ឆ្មាំសមុទ្រចិនចូលឈ្លានពានដែនសមុទ្រជប៉ុននៅប្រជុំកោះ Senkaku
នៅព្រឹកថ្ងៃទី ៣០ ខែមករា នាវាឆ្មាំសមុទ្រចិនចំនួន ៤ គ្រឿងចូលឈ្លានពានដែនសមុទ្រជប៉ុននៅប្រជុំកោះ Senkaku ខេត្ត Okinawa ។ កងកម្លាំងការពារដែនសមុទ្រជប៉ុនបានដាក់ពង្រាយទូកល្បាត ដើម្បីធានាសុវត្ថិភាពនាវានេសាទ និងបន្តព្រមាននាវាឆ្មាំសមុទ្រចិនឱ្យចាកចេញពីដែនទឹកជាបន្ទាន់។
នេះបើតាមមេបញ្ជាការឆ្មាំឆ្នេរសមុទ្រជប៉ុន នៅវេលាម៉ោង ៤ កន្លះទៀបភ្លឺនាថ្ងៃទី ៣០ បានប្រទះឃើញនាវាឆ្មាំសមុទ្រចិនចំនួន ៤ គ្រឿង តាមពីក្រោយនាវានេសាទជប៉ុនចូលតំបន់សមុទ្រក្បែរឆ្នេរសមុទ្រ Minamiko និង Uotsuri ។
ឆ្មាំសមុទ្រជប៉ុនបានដាក់ពង្រាយទូកល្បាតជុំវិញតំបន់នេះ ដើម្បីធានាសុវត្ថិភាពនាវាស្រាវជ្រាវចំនួន ៥ និងនាវានេសាទផ្សេងទៀត ព្រមទាំងបន្តព្រមាននាវាឆ្មាំសមុទ្រចិនឱ្យចាកចេញពីដែនទឹកជប៉ុនជាបន្ទាន់។ ទីក្រុង Ishigaki គ្រោងនឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់កោះ Uotsuri ។
ពាក់ព័ន្ធនឹងករណីនាវាឆ្មាំសមុទ្រចិនចំនួន ៤ គ្រឿងឈ្លានពានដែនទឹក មេបញ្ជាការឆ្មាំសមុទ្រតំបន់ ១១ លោក Masahiro Ichijo បាននិយាយថា៖ “នាវាឆ្មាំសមុទ្រចិនបានដាក់ចេញការទាមទាររបស់ខ្លួន។ ដូចដែលខ្ញុំបាននិយាយពីមុនមក ការឈ្លានពានដែនទឹកជាការបំពានច្បាប់អន្តរជាតិ ជាមួយនឹងគោលនយោបាយការពារដែនសមុទ្រយ៉ាងម៉ឺងម៉ាត់ ខ្ញុំសង្ឃឹមថាអាចសហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តឆ្លើយតបដោយស្ងប់ស្ងាត់ និងជាប់លាប់ អនុវត្តគ្រប់វិធានការដើម្បីការពារដែនសមុទ្រ” ។
ប្រភព៖ NHK
Hin Hin