ទម្រង់សិល្បៈ Zentai ជួយដល់ការព្យាបាលបញ្ហាផ្លូវចិត្ត
សម្លៀកបំពាក់រឹបរាងកាយទាំងមូលជួយដល់មនុស្សជាច្រើនដែលមានបញ្ហាផ្លូវចិត្ត និងកាត់បន្ថយសម្ពាធក្នុងជីវិត។
សិល្បៈសម្តែង Zentai ពាក់អាវរឹបរាងកាយទាំងមូល ដើម្បីរំដោះខ្លួនចេញពីសម្ពាធរបស់គ្រួសារ។
Yukinko អាយុ ២៧ ឆ្នាំ ជាសមាជិកដែលសកម្មរបស់ Tokyo Zentai Style ជិតមួយទសវត្សរ៍មកហើយ ដែលជាសមាគមមួយក្នុងចំណោមសមាគម Zentai មានអាយុកាលយូរជាងគេនៅជប៉ុន ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ។
សមាជិកទាំង ២៥ នាក់នៃសមាគមនេះស្លៀកឈុតរឹបរាងកាយទាំងមូលសម្រាប់កម្មវិធីទាំងអស់មិនថាទាក់ទងនឹងសិល្បៈ ឬទាក់ទងនឹងចំណូលចិត្តឡើយ។
ជារៀងរាល់ថ្ងៃ នាងទៅធ្វើការនៅធនាគារ ដល់ចុងសប្តាហ៍នាងចាត់ទុកខ្លួនជា Yukinko អ្នកសម្តែង Zentai ម្នាក់។
លើកដំបូងដែល Yukinko ស្គាល់ទម្រង់សិល្បៈនេះតាមរយៈព្រឹត្តិការណ៍នៅទីក្រុងតូក្យូឆ្នាំ ២០១៥ កាលនោះនាងនៅរៀនមហាវិទ្យាល័យ។
Yukinko បានប្រាប់ VICE ថា “ទម្រង់សិល្បៈនេះទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ព្រោះវាមើលទៅចម្លែក ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំសួរបុរសម្នាក់ ហើយត្រូវបានណែនាំឱ្យស្គាល់ Zentai ។ ដូច្នេះខ្ញុំបានសាកល្បងស្លៀកដោយមិនស្ទាក់ស្ទើរ នោះជាពិភពមួយថ្មីទាំងស្រុង ជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់ឆ្លងកាត់” ។
នៅជប៉ុនសមាគម Zentai កាន់តែច្រើនឡើង។
“Zentai” មកពីពាក្យ “Zenshin Taitsu” ដែលសំដៅលើសម្លៀកបំពាក់រឹបរាងកាយទាំងមូលរួមទាំងក្បាលផងដែរ។
មនុស្សជាច្រើនចាប់ផ្តើមចូលចិត្តសម្លៀកបំពាក់ដែលធ្វើពី polyester ឬ nylon នាទសវត្សរ៍ទី ៩០ ដូចជាទំនោរថ្មី។
ភាគច្រើនសម្លៀកបំពាក់ទាំងនេះមានពណ៌ដូចគ្នា មិនមានក្បាច់រចនា និងរន្ធភ្នែកនោះទេ។ នៅសម័យនោះ សម្លៀកបំពាក់នេះសម្រាប់បុរស។ ទោះជាយ៉ាងណា ចលនា Zentai បានអភិវឌ្ឍបន្តិចម្តងៗ ហើយទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយក្លាយជាសិល្បៈសម្តែង។
ព្រឹត្តិការណ៍ទាំងនេះច្រើនតែមានអត្តន័យគោរពចូលចិត្ត ប៉ុន្តែអ្នកដែលចូលចិត្តដូចជា Yukinko ចាត់ដូចជាឧបករណ៍សម្រាប់រំដោះខ្លួនពីសម្ពាធ និងគំនិតរបស់សង្គម។
Yukinko បាននិយាយថា “ខ្ញុំអាចធ្វើជាខ្លួនឯងពេលស្លៀកឈុត Zentai ខ្ញុំជាមនុស្សរីករាយ និងចូលចិត្តលេងសើច ប៉ុន្តែខ្ញុំធំដឹងក្តីនៅក្នុងគ្រួសារដែលចាស់កំរិល ហើយតែងតែរំពឹងថារកបានការងារនឹងន” ។
Yukinko បានបន្ថែមថា ម្តាយរបស់នាងជាមនុស្សតឹងរ៉ឹងខ្លាំង តែងតែធ្វើឱ្យនាងមានអារម្មណ៍តានតឹងព្រោះត្រូវបំពេញតាមតម្រូវការរបស់គ្រួសារ។
កាលនៅតូច Yukinko បន្ធូរអារម្មណ៍តាមរយៈការចូលរួមក្លឹបល្ខោនរបស់សាលា។ រហូតដល់ពេញវ័យ Zentai បាននាំមកនូវភាពរីករាយសម្រាប់នាង។
នាងនិយាយថា “ខ្ញុំចូលចិត្តចូលតួតួអង្គណាមួយ ដូច្នេះនៅពេលដែលខ្ញុំបានឃើញ និងសាកល្បង Zentai ខ្ញុំគិតថានៅទីបំផុតខ្ញុំបានរកឃើញកន្លែងមួយដែលខ្ញុំអាចជាខ្លួនឯង។ ព្រោះពេលស្លៀកឈុតមួយនឹង ខ្ញុំមានអារម្មណ៍ដូចជាបានដោះអាវក្រៅចេញ ហើយអាចក្លាយជាមនុស្សពិតដោយមិនបញ្ចេញឈ្មោះ” ។
សម្លៀកបំពាក់រឹបរាងកាយទាំងមូលជួយឱ្យមនុស្សជាច្រើនមានទំនុកចិត្ត និងជួយព្យាបាលផ្លូវចិត្ត។
Yukinko យល់ថា Zentai អាចជួយដល់សុខភាពផ្លូវចិត្ត។
Yukinko បានអោយដឹងថា “សព្វថ្ងៃនេះ យុវវ័យ ជាពិសេសយុវនារីអន់ចិត្តចំពោះរូបរាងខាងក្រៅរបស់ខ្លួន ដោយប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃលើបណ្តាញសង្គម។ ចំណុចនេះបណ្តាលឱ្យមានជំងឺថប់បារម្ភសង្គម ឬជំងឺធ្លាក់ទឹកចិត្ត។ ឃើញថាមនុស្សជាច្រើនប្រើសម្លៀកពាក់នេះដើម្បីបន្ធូរអារម្មណ៍” ។
សមាជិកមួយចំនួនក្នុងក្រុមរបស់ Yukinko ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ យ៉ាងណាពួកគេអាចរំដោះខ្លួនពេលស្លៀកសម្លៀកបំពាក់ Zentai អាចសម្លឹងមើលភ្នែកទស្សនិកជន ញញឹម និងគ្រវីដៃ។
នាងបន្តថា “ពេលស្គាល់ Zentai វាមិនពេញនិយមទាល់តែសោះ។ ប៉ុន្មានឆ្នាំថ្មីៗនេះ សាធារណៈជនចាប់ផ្តើមទទួលស្គាល់ទម្រង់សិល្បៈសម្ដែង។ ខ្ញុំសង្ឃឹមថា អាចជួយដល់មនុស្សដែលមានជំងឺផ្លូវចិត្តតាមរយៈការណែនាំ Zentai ដូចជាជំនួយផ្លូវចិត្ត” ។
ប្រភព៖ Skydoor