ហេតុអ្វីបានជាប្រជាជនជប៉ុនយកចិត្តទុកដាក់ចំពោះច្បាប់ទម្លាប់ និងអាកប្បកិរិយា?
ពិភពលោកសរសើរប្រជាជនជប៉ុនយ៉ាងខ្លាំងចំពោះការគោរពច្បាប់ទម្លាប់ និងអាកប្បកិរិយា។ ហេតុអ្វីបានជាពួកគេអាចបង្កើត “ឥរិយាបថ” បែបនេះ តើអ្នកជឿទេ ប្រសិនបើខ្ញុំនិយាយថា ដោយសារជប៉ុនធ្លាប់ជាកន្លែងរស់នៅដ៏អាក្រក់បំផុត?
ជនបរទេសគិតថាប្រជាជនជប៉ុនផ្តោតសំខាន់ទៅលើសុជីវធម៌ និងច្បាប់ទម្លាប់ ដូច្នេះមិនមានអ្នកប្រព្រឹត្តខុសនោះទេ។ ចំណុចនេះត្រូវបើសំដៅលើជប៉ុនកាលពីមួយទសវត្សរ៍មុន យ៉ាងណាជប៉ុនសព្វថ្ងៃនេះបានផ្លាស់ប្តូរទៅហើយ។
តើអ្នកដឹងទេថា ហេតុអ្វីបានជាប្រជាជនជប៉ុនប្រែជាយ៉ាងនេះដែរទេ? មិនមែនដោយសារតែ DNA របស់ប្រជាជនជប៉ុនពិសេសនោះទេ មានទ្រឹស្តីលើកឡើងថា ព្រោះតែបរិយាកាសរស់នៅក្នុងប្រទេសជប៉ុនអាក្រក់ខ្លាំង។ ខ្ញុំនឹងពន្យល់លម្អិតអំពីសម្មតិកម្មនេះ។
ចំណុចដំបូង ប្រទេសជប៉ុនមាន ៤ រដូវ។
នៅជប៉ុនទេសភាពស្រស់ស្អាត ប៉ុន្តែចូរស្រមៃមើលនៅសម័យដែលអរិយធម៌មិនទាន់អភិវឌ្ឍ ជីវភាពនៅជប៉ុនលំបាកយ៉ាងខ្លាំង។ រដូវក្តៅគឺក្តៅជាងពេលណាៗទាំងអស់ ចំណែករដូវរងាត្រជាក់ខ្លាំង។
បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានអាកាសធាតុកក់ក្តៅ ជប៉ុនប្រហែលជាប្រទេសដែលមានអាកាសធាតុអាក្រក់បំផុតក្នុងសម័យដែលមិនមានម៉ាសុីនត្រជាក់។ ព្រោះអ្នកអាចនឹងស្លាប់ប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពសីតុណ្ហភាពក្នុងខ្លួនជាមួយនឹងបរិយាកាសខាងក្រៅ។
ចំណុចទី ២ ប្រទេសជប៉ុនមានគ្រោះធម្មជាតិច្រើន។
ជប៉ុនមានតំបន់ភ្នំភ្លើងច្រើន ដែលបង្កើតបានជាប្រភពទឹកក្ដៅដ៏អស្ចារ្យ ប៉ុន្តែតំបន់ភ្នំភ្លើងទាំងនេះក៏ជាមូលហេតុបង្កឲ្យមានគ្រោះមហន្តរាយជាច្រើនដូចជារញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ។
ការដែលមានភ្នំច្រើនធ្វើឲ្យទឹកទន្លេនៅប្រទេសជប៉ុនសម្បូរបែប ប៉ុន្តែក៏ងាយនឹងជន់លិចដែរ។ ជាងនេះទៅទៀត បញ្ហាបាក់ដី និងផ្ទាំងទឹកកកនៅតំបន់ភ្នំក៏កើតឡើងញឹកញាប់ផងដែរ។ ដូច្នេះអ្នកប្រហែលជាយល់ហើយថាជប៉ុនជាប្រទេសពិបាករស់នៅ។
ចំណុចទី ៣ ប្រជាជនជប៉ុនមិនអាចរស់បានទេបើមិនសហការគ្នា។
ពិភពលោកវឹកវរដោយសារជំងឺរាតត្បាតកូវីដ ១៩ និងសង្គ្រាមកំពុងកើតឡើងនៅកន្លែងជាច្រើន។ នៅពេលអនាគត សង្គ្រាមទាំងនេះក៏អាចវិវត្តទៅជាសង្គ្រាមលោកលើកទី ៣ ផងដែរ។ ទន្ទឹមនឹងការខ្វះខាតស្បៀងអាហារដោយសារកំណើនប្រជាជន ពិភពលោកទាំងមូលនឹងស្ថិតក្នុងស្ថានភាពរស់នៅអាក្រក់ដូចប្រទេសជប៉ុនពីមុន។ ដូច្នេះហើយបានជាក្នុងសម័យនេះ យើងនឹងមិនអាចរស់បានទេបើមិនសហការគ្នា។
ថ្វីត្បិតតែ ប្រជាជនជប៉ុនពូកែ ប៉ុន្តែមិនមែនមានន័យថាពួកគេពិសេសនោះទេ។ ទោះបីជាពេលខ្លះពួកគេមានអាកប្បកិរិយាហួសហេតុបន្តិច ប៉ុន្តែពួកគេតែងតែយកចិត្តទុកដាក់ និងគោរពអ្នកដទៃ។ ខ្ញុំជឿថាការផ្សព្វផ្សាយវប្បធម៌ល្អនេះទៅកាន់ពិភពលោកអាចរួមចំណែកដល់សន្តិភាពរបស់មនុស្សជាតិ។
Kengo Abe