ជ័រលុបមានទម្ងន់ជាង ២ គីឡូក្រាម តម្លៃខ្ពស់មិននឹកស្មាន
ក្រុមហ៊ុនផលិតជ័រលុបជប៉ុន Seed ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៥ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានអាយុកាលយូរ។ ខ្សែសង្វាក់ផលិតផលដែលល្បីរបស់ Radar បានដាក់ចេញនៅឆ្នាំ ១៩៦៨ ហើយបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅលើទីផ្សារជប៉ុន។
ការរចនាល្អ និងប្រសិទ្ធភាពគួរឱ្យចាប់អារម្មណ៍ពេលប្រើបានធ្វើឱ្យ Radar ទទួលបានភាពជោគជ័យខាងផ្នែកពាណិជ្ជកម្ម តម្លៃចាប់ពី ២០ ទៅ ៥០ យ៉េន ខណៈដែលជ័រលុបស្តង់ដារមានតម្លៃត្រឹម ១០ យ៉េន។
ផលិតផលរបស់ Radar បានអភិវឌ្ឍយ៉ាងខ្លាំងចាប់ពេលនោះ ជាមួយនឹងជ័រលុបមានច្រើនប្រភេទ គ្រប់ទំហំ រួមទាំងជ័រលុបធំមានទម្ងន់ ២,២៨៥ គីឡូក្រាម ដែលមានតម្លៃ ១៣,២០០ យ៉េន (ជាង ១០០ ដុល្លារ) ។
ជ័រលុបធំជាងគេលើពិភពលោកមានទម្ងន់ ២.២ គីឡូក្រាម។ រូបភាព៖ Oddity Central
បច្ចុប្បន្ន Radar S-10000 គឺជាជ័រលុបធំជាងគេក្នុងចំណោមផលិតផលរបស់ Radar ហើយប្រហែលជាធំជាងគេនៅលើពិភពលោកផងដែរ។ ទម្ងន់របស់វាធ្ងន់ជាង ២០០ ដងជ័រលុប Radar S-60 ស្តង់ដារ ។ ទោះជាយ៉ាងណា ជ័រលុបទាំងពីរផលិតពីវត្ថុធាតុដើមដូចគ្នា ដូច្នេះប្រសិទ្ធភាពគ្មានអ្វីខុសគ្នាឡើយ។
ហេតុអ្វីបានជាគេផលិតជ័រលុបធំដូចនេះ? ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែមានតម្រូវការនោះទេ។ បើតាមប្រភពព័ត៌មានខាងផ្នែកអភិវឌ្ឍផលិតផលរបស់ Seed ដំបូងឡើយជាគំនិតជូនអំណោយ giveaway (ទម្រង់ផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជនថ្មីតាមរយៈការផ្តល់រង្វាន់)។ Seed មានគំរូជ័រលុបធំចំនួនពីរគឺ S-1000 (130 x 66 x 27 mm) និង S-JUMBO (160 x 75 x 27 mm) ដូច្នេះហើយពួកគេបានសម្រេចចិត្តបង្កើតអ្វីមួយដែលធំជាងនេះ។
ដំបូង Radar S-10000 ត្រូវគេចាត់ទុកជាទំនិញផលិតតែម្តងប៉ុណ្ណោះ ដូចជារង្វាន់សម្រាប់ការប្រកួត “Eraser Quick Eraser Contest” ដែលប្រារព្ធឡើងក្នុងហាងធំរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា រង្វាន់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់ថ្នាក់ Seed សម្រេចចិត្តផលិតជាផលិតផលពាណិជ្ជកម្ម។
Radar S-10000 កំពុងត្រូវបានលក់នៅលើទីផ្សារជាមួយនឹងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន។ រូបភាព៖ Oddity Central
ជ័រលុប S-10000 ផលិតបានមួយរយៈពេលមកហើយ ប៉ុន្តែថ្មីៗនេះវាល្បីយ៉ាងខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីមានអ្នកបង្ហោះរូបភាពលើ Twitter ។
ជាក់ស្តែង ការផលិតជ័រលុបធំបែបនេះមិនមែនជាការងាយនោះទេ ប៉ុន្តែ Seed បានទទួលជោគជ័យក្នុងដំណើរការផលិត ដើម្បីធានាថា S-10000 មិនអន់ជាងផលិតផលដែលមានទំហំតូចរបស់ Radar ។
ប្រភព៖ Oddity Central