ព្រោះតែប្រវែង ០,៨៦ សង់ទីម៉ែត្របុរស Osaka ម្នាក់ត្រូវ​ចោទ​​ប្រកាន់​​យក​​វត្ថុមុតស្រួចតាម និង​ពិន័យ​ជា​ប្រាក់ ១០ ម៉ឺន​យ៉េន

ជប៉ុនជាប្រទេសដែលចែងច្បាប់តឹងរឹងចំពោះអាវុធ ជាពិសេសកាំភ្លើង។ ទោះជាយ៉ាងណារបស់របរប្រចាំថ្ងៃដូចជាកន្ត្រៃ​ក៏​អាច​ធ្វើ​អោយ​​អ្នក​ជាប់​ទោស​បាន​ដែរ។

បុរសនៅ Osaka ម្នាក់ ដែលយើងហៅបណ្តោះអាសន្នថាលោក ក មាន​អាយុ​ប្រហែល ៤០ ឆ្នាំ ធ្វើការនៅមជ្ឈមណ្ឌលសម្រាប់ជនពិការ។ គាត់ត្រូវគេធ្វើរោគវិនិច្ឆយ​ថា​ខ្សោយ​សតិ​បញ្ញា​​កម្រិត​​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី ​២៧ វិច្ឆិកា ។

ក្រោយពេល​ជួប​បញ្ហា​មួយ​ចំនួន លោក ក ជិះចូលចំណតរថយន្ត។ រឿងរ៉ាវមិនធ្ងន់ធ្ងរនោះទេ នៅពេលមានប៉ូលីស​ម្នាក់​ពីស្ថានីយ៍ Yao នៅ Osaka មកដល់។ ប៉ូលីសមើលឃើញកន្ត្រៃដែលលោក ក ទិញនៅហាង ១០០ យ៉េនប្រើសម្រាប់កាត់ស្លាកផលិត​ផល។

ប៉ូលិសរូបនោះឃាត់លោក ក រហូតដល់មានបុគ្គលិកម្នាក់ទៀតយកពាយវាស់មក។ គោលបំណងរបស់ពួកគេគឺចង់វាស់កន្ត្រៃរបស់លោក ក ដើម្បី​ដឹង​ថា​តើ​មាន​បំពាន​ច្បាប់គ្រប់គ្រងដាវ និងកាំភ្លើងឆ្នាំ ១៩៥៨ ដែរអត់។ ច្បាប់​នេះ​ហាម​ឃាត់​​យក​វត្ថុ​មុត​ស្រួច​មាន​ប្រវែង​ជាង ៨ សង់ទីម៉ែត្រតាម។

ផ្លែកន្ត្រៃរបស់លោក ក មានប្រវែង ៨,៨៦ សង់ទីម៉ែត្រ។

ក្រោយករណីនេះ មិនមានរឿងអ្វីកើតឡើងចំពោះលោក ក រយៈពេល ២ ខែ រហូតដល់ពេលដែលប៉ូលិសសម្រេច​ចោទ​​ប្រកាន់​ជា​មួយ​ព្រះ​រាជ​អាជ្ញា ហើយ​អញ្ជើញលោក​ទៅ​តុលាការ ។

នៅក្នុងតុលាការ ព្រះរាជអាជ្ញាបានចោទប្រកាន់លោក ក ថា ថ្វីត្បិតតែព្រមានមិនឱ្យទុកកន្ត្រៃក្នុងរថយន្ត ប៉ុន្តែលោកមិនអើពើ។ ជាមួយ​គ្នា​នេះ មេធាវី​​ការ​ពារ​​ក្តី​របស់​លោក ក បាន​និយាយ​ថា ប៉ូលិស​គ្រាន់​តែ​ប្រាប់​គាត់​ថាដាក់កន្រ្តៃក្នុងឡានគ្រោះថ្នាក់ណាស់។

មុននោះនៅកន្លែងកើតហេតុ​ប៉ូលិសបានបង្ខំគាត់ឱ្យចុះហត្ថលេខាលើលិខិតបញ្ជាក់។ ក្នុងនោះគាត់ទទួលស្គាល់ថា គាត់​ដឹង​ថាយក​កន្ត្រៃ​តាម​​គ្រប់​​ទី​កន្លែង​គឺ​ខុស​ច្បាប់។

មេធាវី​ការពារ​ក្តី​បាន​បញ្ជាក់ថា លោក ក ពេលនោះកំពុងហត់​នឿយ ភ័យ​ខ្លាច និង​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​របស់​តុលាការ​គឺ​លោក ក ត្រូវ​ទទួល​ខុស​ត្រូវ​តាមព្រហ្មទណ្ឌ។ ដោយ​សារ​តែ​គាត់​មិន​ដែល​មាន​​ប្រវត្តិ​​ប្រព្រឹត្តិ​បទ​ល្មើស ដូច្នេះ​លោក ក ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១០ ម៉ឺនយ៉េន។

នៅលើ Twitter មនុស្សជាច្រើនបានពិភាក្សាចំពោះករណីខាងលើ ដោយនិយាយថា ការកាត់ទោសនេះ “ជាការខ្ជះ​ខ្ជាយ​ប្រាក់​ពន្ធ និង​ពេល​វេលា” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: