តុលាការកាត់ទោសបុរសវ័យ ៦០ ឆ្នាំដែលសម្លាប់ និងប្លន់ស្រ្តីជនជាតិវៀតណាមម្នាក់
កាលពីថ្ងៃទី ៣ ខែកុម្ភៈ តុលាការ Osaka បានកាត់ទោសបុរសម្នាក់ឱ្យជាប់គុកអស់មួយជីវិត ពីបទសម្លាប់ និងប្លន់ប្រាក់ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាបុគ្គលិកក្រៅម៉ោងនៅហាងលក់បាយប្រអប់។
យោងតាមការចោទប្រកាន់បានឱ្យដឹងថា កាលពីខែមេសាឆ្នាំមុន ចុងចោទ Yamaguchi Toshiya (អាយុ ៦០ ឆ្នាំ) បានបបួល Vu Thi Le Quyen (អាយុ ៣១ ឆ្នាំ) ទៅលេងផ្ទះនៅ Osaka ។ នៅទីនោះ ជននេះបានច្របាច់កជនរងគ្រោះរហូតដល់ស្លាប់ ហើយយកប្រាក់ចំនួន ២៦,០០០ យ៉េន។
ក្នុងសវនាការ ព្រះរាជអាជ្ញាបានអោយដឹងថា “នៅពេលប្រព្រឹត្តបទឧក្រិដ្ឋ ជនជាប់ចោទគ្មានប្រាក់សូម្បីតែ ១០០ យ៉េនក្នុងហោប៉ៅ ហើយកំពុងត្រូវការប្រាក់យ៉ាងខ្លាំង។ ដូច្នេះហើយពេលបបួលជនរងគ្រោះមកផ្ទះ ជនជាប់ចោទបានច្របាច់កជនរងគ្រោះរហូតដល់ស្លាប់” ដូច្នេះស្នើឱ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះទង្វើដ៏សាហាវនេះ។
ម៉្យាងវិញទៀត Yamaguchi Toshiya បានបដិសេធចំពោះការចោទប្រកាន់មួយផ្នែកដោយនិយាយថា “ដំបូងឡើយ ខ្ញុំបបួលជនរងគ្រោះមកផ្ទះលេងមិនមែនមានបំណងសម្លាប់មនុស្ស ឬប្លន់ប្រាក់នោះទេ” ។
មេធាវីការពារក្តីរបស់ជននេះក៏បានការពារដែរថា “ដោយសារតែកញ្ញា Vu ស្រែកខ្លាំងៗធ្វើឱ្យចុងចោទភ្ញាក់ខ្លួន ដូច្នេះចុងចោទគ្រាន់តែមានបំណងធ្វើឱ្យនាងសន្លប់ មិននឹកស្មានថាបណ្តាលឱ្យស្លាប់” ។ ហើយសង្ឃឹមថា តុលាការនឹងកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ជំនួសការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណា តុលាការ Osaka នៅតែរក្សាការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះ Yamaguchi Toshiya ។
ប្រភព៖ TBS News
hinhin