ស្រ្តីអ្នកទោសប្រហារជីវិតជប៉ុនស្លាប់ដោយសារស្លាក់អាហារ
ក្រសួងយុត្តិធម៌ជប៉ុនបានចេញសេចក្តីប្រកាសស្ត្រីអ្នកទោសប្រហារជីវិតម្នាក់ស្លាក់អាហារស្លាប់កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ស្រ្តីអ្នកទោសប្រហារជីវិត Miyuki Ueta ។ រូបភាព៖ Mainichi
Kyodo បានរាយការណ៍ថា ស្រ្តីអ្នកទោសប្រហារជីវិតឈ្មោះ Miyuki Ueta អាយុ ៤៩ ឆ្នាំដែលកំពុងត្រូវឃុំខ្លួននៅមណ្ឌលមួយក្នុងខេត្ត Hiroshima ។ ក្រសួងយុត្តិធម៌បានបន្ថែមថា មូលហេតុនៃការស្លាប់របស់អ្នកទោសស្រី Ueta ត្រូវបានបញ្ជាក់ដោយវេជ្ជបណ្ឌិតនៅខាងក្រៅពន្ធនាគារក្រោយពេលធ្វើកោសល្យវិច័យ។
បើតាម Nippon ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៦ៈ២០ នាទី ថ្ងៃទី ១៤ ខែមករា (ម៉ោងក្នុងតំបន់)។ បន្ទាប់ពីហូប និងថប់ដង្ហើម Ueta ធ្លាក់ក្នុងស្ថានភាពបាត់បង់ស្មារតី។ បុគ្គលិកពន្ធនាគារបានព្យាយាមយកអាហារចេញពីមាត់របស់ Ueta និងអនុវត្តវិធីសាស្រ្តមួយចំនួនទៀត ប៉ុន្តែអ្នកទោសរូបនេះត្រូវបានបញ្ជាក់ថាស្លាប់នៅម៉ោង ១៨ៈ៥៥ នាទីថ្ងៃដដែល។
ស្រ្តីអ្នកទោសធ្លាប់ជាបុគ្គលិកក្នុងបារ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្សពីរនាក់នៅខេត្ត Tottori ភាគខាងលិចប្រទេសជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ ២០០៩ ។ ក្នុងករណីទាំងពីរនេះ Ueta បានបោកបញ្ឆោតជនរងគ្រោះឱ្យប្រើប្រាស់គ្រឿងញៀន មុនពេលពន្លិចទឹកសម្លាប់ជនរងគ្រោះក្នុងទន្លេ ឬសមុទ្រ។
សេចក្តីសម្រេចកាត់ទោសប្រហារជីវិតចំពោះ Ueta ប្រកាសក្នុង ២០១៧ ។ យោងតាមច្បាប់របស់ជប៉ុន ការព្យួរកជាទម្រង់តែមួយគត់ដែលអនុវត្តចំពោះអ្នកទោសប្រហារជីវិត។
ក្រោយពេលអ្នកទោស Ueta ស្លាប់ ជប៉ុននៅមានអ្នកទោសប្រហារជីវិតចំនួន ១០៥ នាក់ដែលកំពុងរង់ចាំថ្ងៃអនុវត្តទោស។ នៅប្រទេសជប៉ុនភាគច្រើនអ្នកទោសត្រូវរង់ចាំរយៈពេលជាច្រើនឆ្នាំ ទើបដល់វេនអនុវត្តទោសប្រហារជីវិត។
ក្នុងឆ្នាំ ២០២២ ជប៉ុនអនុវត្តទោសប្រហារជីវិតតែមួយប៉ុណ្ណោះ។ អ្នកទោស Tomohiro Kato ដែលជាអតីតបុគ្គលិកការិយាល័យអាយុ ៣៩ ឆ្នាំ ត្រូវកាត់ទោសប្រហារជីវិតដោយសារសម្លាប់មនុស្ស ៧ នាក់ និងធ្វើអោយរបួស ១០ នាក់នៅសង្កាត់ Akihabara ទីក្រុងតូក្យូក្នុងឆ្នាំ ២០០៨ ។
ប្រភព៖ Skydoor