ទីក្រុងទឹកកក Tomamu នៅ Hoshino Resorts ជារមណីយដ្ឋានធំជាងគេនៅហុកកៃដូ

Hoshino Resorts គឺជារមណីយដ្ឋានលំដាប់ខ្ពស់នៅទីប្រជុំជនកោះហុកកៃដូ។ នៅទីនេះ ពេលរដូវរងាមកដល់នឹងមានទីក្រុងទឹក​កក​ស្អាតដូចក្នុងសុបិនមានឈ្មោះថា Tomamu ។

ទាំងអស់មាន ១១ តង់ធ្វើឡើងពីទឹកកក និងព្រិលលើផ្ទៃដីដែលមានទំហំ ៣,២ ហិកតា។ អ្នកអាចចូលមើលតង់នីមួយៗ ហើយរីករាយជាមួយនឹងពិភពទឹកកកខុសៗគ្នាដូចជា “Ice Sweets Shop” “Ice Atelier” “Ice Church” និង “Ice Hotel” ។ល។

រូបភាព៖ Hoshino Resorts TOMAMU

Ice Hotel ឬគេហៅថាសណ្ឋាគារទឹកកក ជាកន្លែងដែលអ្នកអាចគេងមួយយប់ក្នុងបន្ទប់ដែលមានពិដាន ជញ្ជាំង និង​កម្រាល​ទឹក​កក។ ជញ្ជាំងជាផ្ទាំងទឹកកកក្រាស់ មានមុខងារការពារសំឡេងរំខាន។ ដូច្នេះហើយ មិនថាខាងក្រៅ​មាន​សំលេង​រំខាន​យ៉ាង​ណា​នោះ​ទេ នៅក្នុងបន្ទប់នៅតែមានភាពស្ងប់ស្ងាត់។

រូបភាព៖ Hoshino Resorts TOMAMU

នៅលើគ្រែទឹកកកមានថង់គេងឯកទេស អាចផ្តល់ភាពកក់ក្តៅជួយឱ្យអ្នកគេងលក់ស្រួល។ ទោះជាយ៉ាងណា ខ្យល់ត្រជាក់អាចនឹងធ្វើឱ្យស្បែកមុខរបស់អ្នកត្រជាក់ និងស្ងួត ដូច្នេះត្រូវប្រាកដថាមុខរបស់អ្នកត្រូវបានការពារពេលគេង​ផង​ដែរ។

រូបភាព៖ Hoshino Resorts TOMAMU

នៅខាងក្នុងសណ្ឋាគារទឹកកកមានអាងងូតទឹកដែលធ្វើពីទឹកកក។ ជាការពិតណាស់ អ្នកមិនចាំបាច់ត្រាំក្នុងទឹក​កក​ឡើយ ក្នុងអាងងូតទឹកមានប្រភពទឹកក្តៅធម្មជាតិ។ អារម្មណ៍​ត្រាំ​ទឹក​ក្តៅ​ក្រោម​បរិយាកាស​ត្រជាក់ពិសេស​យ៉ាង​ណា។

រូបភាព៖ Hoshino Resorts TOMAMU

សេវាកម្មសម្រាប់ភ្ញៀវមានដូចជា៖ ទទួលទានអាហារក្រោមប្រធានបទទឹកកក ភេសជ្ជៈមានស្រាប់នៅក្នុង mini bar រីក​រាយ​ជាមួយពិភពទឹកកក និងត្រាំក្នុងអាងទឹក។ អ្នកអាចបរិភោគអាហារឆ្ងាញ់ៗជាច្រើនមុខ និងស្រា​ក្រឡុក​ទឹក​កក។

រូបភាព៖ Hoshino Resorts TOMAMU

ក្រៅពីនេះ អ្នកអាចរីករាយនឹងបទពិសោធន៍ zipline ដែលមានប្រវែង ៦០ ម៉ែត្រ។ ពីកន្លែង​មើល​ទេស​ភាព​ឆ្លងកាត់​កន្លែង​ជិះស្គីទឹកកក ហើយ​ទៅ​ដល់​កន្លែង​មាន​ព្រិល​ ដូចជាអ្នកកំពុងដើរលើអាកាសអញ្ចឹង។ នៅឆ្នាំនេះ ផ្លូវ​ត្រូវបានកែលម្អ និងបំពាក់ដោយខ្សែពិសេសសម្រាប់មនុស្សពីរនាក់ ដូច្នេះភ្ញៀវទេសចរណ៍អាចរីករាយជាមួយក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់ពួកគេ។

រូបភាព៖ Hoshino Resorts TOMAMU

នៅរដូវរងាឆ្នាំនេះ មានតង់ទឹកកក “Ice Seicomart” ថ្មីបង្ហាញខ្លួន នេះជាគម្រោងសហការរវាង “Ice Village” និងខ្សែសង្វាក់ហាងលក់ទំនិញ “Seicomart” នៅហុកកៃដូ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា ផលិតផលរបស់ Seicomart ដាក់​ក្នុង​ទូទឹក​កក​ដែលធ្វើពីទឹកកក។

រូបភាព៖ Hoshino Resorts TOMAMU

នៅលើពិភពលោកសណ្ឋាគារដែលមានប្រធានបទទឹកកកដូចហុកកៃដូមិនច្រើនទេ។ ប្រសិនបើអ្នកចង់ទទួល​យក​បទ​ពិសោធន៍​ថ្មី​ប្លែក​ម្តង​ក្នុង​ជីវិត សូម​កុំអោយឱកាសនេះកន្លងផុតទៅ។

 

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: