ថ្មីទៀតហើយសេវា “ជួលឆ្មាយកទៅចិញ្ចឹម​” កាត់បន្ថយ​ករណី​បោះ​បង់​ចោល និង​ផ្តល់ជម្រកដល់សត្វ

ជប៉ុនជាប្រទេសដែលសម្បូរទៅដោសេវាកម្ម អ្នកអាចរកជួលរបស់មួយចំនួនដូចជា DVD សេវាកម្មមើលទូរទស្សន៍ ផ្ទះ​ជា​ដើម រួមទាំងបុគ្គលមួយចំនួនដូចជាអាណាព្យាបាល បុរសម្នាក់ជជែកគ្នា និងឥឡូវនេះរួមទាំងសត្វចិញ្ចឹម​​ផង​ដែរ។

ដោយគ្រាន់តែចំណាយ ៣៨០ យ៉េនក្នុងមួយខែ អ្នកអាចជួលឆ្មាមួយក្បាលជាមួយនឹងសេវាកម្មថ្មីមានឈ្មោះថា Neko Houdai ។ ពាក្យ​ថា “ជួល” មាន​ន័យ​ថាអ្នកអាចប្រគល់ឆ្មាត្រឡប់ទៅវិញពេលផុតរយៈពេលកំណត់។

នៅពេលដែលដំណឹងមានមនុស្សជាច្រើនដឹង អ្នកស្រលាញ់ឆ្មានាំគ្នាជំទាស់យ៉ាង​ខ្លាំង ដោយចាត់ទុកថាទង្វើ​នេះ​ប្រៀបដូចជាធ្វើបាបសត្វចិញ្ចឹម​។ ប្រសិន​បើ​អ្នក​ធ្លាប់​ចិញ្ចឹម​ឆ្មា អ្នកប្រាកដជាដឹងថាឆ្មាមិនចូលចិត្តផ្លាស់ប្តូរបរិយា​កាស​រស់នៅនោះទេ។ លទ្ធផលអាចបណ្តាលឱ្យឆ្មាមានភាពតានតឹង មិនសុីចំណី ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ​ផង​ដែរ។

មតិជំទាស់មិនត្រឹម​តែផ្តោតលើសេវាកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំងសំដៅលើយុទ្ធសាស្រ្តទីផ្សារផង។ ដោយឡែកឈ្មោះ Neko Houdai (Houdai ប្រើ​សម្រាប់​ស្ថាន​ភាព​ដូច​ជា Tabehoudai – អាហារប៊ូហ្វេ រីឯ nomihoudai – free refill ទឹក​ផឹក) បាន​​បង្ហាញ​ពី​ភាព​មិនសមរម្យ ដែលធ្វើឱ្យអ្នកស្រឡាញ់ និងយកចិត្តទុកដាក់លើឆ្មាមានអារម្មណ៍អាក់​អន់​ចិត្ត។

ទោះជាយ៉ាងណា Nora Neko Bank ដែលជាក្រុមហ៊ុនប្រតិបត្តិការ Neko Houdai បានពន្យល់លើគេហទំព័រថា សេវានេះផ្តោតលើមនុស្សចាស់ដែលមានតម្រូវការចិញ្ចឹម​ធ្វើជាមិត្ត ប៉ុន្តែបារម្ភថាខ្លួននឹងស្លាប់មុនសត្វចិញ្ចឹម​។

ជាការពិតណាស់ បញ្ហាបោះចោលសត្វចិញ្ចឹម​បានកើតឡើងមុនពេល Neko Houdai ត្រូវបានបង្កើត ក្រៅ​ពី​មតិ​រិះ​គន់​មួយ​ចំនួន មនុស្ស​ជា​ច្រើន​​សង្ឃឹម​ថា​សេវាកម្ម​នេះនឹងកាត់បន្ថយករណីបោះបង់ចោលសត្វចិញ្ចឹម​នា​ពេល​នេះ។

  • មនុស្សមួយចំនួន​គ្មាន​ចិត្តអាណិត​សត្វ​ចិញ្ចឹមរបស់ខ្លួន។ បង្កើតឳកាសសងត្រឡប់សត្វចិញ្ចឹម​ហាក់ដូចជាល្អជាងយកវាទៅចោលកន្លែងណាមួយ។
  • ត្រូវហើយ ក្រៅពីនេះក៏មិនមានធនធានគ្រប់គ្រាន់សម្រាប់ថែទាំសត្វចិញ្ចឹមនៅមជ្ឈមណ្ឌលសត្វ​ផង​ដែរ។ សេវាកម្មនេះបានសម្រាលបន្ទុករបស់ពួកគេ។
  • តម្លៃជួលទាបបែបនេះ ខ្ញុំគិតថាអ្វីដែលពួកគេចង់បានមិនមែនផ្តោតលើប្រាក់ចំណេញឡើយ។

Neko Houdai មិនគិតថ្លៃបន្ថែមពេលអ្នកជួលយកឆ្មាទៅសងនោះទេ។ ម្យ៉ាងវិញទៀត ថ្លៃ​ចំណាយលើការក្រៀវសត្វចិញ្ចឹម​ Nora Neko Bank ជាអ្នកចេញ។ សេវានេះដូចជាកំពុងដំណើរការក្រោមទម្រង់ជាសាធារណៈ មិនមែនដើម្បីប្រាក់ចំណេញនោះទេ។

ទោះបីជាទម្រង់បែបណាក៏ដោយ ទាំងសេវាកម្ម និងអ្នកជួលសុទ្ធតែឆ្ពោះទៅរកគោលបំណងរួម នោះគឺស្វែងរកផ្ទះសម្រាប់​ឆ្មា និង​កាត់​បន្ថយ​ករណី​ធ្វើ​បាប បោះ​​បង់​ចោល​​សត្វ​​ចិញ្ចឹម​។ ដូច្នេះហើយ មនុស្សម្នាក់ៗត្រូវតែមានទំនួលខុសត្រូវ​ពេល​ទទួល​ចិញ្ចឹម​​សត្វ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: