នារីជនជាតិជប៉ុនម្នាក់ស្លៀកគីម៉ូណូពណ៌ក្រហមជិះស្គីផ្ទុះការចាប់អារម្មណ៍
វីដេអូនារីជនជាតិជប៉ុនម្នាក់ស្លៀកឈុតគីម៉ូណូពណ៌ក្រហមជិះស្គីដើម្បីអបអរសាទរពិធីបុណ្យពេញវ័យដែលកំពុងល្បីលើបណ្តាញសង្គម។
កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅនេះ កញ្ញា Sumire Morino អាយុ ២០ ឆ្នាំ បានចែករំលែកវីដេអូដែលមានរយៈពេល ២២ វិនាទីរបស់ខ្លួន នាងស្លៀកឈុតគីម៉ូណូពណ៌ក្រហមជិះស្គីនៅរមណីយដ្ឋាន Banshogahara ខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុន។ គិតត្រឹមថ្ងៃទី ២៦ ខែមករា វីដេអូនេះមានអ្នកចូលមើលជាង ៥,១ លាន។
កញ្ញា Morino បាននិយាយថា នាងស្លៀកគីម៉ូណូ furisode ទិញក្នុងតម្លៃ ២ ម៉ឺនយ៉េន (១៥៣ ដុល្លារ) ។ Furisode ដែលមានដៃអាវធំ វែង ជាទូទៅនារីមិនទាន់រៀបការស្លៀកក្នុងឳកាសពិធីបុណ្យធំដូចជាពិធីមង្គលការ ពិធីបុណ្យពេញវ័យ។
នាងបានចែករំលែកថា “បើតាមវប្បធម៌ជប៉ុន នារីស្លៀកឈុតគីម៉ូណូពិសេសហៅថា furisode សម្រាប់ពិធីបុណ្យពេញវ័យ ហើយខ្ញុំចង់ស្លៀកឈុតនេះយ៉ាងហោចណាស់ម្តងក្នុងជីវិត” ។
Sumire Morino ស្លៀកគីម៉ូណូពណ៌ក្រហមជិះស្គីនៅរមណីយដ្ឋានខេត្ត Nagano កាលពីថ្ងៃទី ៩ ខែមករា។ រូបភាព៖ @Katorisenkou_ks
នៅជប៉ុនពិធីបុណ្យពេញវ័យប្រារព្ធធ្វើឡើងដើម្បីអបអរសាទរយុវជនឈានចូលអាយុ ២០ ឆ្នាំ ប៉ុន្តែ Morino មិនចង់ចូលរួមពិធីបុណ្យប្រពៃណីដូចជាជួបជុំមិត្តរួមថ្នាក់ពីបឋមរហូតដល់វិទ្យាល័យទេ។ ផ្ទុយទៅវិញ នាងទៅរមណីយដ្ឋានជិះស្គី Banshogahara ដើម្បីអបអរសាទរ ដោយរួមបញ្ចូលចំណូលចិត្តកាលនៅវិទ្យាល័យជាមួយនឹងប្រពៃណី។
បច្ចុប្បន្ន Morino ជានិស្សិតសាកលវិទ្យាល័យនៅទីក្រុងក្យូតូដែលជំនាញខាងផ្នែកសិប្បកម្មប្រពៃណី ដំបូងឡើយនាងបារម្ភខ្លាចដៃអាវ furisode វែងពេកអាចនឹងជាប់បន្ទះក្តារស្គី។ ទោះជាយ៉ាងណា អ្វីដែលកើតឡើងជាបន្តបន្ទាប់មិនគួរអោយព្រួយបារម្ភឡើយ។ ក្នុងវីដេអូពេលនាងជិះស្គីដៃអាវរសាត់តាមខ្យល់។
មនុស្សម្នាក់បានបញ្ចេញមតិខាងក្រោមវីដេអូរបស់ Morino ថា “ឈុតគីម៉ូណូមើលទៅសមនឹងនាងណាស់ សូមចូលរួមអបអរសាទរដែលអ្នកពេញវ័យ” ។
ម្នាក់ទៀតនិយាយថា “ពិតជាអស្ចារ្យណាស់ សូមរៀបការនឹងខ្ញុំ” ។
Morino ក៏បានបង្ហោះរូបភាពស្លៀកគីម៉ូណូឈរនៅលើភ្នំ និងព្រិលរបស់ខ្លួន។ នាងត្រូវកែសម្រួលសម្លៀកបំពាក់ជាច្រើនដងព្រោះខ្យល់បក់យ៉ាងខ្លាំងធ្វើឱ្យវារញ៉េរញ៉ៃ។
Morino និយាយថា “សម្រាប់ខ្ញុំ ថ្ងៃដែលពេញវ័យគ្រាន់តែជាថ្ងៃធម្មតាប៉ុណ្ណោះ។ ប៉ុន្តែមនុស្សជាច្រើនបានជប់លៀងជាមួយខ្ញុំ ហើយវាក្លាយជាថ្ងៃដែលមិនអាចបំភ្លេចបាន” ។
Sumire Morino ស្លៀកគីម៉ូណូពណ៌ក្រហមនៅរមណីយដ្ឋានខេត្ត Nagano កាលពីថ្ងៃទី ៩ ខែមករា។ រូបភាព៖ @SinPictures
ប្រជាជនជប៉ុនយ៉ាងហោចណាស់មួយលាននាក់ប្រារព្ធពិធីបុណ្យពេញវ័យនៅថ្ងៃទី ៩ ខែមករា។ ទំនៀមទម្លាប់ស្លៀកសម្លៀកបំពាក់ថ្មីតាមបែប “មនុស្សពេញវ័យ” មានតាំងពីសតវត្សទី ៨ មកម្ល៉េះ។
ជាទូទៅស្រ្តីស្លៀកឈុតគីម៉ូណូ furisode ខណៈដែលបុរសពាក់អាវធំ ឬខោជើងខ្លី hakama ។ ក្នុងឱកាសនេះ យុវជនជប៉ុនទៅកាន់ប្រាសាទនានា ដើម្បីសុំពរជ័យសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិ ឬចូលរួម seijinshiki ជាពិធីដែលប្រារព្ធធ្វើឡើងនៅសាលាស្រុក។ ហើយក៏ជាថ្ងៃដំបូងដែលយុវជនជាច្រើនមានសិទ្ធិផឹកស្រា និងជក់បារីដោយស្របច្បាប់ ដូច្នេះពិធីបុណ្យអាចនឹងមានសំឡេងរំខាន។
ពិធីបុណ្យពេញវ័យបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ។
ប្រភព៖ Skydoor