ទំនៀមទម្លាប់ទទួលទាន Osechi ក្នុងឳកាសឆ្នាំថ្មីនៅតំបន់នីមួយៗទូទាំងប្រទេសជប៉ុន

ដើមឆ្នាំជាពេលវេលាសំខាន់ អំឡុងពេល ៣ ថ្ងៃដំបូងអ្នកតែងតែចង់​ឱ្យ​បរិយាកាសជុំវិញស្ងប់ស្ងាត់ និងសុវត្ថិភាពដើម្បី​​ទទួល​​បាន​​លាភ​​សំណាង​ឆ្នាំ​ថ្មី។ នៅប្រទេសជប៉ុនមានទំនៀមទម្លាប់មួយចំនួនបួងសួងសុំសំណាងល្អក្នុងរយៈពេល ៣ ថ្ងៃដំបូង ដែល ២ ចំណុចក្នុងចំណោមនោះទាក់ទងនឹងការទទួលទាន នោះគឺមិន​ស្ងោរ​របស់ឆៅ ក៏ដូចជាមិន​បរិភោគ​សត្វ​មាន​ជើង ៤ ។ អ្នកខ្លះតមមិនសម្អាតផ្ទះ ដូច្នេះពួកគេមិនចម្អិនអាហាររយៈពេល ៣ ថ្ងៃដើមឆ្នាំ។ ម្យ៉ាង​វិញ​ទៀត ជប៉ុនមានទំនៀមទម្លាប់ចម្អិនអាហារច្រើន ហើយទុកហូបរយៈពេល ៣ ថ្ងៃនោះ។

ឈុតអាហារនេះហៅថា Osechi រួមមានមុខម្ហូបជាច្រើន។ ទោះជាយ៉ាងណា នៅតំបន់នីមួយៗមានទម្លាប់រៀបចំ Osechi រៀងៗ​ខ្លួន។ នេះជាលទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុនអាហារ Kibun Foods ស្តីពី “មុខម្ហូបដែលអ្នករាល់គ្នាទទួល​ទាន​ក្នុង​ឳកាស​ឆ្នាំ​ថ្មី” ដែលបង្ហាញចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន។

ការស្ទង់មតិនេះធ្វើឡើងលើស្ត្រីដែលបានរៀបការចំនួន ៥៨ នាក់នៃ ៤៧ ខេត្តក្រុងចំពោះការរៀបចំ Osechi ។ ក្នុងនោះ ៨៣,២% ចម្លើយ​ជ្រើស​យក Kamaboko (ប្រហិត​ត្រី​ជប៉ុន) ។

លេខ ២ គី Ozoni ស៊ុប Mochi និងបន្លែ។ ថ្វីត្បិតតែ Mochi ជាម្ហូបដែលតំណាងឱ្យឆ្នាំថ្មី ប៉ុន្តែក៏បង្កបញ្ហា​បណ្តាលឱ្យមនុស្សចាស់ស្លាក់ពេលហូប Mochi ស្ថានភាពអាក្រក់បំផុតអាចបណ្តាលឱ្យស្លាប់បាន។ ទោះជាយ៉ាងណា ៧៣,៥% នៅ​តែ​រៀប​ចំ​មុខ​ម្ហូប​នេះ​ជារៀងរាល់ឆ្នាំ។

ចំណាត់ថ្នាក់បន្ទាប់រួមមានសណ្តែកខ្មៅចម្អិនជាមួយស្ករ និងទឹកស៊ីអុីវ Datemaki និង Kazunoko ។

ជាទូទៅមុខម្ហូបដែលត្រៀមសម្រាប់ចម្អិន Osechi មិនខុសគ្នាច្រើននោះទេ ប៉ុន្តែរបៀបចម្អិនមានលក្ខណៈចម្រុះ។ ខណៈពេលដែលប្រជាជនជប៉ុនខាងកើតចូលចិត្តហូប Kurumi kinton (ដំឡូងកិនជាមួយគ្រាប់កៅឡាក់) ចំណែកប្រជាជន​ជប៉ុន​​ភាគ​ខាង​លិចចូលចិត្តហូបស្ករគ្រាប់កៅឡាក់ជាង។

ក្រៅពីកៅឡាក់ ឫសដើម Greater burdock (gobo) ក៏ត្រូវគេចាត់ទុកជាអាហារសំណាង និងពេញនិយមក្នុង Osechi ផង​ដែរ។ ប៉ុន្តែ​របៀប​ចម្អិនឫសដើម Greater burdock នៅជប៉ុនខាងកើត និងខាងលិចមានភាពខុសគ្នា។ ប្រជាជន​ភាគ​ខាងកើតចូលចិត្តឆាគ្រឿងផ្សំជាមួយទឹកស៊ីអុីវ និងស្ករ (មុខម្ហូបនេះហៅថា Kinpira Gobo) ចំណែក​ប្រជាជន​ភាគ​ខាងកើតចូលចិត្តបន្ថែមល្ង ឬទឹកខ្មេះ។

សូម្បីតែ Ozoni ក៏ប្រជាជនតំបន់នីមួយៗមានរបៀបទទួលទានខុសគ្នាដែរ។

ប្រជាជននៅខាងកើតកាត់ Mochi ជារាងចតុកោណ ចំណែកប្រជាជននៅភាគខាងលិចចូលចិត្ត Mochi មូល។

ទាំងគ្រឿងផ្សំក៏មានភាពខុសគ្នាដែរ ប្រជាជនជប៉ុនខាងកើតចូលចិត្តពងត្រីសាម៉ុន ចំណែកប្រជាជនជប៉ុនភាគខាងលិចចូលចិត្តបង្គា។ តំបន់ភាគខាងជើង Kyushu ចូលចិត្តហូបស្ពៃខៀវ ចំណែកភាគខាងត្បូងចូលចិត្តសណ្តែក​​បណ្តុះ ។ល។

តើអ្នកចូលចិត្តហូប Osechi នៅតំបន់ណាជាងគេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: