Watanabe ជាបុគ្គលដែលខ្លាំងហ៊ានកាត់សូម្បីតែដៃរបស់បិសាច

តាំងពីបុរាណកាល នៅពេលដែលរដូវផ្ការីកមកដល់ ជប៉ុនប្រារព្ធពិធីបុណ្យ Setsubun (បោះសណ្តែកបណ្តេញវិញ្ញាណអាក្រក់) ដែលប្រារព្ធឡើងនៅថ្ងៃទី ៣ ខែកុម្ភៈ។ ទោះជាយ៉ាងណា រឿងនេះប្រហែលជាមិនចាំបាច់សម្រាប់ត្រកូល Watanabe នោះ​ទេ ដូច្នេះ​ហេតុ​​អ្វី​សូម្បីតែបិសាចក៏ខ្លាចត្រកូលនេះ?

អ្នកប្រហែលជាគិតថា “បោះសណ្តែកបណ្តេញសំណាងអាក្រក់” ជាអបិយជំនឿ ដូច្នេះប៉ុន្មានឆ្នាំថ្មីៗនេះ មិនសូវមានអ្នកលើកឡើងទៀតឡើយ។ យ៉ាង​ណា​កាល​ពី​តូច ពេលរដូវ Setsubun មកដល់នៅតាមសួនច្បាររបស់អ្នកជិតខាងនឹងបន្លឺសំឡេងក្មេងៗថា “បិសាចចេញក្រៅ សំណាងល្អចូលផ្ទះ” ។ ពាក្យទាំងនេះមាន​ន័យ​ថា សុំទេវតានាំមកនូវសំណាងល្អដល់ក្រុមគ្រួសារ។

ទោះជាយ៉ាងណា អ្នកដែលមានត្រកូល Watanabe បែរជានិយាយថា “ឈ្មោះ Watanabe គួរឱ្យខ្លាចណាស់ទៅហើយ សូម្បីតែបិសាចក៏មិនហ៊ានចូលមកជិត ដូច្នេះបានជាយើងគិតថា បោះសណ្តែកលែងសំខាន់” ។ ដើម្បីយល់កាន់តែច្បាស់ យើងនឹងស្វែងយល់អំពីរឿងព្រេងដែលមានពិតផ្តើមចេញពីរឿងបុរាណខាងក្រោមនេះ។

“លោក Watanabe បានកម្ចាត់បិសាច” 

រឿងព្រេងនេះមានប្រភពតាំងពីសម័យ Heian ជាសម័យកាលដែលវណ្ណៈអភិជនគ្រប់គ្រង។ គេនិយាយថានៅសម័យនោះមានព្រាយបិសាចជាច្រើនរស់នៅក្នុងទីក្រុង Kyoto ពួកវាបង្កឲ្យ​មានជំងឺ និងនាំទុក្ខវេទនាដល់មនុស្ស។ វណ្ណៈអភិជនដែលជួបបញ្ហាបានទៅពឹងសាមូរ៉ៃមកកម្ចាត់បិសាច។

នៅពេលនោះលោកមេទ័ព Minamoto Yorimitsu បានដឹកនាំកងទ័ពសាមូរ៉ៃមួយក្រុម ក្នុងនោះមានទាំង Watanabe ទៅកម្ចាត់បិសាច។ ជាដំបូង ពួកគេកម្ចាត់បាន Shuten Doji បិសាចមួយក្បាល “ញៀនស្រា” និងជាបុគ្គល​ដឹកនាំបិសាចស្រវឹង។ ថ្វីត្បិតតែ បិសាចនេះមានច្រើនប្រភេទក៏ដោយ ប៉ុន្តែទាំងអស់នេះសុទ្ធតែសំដៅលើរឿងចេះផឹកស្រាតាំងពីពេលចាប់កំណើតមកម្ល៉េះ ដូច្នេះឈ្មោះ Shuten Doji មានតាំងពីពេលនោះ។ ក្រោយមក បិសាចដែលមានឈ្មោះ Ibaraki មកសងសឹក ត្រូវ Watanabe កាត់​ដាច់​ដៃ​ទើប​រត់​គេច​ខ្លួន។ ទោះបីជាដាច់ដៃតែ Ibaraki នៅមានជីវិត វាបានប្រាប់ហ្វូងបិសាចរឿងដែលបានកើតឡើងថា “ខ្ញុំត្រូវបុរសដែលខ្លាំងក្លាមួយរូបកាត់ដាច់ដៃ ចូរប្រយ័ត្នចំពោះអ្នកដែលមានឈ្មោះ Watanabe”។ ចាប់​តាំង​ពី​ពេល​នោះ​មក ហ្វូងបិសាចលែងហ៊ានជា​មួយ​នឹង​ត្រកូល Watanabe ទៀត។

Watanabe Tsuna បានទុកដៃរបស់បិសាចក្នុងបង្វេច ហើយតាមរកវាគ្រប់ទីកន្លែងដើម្បីកម្ចាត់។ នៅពេលដែលទៅដល់ Ubagafutokoro ខេត្ត Miyagi សព្វថ្ងៃ ដែលជាស្រុកកំណើតរបស់ Watanabe Tsuna ខណៈពេលដែលគាត់កំពុងសម្រាក មីងគាត់មកដល់ទទូចអង្វរសុំមើលដៃរបស់បិសាច។ ដំបូង​ឡើយ គាត់​បដិសេធយ៉ាងខ្លាំង ប៉ុន្តែ​មីង​របស់គាត់អង្វរសុំមើល ទើបគាត់យកដៃបិសាចចេញពីបង្វេច។ តាមពិតទៅនោះគឺជាបិសាច Ibaraki បានក្លែងខ្លួនធ្វើជាអ្នកមីង ហើយលួចយកដៃរត់ទៅបាត់។ ពេល​កំពុង​ព្យាយាម​ឆ្លង​ទន្លេ វាក៏ដួលហើយ​ឈោង​ទៅ​រក​ថ្ម​ដាក់​ដៃ​ដែល Watanabe កាត់​លើ​នោះ។ ទោះជាយ៉ាងណា នៅទីបំផុតវានៅតែអាចរត់គេចខ្លួនបាន។ សព្វ​ថ្ងៃ​នេះ គេនៅ​តែ​រក្សា​ទុក​ថ្ម​ដែលបិសាចដាក់ដៃលើនៅទីនោះ។

រូបភាព៖ https://japanmystery.com/miyagi/tekakeisi.html

មានពាក្យមួយចំនួនសំដៅលើ Setsubun នៅទីនេះផងដែរ។ ព្រោះតែបិសាចបានរត់គេចខ្លួន ដូច្នេះពួកគេមិនប្រើប្រយោគ “បិសាចចេញក្រៅ” ទេ។ អ្នកប្រហែលជាជឿ ឬមិនជឿរឿងនេះ ប៉ុន្តែបើនិយាយប្រាប់ជនជាតិជប៉ុនដែលអ្នកស្គាល់អំពី Watanabe ពួកគេប្រាកដជាភ្ញាក់ផ្អើល។

ឥឡូវនេះម៉ោង ២៣ៈ៤៣ នាទី ថ្ងៃទី ៣ ខែកុម្ភៈ ពេលកំពុងសរសេរអត្តបទនេះ ខ្ញុំស្រាប់តែដឹងថាថ្ងៃនេះជាពិធីបុណ្យ​បោះ​សណ្តែក ព្រោះតែមិនមានសណ្តែកសម្រាប់បោះ ដូច្នេះខ្ញុំបោះគ្រាប់ស្វាយចន្ទី។ ទោះជាយ៉ាងណា រាងឆ្គងៗ ប្រហែលជាមិនអាចបណ្តេញបិសាចបានឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: