោយសារតែត្រូវលបចូលបន្ទាយយកការណ៍របស់សត្រូវ ដូច្នេះ Ninja មានជំនាញលោតផ្លោះពូកែ និងអាចឡើងជញ្ជាំង​ថ្ម​ដោយ​ប្រើ​ម្រាម​ដៃរឹងមាំមិន​ធម្មតា។ កាយសម្បទារបស់ Ninja ល្អណាស់ ព្រោះពួកគេត្រូវរត់ផ្លូវឆ្ងាយយកដំណឹងទៅប្រាប់កងទ័ពរបស់ខ្លួន។ អាចនិយាយបានថា Ninja ដូចជាកំពូលវីរបុរសក្នុងសម័យសង្គ្រាម។

តើ Ninja ក្លាយជាកំពូលវីរបុរសនៅសម័យណា?

តាំងពីសម័យ Edo ជាយុគសម័យសន្តិភាពក្រោយសម័យសង្គ្រាម (នៅពេលដែលសង្គ្រាមរបស់សាមូរ៉ៃកើតឡើងជាបន្តបន្ទាប់) ។ សម័យសន្តិភាពហាក់ដូចជាលែងត្រូវការ Ninja តទៅទៀត។

ប៉ុន្តែអ្វីដែលចម្លែកមនុស្សក្នុង​សម័យ​សន្តិភាពនោះបែរជាចូលចិត្តសង្គ្រាម។ ប្រភេទសិល្បៈសម្តែងផ្សេងៗត្រូវបានអភិវឌ្ឍ ក្នុងចំណោមនោះមានស្នាដៃមួយគឺ “Ninja ក្លាយជាកំពូលវីរបុរស” ហើយត្រូវបានប្រជាជនជាច្រើនកោតសរសើរ។ Ninja មិនត្រឹមតែត្រូវលាក់ខ្លួនដើម្បីត្រឡប់ទៅវិញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវប្រយុទ្ធ និងបំពេញ​បេសក​កម្មដូច​អ្នក​ចម្បាំង​មួយ​រូប​ផង​ដែរ។

ប្រសិនបើថ្ងៃណាមួយអ្នកជួប Ninja កុំទៅបង្កជម្លោះជាមួយពួកគេឲ្យសោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: