សេះប្រណាំងដំបូងគេរត់ទៅដល់ទីដោយមិនមានអ្នកជិះបញ្ជា

ថ្វីត្បិតតែមិនមានអ្នកជិះ យ៉ាងណាសេះមួយក្បាលបានរត់ដល់គោលដៅមុនគេក្នុងព្រឹត្តិការណ៍ប្រណាំងសេះ Tokyo Stakes ២០២៣ ដែលធ្វើឡើងនៅទីលានប្រណាំង Chukyo នៅ Nagoya ប្រទេសជប៉ុន។

Vanyar ទៅដល់ទីទាំងគ្មានអ្នកជិះ។ រូបភាព៖ Oddity Central

ក្នុងព្រឹត្តិការណ៍ប្រណាំងសេះ អ្នកជិះសេះមានតួនាទីសំខាន់ណាស់។ ពួកគេមិនត្រឹម​តែជិះសេះ និងកំណត់ទិសដៅប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​គ្រប់​គ្រង​ល្បឿនរបស់សេះផងដែរ។

ឧទាហរណ៍ពួកគេត្រូវជម្រុញឱ្យសេះរត់លឿនពេលចាប់ផ្តើម ឬទុកកម្លាំងសម្រាប់បង្កើនល្បឿនពេលជិតទៅដល់ទី។ ពួក​គេ​ត្រូវ​គ្រប់​គ្រង​ល្បឿនរបស់សេះពេលចាកចេញពីក្រោល និងរកយុទ្ធសាស្ត្រពេលប្រណាំង។

យ៉ាងហោចណាស់ នេះជាអ្វីដែលអ្នកចូលចិត្តប្រណាំងសេះភាគច្រើននឹងប្រាប់អ្នក។ ប៉ុន្តែថ្មីៗនេះ សេះប្រណាំងមួយក្បាល​បាន​​បង្ហាញ​​ថា អ្នក​​ជិះ​​សេះ​​ប្រណាំង​​គ្រាន់​តែ​ធ្វើអោយធ្ងន់ប៉ុណ្ណោះ។

Vanyar គឺជាសេះលេខ ៥ បានទៅដល់ទីក្នុងការប្រណាំងសេះ Tokyo Stakes ២០២៣ ។ ថ្វីត្បិតតែវារត់ឈ្នះសេះផ្សេងទៀត Vanyar នៅតែត្រូវដកសិទ្ធិ ដោយសារវាបាត់អ្នកជិះសេះអំឡុងពេលប្រណាំង។ ទោះជាយ៉ាងណា សេះមួយក្បាលនេះ​មាន​ប្រជា​ប្រិយ​ភាព​ណាស់។

ការប្រណាំង Tokay Stakes ២០២៣ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមករា។ នេះ​ជា​ការ​ប្រណាំងនៅ​​លើ​ទី​លាន​ដីដំបូង​គេ ខណៈដែលការ​ប្រ​កួត​សំខាន់​ៗ​ផ្សេង​ទៀត​ធ្វើ​ឡើង​នៅ​លើទីលានស្មៅ។

គ្រាន់តែចេញពីច្រកប្រណាំង អ្នកជិះសេះ Vanyar បាត់​បង់​លំនឹងធ្លាក់លើដី។ ឧប្បត្តិហេតុស្រដៀងគ្នាអាចកើតឡើង​គ្រប់​ពេល ហើយក្នុងករណីភាគច្រើន ដោយសារតែគ្មាននរណាម្នាក់គ្រប់គ្រង សេះនឹងរត់ចេញពីផ្លូវប្រណាំង។ ប៉ុន្តែ​​គួរ​ឱ្យភ្ញាក់​ផ្អើលគឺថា Vanyar មិនធ្វើដូចនេះឡើយ។

ថ្វីត្បិតតែដំបូង Vanyar រត់យឺតដោយសារអ្នកជិះសេះប្រណាំងធ្លាក់ដួល ប៉ុន្តែយូរៗទៅវាវ៉ាដាច់សេះផ្សេងទៀតបន្តិចម្តងៗរហូតដល់ទី។ អ្នកមើលការប្រណាំងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើ Vanyar ហើយរំភើបពេលវាទៅដល់ទី។

គេថែមទាំងមើលឃើញទឹកមុខអស់សង្ឃឹមរបស់អ្នកប្រណាំងដែលមកដល់ទីបន្ទាប់ (ដែលជាអ្នកឈ្នះពិត) នៅ​ពេល​ដែល​គាត់​ព្យាយាម​ជម្រុញ​សេះ​របស់​ខ្លួន​ឱ្យរត់លឿនជាងមុន។ ប៉ុន្តែដោយសារ Vanyar រត់លឿនពេក ដូច្នេះសេះផ្សេងទៀតតាមមិនទាន់។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​នោះ​គឺ Vanyar អាចគ្រប់គ្រងល្បឿនល្អអំឡុងពេលប្រណាំង។ វាថែមទាំងទុកកម្លាំងសម្រាប់បង្កើនល្បឿនគ្រាចុងក្រោយផងដែរ ហើយបន្ថយល្បឿនពេលវាឆ្លងកាត់គំនូសទី។ ក្រោយពេលឈ្នះ Vanyar រត់ទៅរកច្រកចេញ ហាក់​ដូច​ជាមានអ្នកជិះសេះប្រណាំងបញ្ជាអញ្ចឹង។

វីដេអូ​ថត​សកម្មភាពប្រណាំងរបស់ Vanyar ល្បីយ៉ាងខ្លាំង និងត្រូវបានចែករំលែកច្រើនមិនត្រឹម​តែនៅជប៉ុនប៉ុណ្ណោះ​ទេ រួម​ទាំង​កូរ៉េ និងបណ្តាប្រទេសអាស៊ីផ្សេងទៀតផងដែរ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: