រឿងរ៉ាវស្នេហាដ៏ឈឺចាប់រវាងសាមូរ៉ៃ និងស្រ្តីពេស្យា
មានរឿងរ៉ាវស្នេហាដ៏ឈឺចាប់ជាច្រើន នៅពេលដែលអ្នកទាំងពីរមិនអាចនៅជាមួយគ្នាបាន។ ក្នុងនោះល្បីបំផុតរឿង Romeo និង Juliet របស់ Shakespeare ។ ស្រដៀងគ្នាដែរ ជប៉ុនក៏មានរឿងរ៉ាវស្នេហាពិត និងឈឺចាប់ខ្លាំងរបស់សាមូរ៉ៃផងដែរ។
រឿងនេះមានឈ្មោះថា Fujieda Shinju ពាក្យ Shinju មានន័យថាស្លាប់ជាមួយគ្នា។ មានរឿងជាច្រើននិយាយពីការធ្វើអត្តឃាតរួមគ្នា ប៉ុន្តែរឿងនេះល្បីដោយសារតែឋានៈរបស់តួអង្គ និងដំណើររឿង។
ជាដំបូងខ្ញុំសូមណែនាំតួអង្គសំខាន់ៗក្នុងរឿងនេះ។
តួឯកប្រុសមានឈ្មោះថា Fujieda Norinari ជាសាមូរ៉ៃដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានប្រពន្ធ និងកូន ៤ នាក់ (ប្រុស ៣ នាក់ និងស្រីម្នាក់) ។ ចំណែកតួឯកស្រីមានឈ្មោះថា Ayaginu ធ្វើការជាស្រ្តីពេស្យា នៅពេលនោះនាងមានអាយុ ១៩ ឆ្នាំ ស្មើអាយុប្រពន្ធរបស់សាមូរ៉ៃ Fujieda ។
សង្ខេបសាច់រឿង
ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមនៅពេលដែល Fujieda ទៅកាន់់កន្លែងស្រ្តីពេស្យា ជាកន្លែងដែល Ayaginu កំពុងនៅ។ នៅទីនោះមិនមែនជាកន្លែងសម្រាប់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ដូចជា Fujieda មកឡើយ។
ទំនាក់ទំនងរបស់ពួកគេរីកចម្រើននៅពេលដែល Fujieda មកកន្លែងនេះញឹកញាប់។ ទោះជាយ៉ាងណា នៅពេលនោះ Ayaginu មានប្រជាប្រិយភាពខ្លាំង ដូច្នេះត្រូវទទួលភ្ញៀវជាច្រើនផ្សេងទៀត។ ម្នាក់ក្នុងចំណោមនោះជាឈ្មួញមានទ្រព្យសម្បត្តិ គាត់និយាយថាចង់លោះខ្លួនឲ្យនាង។
តម្លៃលោះខ្លួនត្រូវបានប្រគល់ទៅឲ្យម្ចាស់ហាង ចំណែក Ayaginu ត្រូវទៅនៅជាមួយនឹងម្ចាស់ថ្មី។ នៅពេលដែល Fujieda ដឹងដំណឹងនេះបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្វីត្បិតតែ Fujieda ជាសាមូរ៉ៃដែលមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែគាត់បែរជាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់លោះខ្លួន Ayaginu ទៅវិញ។
Fujieda គិតយ៉ាងច្រើន ហើយរត់ទៅរក Ayaginu ប៉ុន្តែគាត់ត្រូវអ្នកបម្រើរបស់ឈ្មួយម្នាក់នោះដេញចេញ។ ក្រោយមក Fujieda បានរត់ទៅចាក់សម្លាប់ Ayaginu ហើយបញ្ចប់ជីវិតខ្លួនឯង។ នៅពេលនោះ Fujieda មានអាយុ ២៨ ឆ្នាំ ចំណែក Ayaki អាយុ ១៩ ឆ្នាំ។
ទោះបីជាអ្នកទាំងពីរបានស្លាប់ទៅហើយក្តី ប៉ុន្តែម្តាយ និងប្រពន្ធរបស់ Fujieda ត្រូវគេយកទៅកាត់ទោស។ ត្រូវហើយ ក្នុងករណីសាមូរ៉ៃប្រព្រឹត្តបទល្មើស មិនត្រឹមតែបុគ្គលនោះ សូម្បីតែសមាជិកគ្រួសារក៏ទទួលរងការផ្តន្ទាទោសផងដែរ។
ក្នុងរឿង Romeo និង Juliet បញ្ចប់ដោយឈុតឆាកសាច់ញាតិពេលដឹងដំណឹងអ្នកទាំងពីរស្លាប់ មានការសោកស្តាយយ៉ាងខ្លាំងដែលបានជំទាស់ស្នេហារបស់ពួកគេ។ ចំណែកក្នុងរឿងរបស់ Fujieda បញ្ចប់រឿងគ្រួសាររបស់គាត់ត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។
ខ្ញុំគិតថា ប្រហែលជាម្តាយរបស់ Fujieda សោកស្ដាយយ៉ាងខ្លាំង ព្រោះតែបានចិញ្ចឹមកូនប្រុសបែបនេះ ចំណែកប្រពន្ធរបស់គាត់ក៏ពោរពេញទៅដោយកំហឹងដែរ។ ក្រៅពីនេះ បើនិយាយពីទង្វើផិតក្បត់របស់តួឯកប្រុស វាមិនមែនជារឿងរ៉ាវស្នេហាបរិសុទ្ធដូចជា Romeo និង Juliet នោះទេ។ Fujieda បានប្រព្រឹត្តិខុសទាំងស្រុងនឹងការបង្រៀននៃស្មារតីសាមូរ៉ៃត្រូវរក្សាភាពស្ងប់ស្ងាត់។
យើងគ្រប់គ្នាដឹងថា ឥទ្ធិពលស្នេហាអាចជម្រុញឲ្យមនុស្សឆ្កួតបាន។ ទោះជាយ៉ាងណា នៅពេលដែលខ្ញុំគិតដល់អារម្មណ៍របស់ Fujieda ពេលគាត់ចាក់មនុស្សដែលគាត់ស្រលាញ់ បេះដូងកាន់តែឈឺចាប់ជាងនេះ។
Kengo Abe