ក្រុមហ៊ុនជប៉ុនអនុញ្ញាតឱ្យបុគ្គលិកធ្វើការក្រៅម៉ោងរកចំណូលបានរាប់លានក្នុងមួយឆ្នាំ
ដើម្បីរក្សាបុគ្គលិកវ័យក្មេងដែលចង់បានបរិយាកាសការងារដែលអាចបត់បែនបាន ក្រុមហ៊ុនធំៗនៅជប៉ុនកំពុងចាប់ផ្តើមទទួលយកការងារក្រៅម៉ោង។
បច្ចុប្បន្នសាជីវកម្មជប៉ុនកំពុងបន្ធូរបន្ថយបទប្បញ្ញត្តិដើម្បីអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារក្រៅម៉ោង ដូចជា YouTuber ឬខាងវិស័យសិល្បៈជាដើម។ គោលដៅរបស់ពួកគេគឺដើម្បីរក្សាបុគ្គលិកវ័យក្មេងដែលទាមទារបរិយាកាសការងារដែលអាចបត់បែនបាន។
Mitsui & Co. ជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មធំលើពិភពលោក។ ថ្មីៗនេះ សាជីវកម្ម Mitsui បានដកចេញបទប្បញ្ញត្តិហាមបុគ្គលិកមិនឱ្យធ្វើការក្រៅម៉ោង។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនពាណិជ្ជកម្មធំទីបីរបស់ជប៉ុនបានឱ្យដឹងថា Mitsui អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនរកប្រាក់បន្ថែមនៅកន្លែងផ្សេង។
ទីស្នាក់ការកណ្តាលរបស់ Mitsui & Co. នៅទីក្រុងតូក្យូ។ រូបភាព៖ Bloomberg
ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីទទួលយកបទប្បញ្ញត្តិការងារដែលអាចបត់បែនបាន។ ដោយផ្អែកលើវិធីនេះ ពួកគេអាចទាក់ទាញកម្មករវ័យក្មេង ក្នុងបរិបទចំនួនប្រជាជនធ្លាក់ចុះ ជាពិសេសអំឡុងពេលកើតមានជំងឺរាតត្បាត។
ក្រុមហ៊ុនបានឱ្យដឹងថា “ក្រោយពេលអនុវត្តគោលនយោបាយធ្វើការពីចម្ងាយ និងម៉ោងធ្វើការអាចបត់បែនបាន។ យើងជឿជាក់ថា ដល់ពេលដែលត្រូវធ្វើបន្ថែមទៀត ដើម្បីឱ្យបុគ្គលិកអាចបន្តទាំងការអភិវឌ្ឍអាជីព និងទម្រង់ការងារថ្មី” ។ ការងារក្រៅម៉ោងមានដូចជាគ្រូបង្វឹក ធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យាបើកដំបូង ចង់ក្លាយ YouTuber ឬវិស័យសិល្បៈ។
យោងទៅតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុត បុគ្គលិករបស់ Mitsui រកបានជាមធ្យមប្រហែល ១៤,៨ លានយ៉េន (១១៤.០០០ ដុល្លារ) ក្នុងមួយឆ្នាំ។
ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor Co. និងក្រុមហ៊ុនអាកាសចរណ៍ ANA Holdings Inc. បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារក្រៅម៉ោង។
ក្រុមហ៊ុនពាណិជ្ជកម្ម រួមទាំងសាជីវកម្មដូចជា Mitsubishi Corp. និង Sumitomo Corp., មានឥទ្ធិពលយ៉ាងខ្លាំងនៅប្រទេសជប៉ុន ដោយសារសកម្មភាពអាជីវកម្មចម្រុះរបស់ពួកគេគ្របដណ្តប់លើវិស័យជាច្រើនដូចជាទំនិញ និងផលិតផលប្រើប្រាស់។ ពួកគេក៏ទាក់ទាញអ្នកវិនិយោគបរទេសដូចជា Berkshire Hathaway Inc. របស់ Warren Buffett កាន់កាប់ ៦,៦% ភាគហ៊ុនរបស់ Mitsui ។
ក្រុមហ៊ុនទាំងនេះមានប្រជាប្រិយភាពខ្លាំងចំពោះនិស្សិតទើបបញ្ចប់ការសិក្សា ដោយសារតែប្រាក់ខែខ្ពស់ និងសុវត្ថិភាពការងារ។ ហើយក៏ជាកន្លែងសម្រាប់សហគ្រិនជោគជ័យមួយចំនួនផងដែរ។ ក្នុងចំណោមនោះមាន Takeshi Niinami អតីតបុគ្គលិករបស់ Mitsubishi ដែលបច្ចុប្បន្នជាប្រធានសាជីវកម្មស្រា Suntory Holdings Ltd ។
ប្រភព៖ Bloomberg