សោកនាដកម្មជីវិតតារាសម្ដែងជប៉ុនដែលទទួលរងការបំពានផ្លូវភេទ
តារាសម្ដែងជប៉ុន Milla Chiba បានទទួលមរណភាពបន្ទាប់ពីរងការប្រមាថព្រោះតែចោទប្រកាន់អ្នកដឹកនាំរឿង Sono Sion ពីបទចាប់រំលោភ។
បើតាម Shūkan Bunshun កាលពីថ្ងៃទី ២៧ ខែមករា តារាស្រីបានធ្វើអត្តឃាតនៅផ្ទះនៅចុងខែធ្នូ ឆ្នាំ ២០២២ រហូតមកដល់ពេលនេះទើបសាច់ញាតិប្រាប់ដំណឹងដ៏ក្រៀមក្រំនេះ។ Milla Chiba មិនបានបន្សល់ទុកសំបុត្រឡើយ នាងមានកូនប្រុសអាយុ ៣ ឆ្នាំម្នាក់។
តារាសម្តែង Milla Chiba ។ រូបភាព៖ Oricon News
មិត្តភក្តិរបស់ Milla Chiba បាននិយាយថា “ប្រសិនបើមិនបញ្ជាក់ព័ត៌មានដែលថានាងបានទទួលមរណភាពដូចជាបដិសេធវត្តមានរបស់នាង។ បន្ទាប់ពីចោទប្រកាន់ករណីរំលោភសេពសន្ថវៈ Milla Chiba ទទួលរងសម្តីអាក្រក់ជាច្រើន ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែខ្ញុំគិតថា មូលហេតុដែលនាងស្លាប់មិនត្រឹមតែប៉ុណ្ណឹងទេ។ នាងមានជំងឺធ្ងន់យូរមកហើយ ថែមទាំងពិបាកចិត្តរឿងគ្រួសារ” ។
មិត្តរួមការងាររបស់ Milla Chiba ឈ្មោះ Yuki Matsuzaki ដែលជាអ្នកតស៊ូដើម្បីចលនា Me Too ក្នុងគោលបំណងប្រឆាំងនឹងការបៀតបៀនផ្លូវភេទ និងការរំលោភបំពានបាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះ។ Yuki Matsuzaki បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា “Milla Chiba ស្រ្តីដែលខំប្រឹងលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងវិស័យភាពយន្តជប៉ុន បានទទួលមរណភាពហើយ” ។ កាលពីឆ្នាំមុន Yuki Matsuzaki ធ្លាប់ណែនាំមេធាវីឱ្យ Milla Chiba ជួយនាងប្តឹង Sono Sion ។
មរណភាពរបស់តារាស្រីរូបនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យភាពយន្តជប៉ុន។ ហេតុការណ៍រវាងនាង និងលោក Sono Sion ក៏ត្រូវបានទស្សនិកជនមើលឡើងវិញផងដែរ។ កាលពីខែមេសា ឆ្នាំ ២០២២ នៅពេលដែលអ្នកដឹកនាំរឿង Sono Sion ត្រូវតារាស្រីមួយចំនួនមិនបញ្ចេញឈ្មោះចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ Milla Chiba បានទម្លាយរឿងខ្លួនធ្លាប់ក្លាយជាជនរងគ្រោះរបស់លោក Sono Sion ។
ដឹកនាំសម្តែង Tak Sakaguchi (ខាងស្តាំ) និងអ្នកដឹកនាំរឿង Sono Sion ។ រូបភាព៖ Twitter/Tak Sakaguchi
នៅពេលនោះតារាស្រីបានអោយដឹងថា នាងធ្លាប់ត្រូវបានតារាសម្ដែង និងជាអ្នកដឹកសម្តែងលោក Tak Sakaguchi ជូនទៅផ្ទះរបស់លោក Sono Sion ។ ពេលចូលបន្ទប់ លោក Tak Sakaguchi យកលេសចេញទៅលើកទូរស័ព្ទមិនបានត្រឡប់មកវិញ។ លោក Sono Sion ស្ទាប Milla Chiba តែនាងមិនព្រម។ អ្នកដឹកនាំរឿងបង្ខំនាងឱ្យឡើងគ្រែ ក្នុងពេលលោកកំពុងដោះសម្លៀកបំពាក់នាងបានរត់ចេញពីបន្ទប់។
បន្ទាប់ពីត្រូវ Milla Chiba ប្តឹង លោក Sono Sion បានប្តឹងនាងពីបទបរិហាកេរ្តិ៍អ្នកដទៃ ចំណែកទស្សនិកជនជាច្រើនបានវាយប្រហារ និងចំអកឱ្យតារាស្រីរូបនេះ។ ប៉ុន្តែជនរងគ្រោះមួយចំនួនបានបញ្ចេញមិត រួមជាមួយនឹងអ្នកដឹកនាំរឿងផ្សេងទៀតចុះហត្ថលេខាគាំទ្រពួកគេ លោក Sono Sion ត្រូវសរសេរលិខិតសុំទោសជនរងគ្រោះ។
អំឡុងពេលចុងក្រោយនៃជីវិត Milla Chiba ទ្រាំនឹងជំងឺធ្វើអោយខ្លួនធ្លាក់ក្នុងស្ថានភាពសោកសៅ។ តារាស្រីបង្ហាញពីអារម្មណ៍របស់ខ្លួនលើកចុងក្រោយនាខែឧសភា ឆ្នាំ ២០២២ នៅពេលនោះ នាងបានបង្ហើបថា មិត្តសម្លាញ់របស់ខ្ញុំត្រូវគេរំលោភរហូតមានផ្ទៃពោះ ត្រូវរំលូតកូនចោល។ នាងសរសេរថា “ខ្ញុំកំពុងគិត ហេតុអ្វីបានជាពិភពលោកនេះឆ្កួតម្ល៉េះ។ នាងមិនប្រឡូកក្នុងវិស័យសិល្បៈតែក៏ក្លាយជាជនរងគ្រោះ។ ខ្ញុំសង្ឃឹមថាអាចធ្វើអ្វីម្យ៉ាង ទោះតូចតាចបំផុត ដើម្បីរួមចំណែកផ្លាស់ប្តូរបញ្ហានេះ។ ការតស៊ូទើបចាប់ផ្តើម ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ” ។
Milla Chiba កើតនៅឆ្នាំ ១៩៨៦ ចូលប្រឡូកវិស័យសិល្បៈឆ្នាំ ២០០៥ ក្នុងនាមជាតារាចម្រៀង។ នាងធ្លាប់ជាអ្នកច្រៀងនាំមុខនៃក្រុមរ៉ុក Scarlet Diva ។ ចាប់ពីឆ្នាំ ២០០៨ Milla Chiba ប្រឡូកខាងវិស័យសម្តែង និងសម្ដែងក្នុងខ្សែភាពយន្ត Hikinzoku no yoru, Yoru dakara ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងចេញពីវិស័យសិល្បៈប្តូរទៅវិស័យរចនាម៉ូដវិញ។
យោងតាមគេហទំព័រ Ettoday កាលពីឆ្នាំមុន វិស័យសិល្បៈជប៉ុនពេញទៅដោយរឿងអាស្រូវផ្លូវភេទ។ ក្រៅពីលោក Sion Sono អ្នកដឹកនាំរឿង និងតារាសម្តែងល្បីៗដូចជា Hideo Sakaki, Houka Kinoshita ។ល។ ត្រូវតារាសម្តែងមិនបញ្ចេញឈ្មោះរាប់សិបនាក់ចោទប្រកាន់ពីបទរំលោភផ្លូវភេទ ដោយស្នើឱ្យពួកគេយកស្នេហាមកប្តូរយកការសម្តែង។
រឿងអាស្រូវជាបន្តបន្ទាប់បានបង្កការភ្ញាក់ផ្អើលលើវិស័យភាពយន្តជប៉ុន។ ផលិតករភាពយន្តជាច្រើនបានរិះគន់ទង្វើមិនត្រឹមត្រូវរបស់ Hideo Sakaki, Sion Sono រួមទាំងអ្នកដឹកនាំ ផលិតករ និងអ្នកនិពន្ធរឿងល្បីៗដូចជា Kore-eda Hirokazu, Nobuhiro Suwa, Yukiko Sode, Miwa Nishikawa, Kōji Fukada, Atsushi Funahashi ។ល។ ផលិតករភាពយន្តទាំងនេះចេញសេចក្តីប្រកាសរួម ដោយអំពាវនាវឱ្យអ្នកដឹកនាំរឿងមិនយកការងាររបស់ខ្លួនបម្រើគោលបំណងផ្ទាល់ខ្លួន បំពុលវិស័យភាពយន្ត និងបំផ្លាញបរិយាកាសច្នៃប្រឌិតសិល្បៈ។ ផលិតករសន្យាថានឹងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់អ្នកផលិតភាពយន្ត។
ប្រភព៖ Skydoor