លិចកប៉ាល់ដឹកទំនិញនៅជប៉ុន មនុស្ស ៩ នាក់បាត់ខ្លួន
កងកម្លាំងការពារដែនសមុទ្រជប៉ុនជួយសង្គ្រោះនាវិកចំនួន ១៣ នាក់ និងកំពុងស្វែងរកមនុស្ស ៩ នាក់ផ្សេងទៀត បន្ទាប់ពីកប៉ាល់ដឹកទំនិញ “Jintian” លិចនៅសមុទ្រភាគនិរតីប្រទេសជប៉ុន។
រូបភាព៖ Airbus
កងកម្លាំងការពារដែនសមុទ្រកូរ៉េជួយស្វែងរកសមាជិកនាវិកកប៉ាល់ Jintian លិចនៅព្រឹកថ្ងៃទី ២៥ ខែមករា។ រូបភាព៖ AP
យោងទៅតាម Reuters កងកម្លាំងការពារដែនសមុទ្រជប៉ុន (JCG) បានអោយដឹងថា កប៉ាល់ “Jintian” មានទម្ងន់ ៦.៦៥១ តោន ដែលបានចុះបញ្ជីនៅហុងកុង បានបញ្ចេញសញ្ញាអាសន្នកាលពីល្ងាចថ្ងៃទី ២៤ ខែមក ហើយលិចនៅម៉ោង ២ៈ៤៦ នាទីថ្ងៃទី ២៥ ខែមករា។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បានអោយដឹងថា នៅពេលដែលទទួលបានសញ្ញា ភ្លាមៗនោះ JCG ចេញទូកល្បាត និងយន្តហោះនៅតំបន់ជុំវិញ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។
លោក Matsuno បានបន្ថែមថា ឆ្មាំសមុទ្រជប៉ុន “ក៏កំពុងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីកងកម្លាំងស្វ័យការពារ ឆ្មាំសមុទ្រកូរ៉េ និងនាវាដែលកំពុងធ្វើដំណើរក្បែរដែនទឹកផងដែរ” ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្ដីសាក្សីម្នាក់និយាយថា កប៉ាល់ផ្អៀងហើយទឹកចូល។ ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងថា សមាជិកនាវិកចំនួន ២២ នាក់ដែលមានសញ្ជាតិចិន ឬមីយ៉ាន់ម៉ាឡើងទូកសង្គ្រោះពេលកប៉ាល់ជួបគ្រោះថ្នាក់។
បច្ចុប្បន្នមិនទាន់ច្បាស់ពីមូលហេតុដែលបណ្តាលអោយកប៉ាល់លិចក្រឡាប់នោះទេ។ តំបន់ភាគខាងលិចប្រទេសជប៉ុនត្រូវបំផ្លិចបំផ្លាញដោយព្យុះរដូវរងាកាលពីថ្ងៃទី ២៤ ខែមករា។
តំបន់ដែលកប៉ាល់លិចស្ថិតនៅចន្លោះខេត្ត Nagasaki ប្រទេសជប៉ុន និងកោះ Jeju របស់កូរ៉េខាងត្បូង ជាកន្លែងដែលជើងហោះហើររាប់រយត្រូវលុបចោលកាលពីថ្ងៃទី ២៤ ខែមករា ដោយសារអាកាសធាតុអាក្រក់ខ្លាំង។
ប្រភព៖ Skydoor