ព្រឹត្តិការណ៍ដេញថ្លៃត្រីធូណាខៀវទម្ងន់ ២១២ គីឡូក្រាមក្នុងតម្លៃ ២៧៥,០០០ ដុល្លារ
យោងតាមសារព័ត៌មាន Kyodo News កាលពីម្សិលមិញ ថ្ងៃទី ៥ ខែមករា ព្រឹត្តិការណ៍ដេញថ្លៃដើមឆ្នាំនៅផ្សារត្រី Toyosu ត្រូវបានរៀបចំធ្វើឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
ត្រីធូណាខៀវមានទម្ងន់ ២១២ គីឡូក្រាម ដែលគេចាប់បាននៅតំបន់សមុទ្រ Oma ភាគខាងជើងខេត្ត Aomori ។ ហើយត្រីធូណាខៀវនេះគេចាត់ទុកជា “ពេជ្រខ្មៅ” ដោយសារតែមានតម្លៃខ្ពស់។
បើតាមអ្នកនាំពាក្យរបស់ Onodera ក្រុមហ៊ុនលក់អាហារសមុទ្រ Yamayuki បានសហការជាមួយប្រតិបត្តិករខ្សែសង្វាក់ហាងស៊ូស៊ីដែលមានផ្កាយ Michelin នៃ Onodera Group បានយកឈ្នះការដេញថ្លៃនេះ។
ត្រីធូណានឹងបែងចែកជាចំណែកៗ ដើម្បីបម្រើជាអាហារនៅភោជនីយដ្ឋាន Onodera និងតំបន់ផ្សារទំនើប Omotesando ទីក្រុងតូក្យូ។
រូបភាព៖ Kyodo
សារព័ត៌មាន Kyodo News បានដកស្រង់សម្តីលោក Yukitaka Yamaguchi ដែលជាប្រធានក្រុមហ៊ុន Yamayuki ថា “ខ្ញុំចង់បង្កើតព័ត៌មានវិជ្ជមានមួយចំនួន នៅពេលដែលឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ថយចុះបណ្តើរៗ” ។
ទន្ទឹមនឹងនេះ លោក Akifumi Sakagami ជាមេចុងភៅរបស់ Ginza Onodera បានចែករំលែកថា “ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលបាននាំយកត្រីធូណាពិសេសនេះមក អ្នកបរិភោគប្រាកដជាពេញចិត្ត” ។
តម្លៃដេញថ្លៃខាងលើជាការបង្ហាញថាជប៉ុនកំពុងតែដំណើរការឡើងវិញ។ ទោះជាយ៉ាងណា តម្លៃនៅឆ្នាំនេះនៅតែទាបជាងកំណត់ត្រា ២,៥ លានដុល្លារនៅឆ្នាំ ២០១៩ ដោយម្ចាស់ហាងស៊ូស៊ី Kiyoshi Kimura ។
នៅជប៉ុនការដេញថ្លៃដើមឆ្នាំតែងតែខ្ពស់ជាងធម្មតា ដោយសារអ្នកដេញថ្លៃចង់ឆ្លៀតឳកាសនេះអបអរឆ្នាំថ្មី និងផ្សព្វផ្សាយម៉ាកយីហោ។
ប្រភព៖ Skydoor