សាមូរ៉ៃ Takeda Shingen ធ្លាប់ចាត់់ទុកបង្គន់ដូចជាការិយាល័យ
តើអ្នករាល់គ្នាមានទម្លាប់យកទូរស័ព្ទតាមពេលចូលបន្ទប់ទឹកដែរទេ? មួយរយៈពេលមុន មនុស្សជាច្រើនមានទម្លាប់យកកាសែត សៀវភៅរឿងចូលបង្គន់។ ព្រោះតែពួកគេគ្មានអ្វីធ្វើ ឬដោយសារបង្គន់ជាកន្លែងឯកជន មិនខ្លាចត្រូវអ្នកផ្សេងមើលឃើញ។ មិនថាមកពីមូលហេតុអ្វីក៏ដោយ តើអ្នកយល់ថាបង្គន់ជាកន្លែងពិសេសមួយដែរទេ?
មានសាមូរ៉ៃមួយរូបឈ្មោះថា Takeda Shingen ចាត់ទុកបង្គន់ដូចជាកន្លែងធ្វើការ។
ក្នុងសម័យសង្រ្គាមរដ្ឋជាអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងសាមូរ៉ៃទូទាំងប្រទេសជប៉ុន។ នៅសម័យកាលដែលចលាចលបែបនេះ Shingen ក៏ដូចជាសាមូរ៉ៃដទៃទៀត ចង់ប្រើអំណាចខ្លាំងក្លារបស់ខ្លួនដើម្បីបង្រួបបង្រួមជប៉ុន ប៉ុន្តែជាអកុសលគាត់ទទួលមរណៈភាពដោយសារជំងឺ។
បង្គន់របស់លោកល្អប្រណិត របស់របរត្រូវបានរៀបចំយ៉ាងសមរម្យ និងទំនើបបំផុត។ ឥឡូវនេះយើងនឹងក្រឡេកមើលថាគាត់បានធ្វើអ្វីក្នុងបន្ទប់ទឹកបែបហ្នឹង។
មូលដ្ឋានរបស់លោក Shingen ស្ថិតនៅប្រទេស Kai ដែលសព្វថ្ងៃជាទីក្រុង Kofu ខេត្ត Yamanashi នៅទីនេះមានបង្គន់ពិសេសមួយសម្រាប់លោក។
ជាដំបូងយើងមើលទៅលើទំហំបន្ទប់ មានទំហំប្រហែល ១១ ម៉ែត្រការ៉េ ដោយសព្វថ្ងៃបង្គន់ធម្មតាមានទំហំប្រហែល ១,៣ ម៉ែត្រការ៉េ ដូច្នេះអ្នកអាចដឹងថាបន្ទប់មានទំហំធំប៉ុនណា។
ហេតុអ្វីបានជាធ្វើធំបែបនេះ? តាមពិតនេះជាវិធានការទប់ស្កាត់ការវាយប្រហាររបស់សត្រូវ។ ព្រោះបើដាក់បង្គន់នៅកណ្តាលបន្ទប់ធំទូលាយ ទោះបីជាមានលំពែងទម្លុះជញ្ជាំងក៏មិនអាចបង្ករបួសបានដែរ។
ប៉ុន្តែខ្ញុំបែរជាគិតថា បើនៅក្នុងបន្ទប់ធំបែបនេះ ប្រាកដជាមានអារម្មណ៍ឯកោណាស់។
ក្រៅពីនេះ លោកក៏បានប្រើបន្ទប់ទឹកតាមរបៀបមួយផ្សេង។ ចំពោះបន្ទប់ទឹកដែលមានទំហំធំបែបនេះ មនុស្សជាច្រើនអាចចូលក្នុងពេលតែមួយ។
ជាការពិតណាស់ មនុស្សចង់ចូល ឬអត់ជារឿងមួយផ្សេង។
បន្ទប់ទឹកនេះមានច្រកចូលច្រើន និងមានច្រកចូលមួយទុកសម្រាប់ ninja ។ ដោយសារ ninja តែងតែធ្វើសកម្មភាពដោយសម្ងាត់ជានិច្ច ដូច្នេះពួកគេជៀសវាងត្រូវគេប្រទះឃើញតាមដែលអាចធ្វើទៅបាន មិនថាមិត្តរួមក្រុមក៏ដោយ។ ដូច្នេះហើយ ninja តែងតែចូលបន្ទប់ទឹកដោយសម្ងាត់ ដើម្បីពិភាក្សារឿងសម្ងាត់ជាមួយ Shingen ។
ប្រាកដជាមានអ្នកគិតថា “មិនខ្លាចធុំក្លិនទេឬ?”
តាមពិតបង្គន់នៅសម័យនោះត្រូវបានរចនាឡើងសម្រាប់ទុកលាមកក្នុងរណ្តៅធំមួយ ដូច្នេះមិនអាចជៀសផុតពីក្លិនមិនល្អបានឡើយ ប៉ុន្តែបង្គន់នេះប្រើបច្ចេកវិទ្យាថ្មីបំផុត។ ទឹកក្តៅដែលងូតរួចក្នុងអាងត្រូវគេប្រើជាទឹកសម្រាប់លាងបង្គន់។ ថ្វីត្បិតែមិនមានប្រព័ន្ធបង្ហូរទឹកដោយស្វ័យប្រវត្តិដូចសព្វថ្ងៃនេះ ប៉ុន្តែបន្ទាប់ពីប្រើបន្ទប់ទឹករួច លោក Shingen នឹងបន្លឺកណ្ដឹង ហើយអ្នកបម្រើដែលរង់ចាំនៅខាងក្រៅនឹងបង្ហូរទឹកដោយប្រើប្រព័ន្ធអនុវត្តពីចម្ងាយ។
រហូតមកដល់សព្វថ្ងៃ នៅតាមតំបន់ជនបទជប៉ុន មានបន្ទប់ទឹកជាច្រើនគ្មានប្រព័ន្ធបង្ហូរទឹក ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាបង្គន់បង្ហូរទឹកត្រូវបានគេប្រើជាង ៤០០ ឆ្នាំមកហើយ។
ជាងនេះទៅទៀត ការការពារមិនអោយអ្នកដទៃមើលឃើញលាមកក៏សំខាន់ណាស់ដែរ។ ព្រោះមនុស្សសម័យមុនជឿថា រាងកាយនឹងទន់ខ្សោយនៅពេលត្រូវអ្នកដទៃមើលឃើញលាមក។ ដូច្នេះហើយ ពួកគេអោយត្រីគល់រាំងសុីដើម្បីលាក់បាំងលាមករបស់ខ្លួន។
ក្រៅពីនេះ នៅតាមជ្រុងទាំង ៤ ក្នុងបន្ទប់ធំគេដាក់ធូបក្រអូប ដើម្បីធ្វើឱ្យបង្គន់របស់លោកមានក្លិនល្អ ដូច្នេះអាចចាត់ទុកជាកន្លែងសម្ងាត់ដែលមានផាសុកភាព។
លោក Shingen ធ្លាប់សម្រាកក្នុងបន្ទប់ទឹកនេះ ខណៈដែលកំពុងគ្រប់គ្រងប្រទេស ឬបង្កើតគំនិតយុទ្ធសាស្ត្រថ្មីៗ។ នៅពេលនោះ លោក Shingen ត្រូវគេចាត់ទុកថាបានយកឈ្នះស្ទើរតែគ្រប់សមរភូមិដែលគាត់ចូលរួម។ ដូច្នេះគាត់ត្រូវបានប្រជាជនជឿទុកចិត្ត ហើយបានក្លាយជាអ្នកនាំមុខក្នុងចំណោមសាមូរ៉ៃដែលពូកែបំផុត។
ប្រហែលដោយសារតែមានបន្ទប់ទឹកបែបនេះ លោកបានក្លាយជាមេដឹកនាំដ៏ឆ្នើមម្នាក់។ អ្នកខ្លះនិយាយថា លោកធ្លាប់ចូលបន្ទប់ទឹកជាងកន្លះថ្ងៃ។ ក្នុងសង្គមសព្វថ្ងៃ មិនសូវមានអ្នកទ្រាំនៅយូរក្នុងបន្ទប់ទឹកឡើយ។
ទោះជាយ៉ាងណា ប្រសិនបើម្ចាស់អាជីវកម្មអាចសាងសង់បង្គន់ដ៏ប្រណិតសម្រាប់ប្រើដូចជាការិយាល័យ ប្រហែលជាប្រសិទ្ធភាពអាជីវកម្មរបស់ក្រុមហ៊ុនអាចនឹងរីកចម្រើនក៏ថាបាន។
Kengo Abe