តារា​ចម្រៀងស្រីជនជាតិជប៉ុនត្រូវបុរសម្នាក់ចាក់សម្លាប់ជាច្រើនកាំបិត

នៅពេលសម្រុកចូលបន្ទប់សណ្ឋាគារត្រួតពិនិត្យ ប៉ូលិសបានប្រទះឃើញកញ្ញា Hirabayashi Sana ដេកស្លាប់លើគ្រែក្នុងសភាពអាក្រាតកាយ ត្រង់​ក​មាន​ស្នាម​ចាក់។ 

តារាចម្រៀងស្រី Hirabayashi Sana ។ រូបភាព៖ Yahoo Japan

តារា​ស្រី Hirabayashi Sana ត្រូវបានគេប្រទះឃើញថាស្លាប់នៅអាយុ ២៤ ឆ្នាំកាលពីថ្ងៃទី ៣ ខែកុម្ភៈ។ យោងទៅ​តាម Japan Times នាង​ត្រូវ​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃក្នុងបន្ទប់សណ្ឋាគារ។ កាល​ពី​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ប៉ូលិស​ជប៉ុន​បាន​ប្រកាស​រូបភាព​ចាប់​​ខ្លួន​​ជន​​សង្ស័យ។

សក្ខីកម្មរបស់ជនសង្ស័យអាយុ ៥៤ ឆ្នាំ។

ករណីឃាតកម្មនេះកើតឡើងក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅ Kotobukicho ទីក្រុង Fuchu (ប្រទេសជប៉ុន)។ សាកសព​របស់កញ្ញា Hirabayashi Sana ត្រូវ​​បាន​​​​រក​​ឃើញ​​នៅម៉ោង ២ ទៀប​ភ្លឺ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ។ អ្នកដែលបានរាយ​ការណ៍​ករណី​នេះ​ជា​បុគ្គលិក​ទទួល​ភ្ញៀវ ដោយសារមិនអាចទាក់ទង​ជា​មួយ​ជន​រង​គ្រោះ និងបុរសរួមបន្ទប់មួយថ្ងៃមុន​នោះ។

នៅពេលទទួលបានដំណឹង ប៉ូលិស ៥ នាក់បានទៅដល់​កន្លែង​កើតហេតុ និងត្រួតពិនិត្យបន្ទប់​ដែល​តារាចម្រៀង​ស្រី​ស្នាក់​នៅ។ ពេលសម្រុកចូលពួកគេបាន​ប្រទះ​ឃើញកញ្ញា Hirabayashi Sana ដេក​ស្លាប់​អាក្រាត​កាយ​លើ​គ្រែ​ដោយ​​​មាន​​​ស្នាម​​​ចាក់​​​ត្រង់​​​ក។ ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ប៉ូលិសបានអោយដឹងថា ជន​រង​គ្រោះ​មាន​​ស្នាម​​ចាក់​ត្រង់​​ក​​ចំនួន ៣ កន្លែង ស្លាប់ដោយសារបាត់បង់ឈាមច្រើន។

ជនសង្ស័យដែលសម្លាប់កញ្ញា Hirabayashi Sana ។ រូបភាព៖ Yahoo Japan

វេលាម៉ោង ៥ៈ៣០ នាទី ព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ប៉ូលិសចាប់ខ្លួន Akira Ishikawa អាយុ ៥៤ ឆ្នាំដែលគ្មានការងារធ្វើ។ Akira Ishikawa ជាអ្នកដែលបានចូលសណ្ឋាគារជាមួយកញ្ញា Hirabayashi Sana ។ នៅពេលដែលត្រូវចាប់ខ្លួន ជននេះបានលាក់ខ្លួននៅផ្ទះដែលមានចម្ងាយ ១,៥ គីឡូម៉ែត្រ​​ពី​​កន្លែង​​កើត​​ហេតុ។ នៅទីនោះ សមត្ថកិច្ច​ក៏​បាន​ដក​ហូត​​កាំបិត​​តូច​​ចំនួន ២ ឯក​សារ​​ផ្ទាល់​ខ្លួន​ដែលប្រឡាក់ឈាមរបស់ជនរងគ្រោះ។

Akira Ishikawa សារភាព​ថា​បាន​សម្លាប់​តារា​ចម្រៀងស្រីវ័យ ២៤ ឆ្នាំ ដោយ​គ្មាន​អ្នក​សមគំនិត។ នៅថ្ងៃកើតហេតុ​ Akira ចាំ Hirabayashi Sana ដេកលក់ ទើបវាយប្រហារប្រើវត្ថុមុតស្រួចចាក់រហូតដល់ជនរងគ្រោះស្លាប់។ បន្ទាប់ពីបានឃើញ Hirabayashi Sana ដាច់ខ្យល់ ទើប Akira Ishikawa ចាកចេញពីកន្លែងកើតហេតុ។

Akira Ishikawa មិនបានបង្ហាញពីវិប្បដិសារីចំពោះការសម្លាប់កញ្ញា Hirabayashi Sana នោះទេ។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រៀបចំ​ផែនការ និង​លួងលោម​ជនរងគ្រោះ​ចូល​សណ្ឋាគារ ដើម្បី​ប្រព្រឹត្ត​បទល្មើស។ ប៉ូលិស​ម្នាក់​បានប្រាប់ YBS ថា “Akira Ishikawa និយាយ​ពី​គោល​បំណងសម្លាប់ Hirabayashi Sana ។ គាត់ចាក់​ក​ជន​រង​គ្រោះ​ជា​ច្រើន​កាំបិត ដើម្បីប្រាកដថានាងពិតជាស្លាប់” ។

បើតាមការកត់សម្គាល់របស់ប៉ូលិស Akira Ishikawa មានជម្លោះហិរញ្ញវត្ថុជាមួយជនរងគ្រោះតាំងពីខែធ្នូ ឆ្នាំ ២០២២ ។ ក្រោមស្ថានភាពរំជួលចិត្ត Akira បានទូរស័ព្ទទៅប៉ូលីសដើម្បីសួរពីរបៀបដោះស្រាយជម្លោះសេដ្ឋកិច្ចជា​មួយ​ស្ត្រី​​ជិត​ស្និទ្ធ​​ម្នាក់។ នៅពេលដែលប៉ូលិសបានស្នើបើកការស៊ើបអង្កេត និងដោះស្រាយជម្លោះ Akira Ishikawa បាន​បដិសេធ ដោយ​និយាយ​ថា​គាត់​នឹង​ដោះ​ស្រាយ​រឿង​នេះដោយខ្លួនឯង។

ការស្លាប់របស់កញ្ញា Hirabayashi Sana បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្មាននរណានឹកស្មានថា អាជីពរបស់តារា​ចម្រៀង​រូប​នេះនឹងបញ្ចប់នៅអាយុ ២៤ ឆ្នាំឡើយ។ មិនមានស្នាដៃលេចធ្លោ ប៉ុន្តែ Hirabayashi Sana ត្រូវគេចាត់ទុក​ជា​មនុស្ស​សកម្ម ខិតខំប្រឹងប្រែងដើម្បីអនាគតក្នុងវិស័យសិល្បៈជានិច្ច។

នេះបើតាម Yahoo Japan កញ្ញា Hirabayashi Sana កើតក្នុងគ្រួសារធូរធារ។ ជីតា និងឪពុករបស់នាងជាវេជ្ជបណ្ឌិត កញ្ញា Hirabayashi Sana បាត់បង់ម្តាយតាំងពីតូច ហើយត្រូវបានជីដូនមើលថែ។ អ្នក​ជិត​ខាង​បាន​អោយដឹង Sana មាន​​ប្រវត្តិ​​ការ​សិក្សា​ល្អ បុគ្គលិក​លក្ខណៈ​រួស​រាយ​​រាក់​ទាក់ នាងចូលចិត្តច្រៀងតាំងពីក្មេង។

ការស្លាប់របស់តារាស្រីធ្វើអោយទស្សនិកជន និងមិត្តរួមការងារភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រូបភាព៖ Suoh

ក្រោយពេលបញ្ចប់វិទ្យាល័យ Hirabayashi Sana បោះបង់ឳកាសចូលរៀនសកលវិទ្យាល័យ។ នាងចូលរៀនសាលាបង្រៀន​​​វិជ្ជាជីវៈ ដើម្បី​ចូល​រួម​វិស័យ​សិល្បៈ។ នៅឆ្នាំ ២០១៧ Sana ត្រូវបានគេស្គាល់ក្នុងនាមជាតារាចម្រៀងក្រុម Aoharu since ឆ្នាំ ២០១៥ ។

ទោះជាយ៉ាងណា ដោយសារការសិក្សាមមាញឹក និងជំនាញរាំមានកម្រិត Hirabayashi Sana ត្រូវដកខ្លួនចេញពី Aoharu since ឆ្នាំ ២០១៥ ចូលរួមត្រឹម​អំឡុងពេល ៦ ខែដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុម ចំណុចនេះធ្វើឱ្យនាងពិបាករកបានឳកាសល្បីឈ្មោះ។

បន្ទាប់មក Hirabayashi Sana បានប្តូរទៅធ្វើការក្នុងវិស័យបង្ហាញម៉ូដ cosplay ដោយយកឈ្មោះថា Rika Hoshitani ។ នៅលើ Yahoo Japan អ្នកគ្រប់គ្រងចាស់របស់ Hirabayashi Sana បានអោយដឹងថា នាងមានក្តីស្រមៃ​ចង់​ក្លាយ​ជា​សមាជិក​ក្រុម Nogizaka46 ។

ថ្វីត្បិតតែលើសអាយុដាក់ពាក្យ ហើយអាជីពរបស់នាងមិនមានសមិទ្ធិផលលេចធ្លោដូចមិត្តភក្ដិរបស់ខ្លួន យ៉ាង​ណា Hirabayashi Sana នៅ​តែ​មិន​រួញ​រា។ ជាច្រើនឆ្នាំមកនេះ នាងនៅតែព្យាយាមពង្រឹងជំនាញច្រៀង និងរាំ។ ដូច្នេះហើយ ការ​ចាក​ចេញ​របស់ Hirabayashi Sana បានធ្វើឱ្យអតីតអ្នកគ្រប់គ្រងរបស់នាងមានការសោកស្ដាយ។

អ្នកគ្រប់គ្រងបានចែករំលែកបន្ថែមថា “Hirabayashi Sana ជាតារាស្រីដែលមានទំនួលខុសត្រូវ។ Sana ប្រាថ្នាចង់ក្លាយជាតារាស្រីកំពូលមួយរូប និងបន្តសម្រេចក្តីស្រមៃជានិច្ច នាងកំពុងរង់ចាំឱកាសសម្រាប់ខ្លួន។ គួរអោយ​សោក​​ស្តាយ Sana មិន​ទាន់​សម្រេច​គោល​បំណង​របស់​ខ្លួន” ។

ប្រភព៖ Skydoor

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: