ជប៉ុនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តប្រជាជននៅទីប្រជុំជនផ្លាស់ទៅតំបន់ជាយក្រុង ឬជនបទ
ជាក់ស្តែង រដ្ឋាភិបាលផ្តល់ប្រាក់ ១ លានយ៉េនសម្រាប់កុមារម្នាក់ក្នុងគ្រួសារនីមួយៗដែលរស់នៅទីក្រុងតូក្យូ ដើម្បីលើកទឹកចិត្តពួកគេឱ្យផ្លាស់ទៅរស់នៅតំបន់ជាយក្រុង និងទីជនបទ។
ជាការពិតណាស់ កញ្ចប់ជំនួយហិរញ្ញវត្ថុនេះត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩ ដើម្បីលើកទឹកចិត្តអ្នកដែលចិញ្ចឹមកូនតូចឱ្យផ្លាស់ទៅតំបន់ដែលមានអត្រាកំណើតធ្លាក់ចុះ និងចំនួនប្រជាជនចាស់។ បុគ្គលដែលទទួលជំនួយគ្រាន់តែបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងបីគឺ៖ ធ្វើការនៅក្រុមហ៊ុនខ្នាតតូច ឬមធ្យមក្នុងតំបន់ដែលពួកគេផ្លាស់ទៅ បន្តការងារពីមុនដោយធ្វើការពីចម្ងាយ ឬចាប់ផ្តើមអាជីវកម្មក្នុងតំបន់ដែលស្នាក់នៅថ្មី។
តារាងបញ្ជីតំបន់ដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលជំនួយ (ជាភាសាជប៉ុន)
កម្មវិធីនេះបង្កើនជំនួយផ្នែកហិរញ្ញវត្ថុទៅតាមចំនួនកុមារក្នុងមួយគ្រួសារ។ បច្ចុប្បន្ននេះ ប្រាក់ឧបត្ថម្ភបន្ថែមមានចំនួន ៣០ ម៉ឺនយ៉េនសម្រាប់ម្នាក់។ យោងតាមបទប្បញ្ញត្តិថ្មីដែលចាប់ពីខែមេសាខាងមុខ គូស្វាមីភរិយាដែលមានកូន ២ នាក់នឹងទទួលបានរហូតទៅដល់ ៣ លានយ៉េន ដោយមិនរាប់បញ្ចូលការត្រួតពិនិត្យប្រាក់ចំណូលឡើយ។ អ្នកដាក់ពាក្យសុំជំនួយត្រូវតម្រូវឱ្យទៅកាន់អាជ្ញាធរមូលដ្ឋានថ្មីរបស់ពួកគេរយៈពេល ៣ ខែ ដល់ ១ ឆ្នាំបន្ទាប់ពីផ្លាស់ទៅ ហើយប្រកាសគោលបំណងរស់នៅទីនោះយ៉ាងហោចណាស់ ៥ ឆ្នាំ។ ពួកគេនឹងត្រូវស្នើឱ្យប្រគល់ប្រាក់វិញ ប្រសិនបើពួកគេចាកចេញមិនដល់ ៥ ឆ្នាំ។
នៅជប៉ុនមានប្រមាណ ១៣០០ ក្រុងផ្តល់ជំនួយឧបត្ថម្ភនេះ ដែលស្មើនឹង ៨០% នៃចំនួនក្រុងសរុបក្នុងប្រទេសជប៉ុន។ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ផែនការខាងលើត្រូវបានរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលខ្លឹមសាររួមមានផែនការ ៥ ឆ្នាំចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដើម្បីបង្កើនចំនួនប្រជាជនរស់នៅទីប្រជុំជនតូក្យូផ្លាស់ទៅតំបន់ជនបទកើនឡើង ១ ម៉ឺននាក់ក្នុងឆ្នាំសារពើពន្ធ ២០២៧ ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍន៍បរិយាកាសរស់នៅតំបន់ជាយក្រុង និងជនបទ ដើម្បីធ្វើឱ្យជីវភាពថ្មីរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។
គម្រោងនេះរួមទាំងជំនួយសម្រាប់កម្មវិធីរបស់អាជ្ញាធរមូលដ្ឋានដែលទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដូចជារថយន្តក្រុងបើកដោយស្វ័យប្រវត្តិ ឬការថែទាំសុខភាពពីចម្ងាយ។
Sacchan