កញ្ចក់ស្ពាន់ និងដាវសម្រាប់បណ្តេញខ្មោចបិសាចរកឃើញក្នុងផ្នូរបុរាណជប៉ុន
កញ្ចក់ស្ពាន់មានរាងដូចជាខែល និងដាវដែកប្រវែង ២,៣៧ ម៉ែត្រត្រូវបានគេរកឃើញនៅក្បែរមឈូសឈើដែលមានអាយុកាលប្រហែលក្នុងសតវត្សទី ៤ ។
កញ្ចក់ស្ពាន់មានរាងខែលត្រូវបានរកឃើញនៅកន្លែងបញ្ចុះសព Tomiomaruyama ។ រូបភាព៖ ក្រុមប្រឹក្សាអប់រំក្រុង Nara
មជ្ឈមណ្ឌលស្រាវជ្រាវទ្រព្យសម្បត្តិវប្បធម៌ទីក្រុង Nara និងវិទ្យាស្ថានបុរាណ Kashihara ខេត្ត Nara បានប្រកាសពីការរកឃើញថ្មី និងមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី ២៥ ខែមករា។ ការរកឃើញទាំងនេះរួមមានកញ្ចក់ស្ពាន់រាងខែល និងដាវដែកធំមួយដែលបានរកឃើញនៅទីបញ្ចុះសព kofun Tomiomaruyama ។ នេះជាកន្លែងបញ្ចុះសព kofun មានរាងមូលធំជាងគេនៅជប៉ុន ដែលមានអាយុកាលតាំងពីពាក់កណ្តាលសតវត្សទី ៤ មកម្ល៉េះ។
មជ្ឈមណ្ឌលស្រាវជ្រាវទ្រព្យសម្បត្តិវប្បធម៌ទីក្រុង Nara ចាប់ផ្តើមជីក Tomiomaruyama ពីឆ្នាំ ២០១៨ ។ នៅឆ្នាំនេះ ក្រុមការងារបានរកឃើញមួយផ្នែកនៃ kofun ដែលហៅថា “tsukuridashi” ចំណែកដែលលេចចេញនៅកណ្តាលកន្លែងបញ្ចុះសព រីឯមឈូសឈើមានប្រវែង ៥ ម៉ែត្រ។
ពួកគេក៏បានរកឃើញដាវដែក និងកញ្ចក់ស្ពាន់ក្នុងស្រទាប់ដីឥដ្ឋដែលគ្របលើមឈូស។ នេះជាលើកទីមួយហើយដែលកញ្ចក់ស្ពាន់រាងខែលត្រូវបានរកឃើញនៅកន្លែងបុរាណវិទ្យាក្នុងប្រទេសជប៉ុន។
កញ្ចក់មានឆ្លាក់ក្បាច់ស្មុគស្មាញលើផ្ទៃខាងក្រោយ ហើយត្រូវបានអ្នកជំនាញសរសើរថា ជាស្នាដៃស្ពាន់ពីសម័យ Kofun (សតវត្សទី ៣-៧) មានប្រវែងប្រហែល ៦៤ សង់ទីម៉ែត្រ។ កញ្ចក់ស្ពាន់នៅកន្លែងបុរាណវិទ្យាជាធម្មតាមានរាងមូល ប៉ុន្តែកញ្ចក់នេះមានរាងខែលទៅវិញ។
នៅកណ្តាលផ្ទៃខាងក្រោយកញ្ចក់ត្រូវបានរចនាឡើងអាចកាន់បាន។ ផ្នែកទាំងសងខាងនេះមានក្បាច់រចនារាងមូល ក្បាច់រចនាទាំងនេះស្រដៀងទៅនឹងរូបឆ្លាក់លើ Daryukyo ជាកញ្ចក់បុរាណដែលផលិតនៅប្រជុំកោះជប៉ុនក្នុងកំឡុងសម័យ Kofun ។
ដោយសារមូលហេតុនេះ អ្នកជំនាញបានដាក់ឈ្មោះការរកឃើញថ្មីនេះថា “កញ្ចក់ស្ពាន់រាងខែល Daryumon” ។ វាមានផ្ទៃធំជាងគេក្នុងចំណោមកញ្ចក់ស្ពាន់ដែលបានរកឃើញនៅកន្លែងបុរាណវិទ្យាជប៉ុន។ មុននោះ កំណត់ត្រានេះបានទៅលើកញ្ចក់នៅ Hirabaru ខេត្ត Fukuoka ដែលមានអង្កត់ផ្ចិត ៤៦,៥ សង់ទីម៉ែត្រ។
រូបភាពថតកាំរស្មីអ៊ិចបង្ហាញពីទំហំប្រហាក់ប្រហែលដាវ។ រូបភាព៖ វិទ្យាស្ថានបុរាណវិទ្យា Kashihara ខេត្ត Nara ។
ដាវដែលជីកបាននៅ kofun Tomiomaruyama មានប្រវែង ២,៣៧ ម៉ែត្រ និងទទឹង ៦ សង់ទីម៉ែត្រ។ ជាប្រភេទដាវ dakoken មានរាងកោងស្រដៀងនឹងពស់។ នេះជាដាវដែលធំបំផុតត្រូវបានរកឃើញនៅកន្លែងបុរាណវិទ្យារបស់ជប៉ុន។ បើតាមអ្នកជំនាញ ដាវជាឧបករណ៍ធ្វើពិធីបណ្តេញខ្មោចបិសាច មិនមែនជាអាវុធពិតនោះទេ ដោយសារតែវាមានទំហំធំ។
ក្រុមការងារជឿជាក់ថា មិនទាន់មានចោរបើកមឈូសឈើយកវត្ថុខាងក្នុងនោះទេ ព្រោះមឈូសមានសភាពល្អនៅឡើយ។ ក្រុមប្រឹក្សាអប់រំក្រុង Nara គ្រោងនឹងស្រាវជ្រាវមឈូសក្នុងឆ្នាំនេះ ឬតាមក្រោយ។ ក្រុមប្រឹក្សាបើកទ្វារកន្លែងជីកយកកញ្ចក់ និងដាវជាសាធារណៈនៅថ្ងៃទី ២៨-២៩ ខែមករា ប៉ុន្តែវត្ថុបុរាណទាំងពីរនេះមិនទាន់បង្ហាញទេ ព្រោះកំពុងជួសជុលឡើងវិញ។
ប្រភព៖ Asahi Shimbun