អ្នកនិពន្ធកំណាព្យ Haiku លោក Basho Matsuo ពិតជា Ninja មួយរូបមែនទេ?
តើអ្នកស្គាល់កំណាព្យ Haiku ដែរទេ?
ជាទម្រង់កំណាព្យជប៉ុន ដោយប្រើពាក្យពេចន៍ប៉ុន្មានមាត់បង្ហាញពីអារម្មណ៍ ក្បួនច្បាប់ពិបាកបើធៀបនឹងកំណាព្យនៅប្រទេសផ្សេងទៀត។
ក្នុងរឿងថ្ងៃនេះ យើងនឹងវិភាគកំណាព្យមួយចំនួនរបស់លោក Matsuo Basho ហើយប្រទះឃើញថាគាត់ជា Ninja មួយរូប។
ជាដំបូង ដើម្បីយល់កាន់តែច្បាស់អំពីកំណាព្យ Haiku ចូរក្រឡេកមើលកំណាព្យរបស់លោក Basho Matsuo ខាងក្រោម៖
閑(しず)かさや
岩に染み入る
蝉(せみ)の声
ប្រែថា៖
ភាពស្ងប់ស្ងាត់
ជ្រាបចូលថ្ម
សំឡេងសត្វរៃ
នេះជាស្នាដៃនិពន្ធដោយលោក Basho Matsuo នៅប្រាសាទមួយក្នុងខេត្ត Yamagata សព្វថ្ងៃ។
និពន្ធកំណាព្យ Haiku ជាភាសាជប៉ុនគេហៅថា 詠む (Yomu) – តែងកំណាព្យ។
Haiku កំណត់ត្រឹមបីប្រយោគដែលមានវាក្យសម្ពន្ធ ៥ + ៧ + ៥ ព្យាង្គ។
ទោះបីជាមានព្យាង្គច្រើន ឬតិចជាងមួយនៅតែអាចទទួលយកបាន ប៉ុន្តែធ្វើដូច្នេះនឹងកាត់បន្ថយការវាយតម្លៃរបស់កំណាព្យ ដែលជាចំណុចពិបាកក្នុងការសរសេរកំណាព្យ Haiku ។
ក្រៅពីនេះ មានច្បាប់មួយគឺថាអ្នកត្រូវសរសេរយ៉ាងហោចណាស់ពាក្យតាមរដូវមួយ ដើម្បីឲ្យអ្នកអានដឹងថានោះជារដូវណា។
ដូចក្នុងកំណាព្យ Haiku ខាងលើនេះ សត្វរ៉ៃគេសំដៅលើរដូវក្តៅ។
ម្យ៉ាងវិញទៀត ដោយប្រើអត្ថន័យរបស់អក្សរហានដែលប្រើក្នុងអត្ថបទ ទោះគ្រាន់តែជាប្រយោគខ្លី ក៏អាចបង្ហាញពីអារម្មណ៍របស់អ្នកនិពន្ធបានដែរ។
ឧទាហរណ៍ក្នុងប្រយោគ 閑かさや (shizukasa) បើជាភាសាជប៉ុនទូទៅនឹងប្រើ 静かさや (shizukasa) ដើម្បីសំដៅទៅលើភាពស្ងប់ស្ងាត់។ ប៉ុន្តែអ្នកនិពន្ធមិនត្រឹមតែសង្កត់ធ្ងន់លើភាពស្ងៀមស្ងាត់ មិនមានសំឡេងក្នុងបរិយាកាស ថែមទាំងចង់ឲ្យអ្នកអានមានអារម្មណ៍ថា “លំហែ” បន្ធូរអារម្មណ៍ ទើបប្រើ Kanji 閑 ក្នុង 閑静 (Kansei) ។
ត្រលប់ទៅរឿង “បេសកកម្ម” ផ្សេងទៀតរបស់អ្នកនិយមកំណាព្យ Haiku លោក Basho Matsuo ។ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលទ្រឹស្តីយល់ថាអ្នកនិពន្ធកំណាព្យ Haiku ល្បីលើពិភពលោកជា Ninja មួយរូប និងមានមនុស្សជាច្រើនទទួលយក។
ចូរយើងវិភាគលក្ខណៈពិសេសមួយចំនួនក្នុងជីវិតរបស់កវីដើម្បីបញ្ជាក់ពីសម្មតិកម្មនេះ។
លោក Basho Matsuo កើតនៅឆ្នាំ ១៦៤៤ ខេត្ត Iga ។ ប្រសិនបើអ្នកចូលចិត្តរឿងគំនូរជីវចលជប៉ុន អ្នកប្រហែលជាដឹងថា Iga ជាភូមិ Ninja ដូច្នេះហើយ លោកអាចជា Ninja មួយរូប។
ក្រោយមក លោក Basho Matsuo បានផ្លាស់ទៅ Edo (ដែលសព្វថ្ងៃជា Tokyo) ក្នុងឆ្នាំ ១៦៦៦ បានក្លាយជាអ្នកនិពន្ធកំណាព្យ Haiku ល្បី។ នៅឆ្នាំ ១៦៨៩ កាលអាយុ ៤៥ ឆ្នាំ គាត់នាំសិស្សរបស់ខ្លួនដើរទស្សនាជុំវិញតំបន់ Tohoku និងតែងកំណាព្យ Haiku ផង។ បន្ទាប់មកគាត់ប្រមូលកំណាព្យ Haiku ដែលខ្លួនបាននិពន្ធនៅតំបន់ Tohoku ហើយបោះពុម្ពដោយប្រើឈ្មោះថា Oku no Hosomichi (ផ្លូវតូចចង្អៀតនៅខាងក្នុង) ។
សម្មតិកម្មនេះជឿថាដំណើរទស្សនាតែងកំណាព្យ Haiku នេះគ្រាន់តែជាការក្លែងបន្លំប៉ុណ្ណោះ តាមពិតនេះជាដំណើរសម្ងាត់ដើម្បីបំពេញបេសកកម្មមួយផ្សេងទៀត។ មូលហេតុដោយសារតែមានអាថ៌កំបាំងជាច្រើនក្នុងដំណើររបស់លោក Basho Matsuo ។
១. កន្លែងដែលចង់ទៅមិនអាចស្នាក់នៅបាន
ចូរយើងវិភាគកំណាព្យដែលលោក Basho បានធ្វើមុនពេលចាប់ផ្តើមធ្វើដំណើរ។
松島の
月まづ心
にかかりて
ព្រះច័ន្ទនៅ Matsushima
ព្យួរក្នុងបេះដូង
ខ្លឹមសារកំណាព្យនិយាយពីលោក Basho សុបិនទៅដល់ Matsushima ជាកន្លែងមួយក្នុងខេត្ត Miyagi ដែលសន្មត់បានថាគាត់ចង់ទៅ Matsushima ខ្លាំងប៉ុណ្ណា។
ប៉ុន្តែគាត់ស្នាក់នៅ Matsushima តែមួយថ្ងៃប៉ុណ្ណោះ ខណៈដែលនៅកន្លែងផ្សេងទៀតដល់ទៅ ១៣ យប់។
ប្រហែលជាកន្លែងនោះមិនល្អដូចដែលលោករំពឹងទុក ប៉ុន្តែក៏ប្រហែលជាគាត់ទៅកន្លែងផ្សេងដើម្បីបំពេញភារកិច្ចជាជាងស្នាក់នៅកន្លែងដែលគាត់ចង់ទៅ។
២. ចម្ងាយ និងល្បឿនធ្វើដំណើរមិនធម្មតា
ការធ្វើដំណើរមានចម្ងាយប្រហែល ២.៤០០ គីឡូម៉ែត្រ។ លោក Basho និងសិស្សធ្វើដំណើរអស់រយៈពេល ៥ ខែទើបមកដល់ទីនេះ។
កុំនិយាយថាជិះ Shinkansen នៅសម័យនោះកង់ក៏មិនមានដែរ ដូច្នេះឃើញថាមានចម្ងាយឆ្ងាយណាស់។
អ្វីដែលមិននឹកស្មាននោះគឺថាថ្ងៃខ្លះធ្វើដំណើរចម្ងាយ ៤០ គីឡូម៉ែត្រ។
ថ្វីត្បិតតែដើរចម្ងាយ ៤០ គីឡូម៉ែត្រមិនមែនមិនអាចទៅរួចទេ ប៉ុន្តែចូរចាំថាកវីមានអាយុ ៤៥ ឆ្នាំទៅហើយ។ នៅសម័យនោះអាយុ ៤៥ ឆ្នាំក៏ចាស់ណាស់ដែរ ការដែលមនុស្សចាស់ធ្វើដំណើរផ្លូវឆ្ងាយបែបនេះមិនធម្មតាឡើយ។
៣. ចំពោះបញ្ហាលិខិតអនុញ្ញាតធ្វើដំណើរ
ធ្វើដំណើររយៈពេល ៥ ខែចំណាយប្រាក់ច្រើន ទោះនៅសម័យនេះក៏ចំណាយច្រើនណាស់ដែរ មិនត្រឹមតែប៉ុណ្ណឹងក្នុងសម័យដែលកវីរស់នៅ ការធ្វើដំណើរមិនទាន់ពេញនិយមនៅឡើយ ដូច្នេះចំណាយកាន់តែច្រើន។
ជាងនេះទៅទៀត នៅសម័យនោះជប៉ុនបែងចែកជាទឹកដីតូចៗ ហើយត្រូវមានប័ណ្ណធ្វើដំណើរទៅមក ចំណុចនេះក៏ជាការចំណាយមួយដែរ។
តើលោក Basho Matsuo បានប្រាក់នេះមកពីណា?
ប្រសិនបើគាត់ជា Ninja ហើយកំពុងបំពេញបេសកកម្មសម្រាប់ប្រទេសណាមួយនោះ គឺអាចទទួលយកបាន។
តើអ្នកយល់យ៉ាងណា?
សម្មតិកម្មមួយទៀតចាត់ទុកថា កំណើរកំសាន្តរបស់លោកដើម្បីប្រមូលព័ត៌មានតំបន់ Tohoku ។ នៅសម័យនោះតំបន់ Tohoku ឆ្ងាយពី Edo និងពិបាកគ្រប់គ្រងណាស់។ ដោយផ្ទាល់ ខ្ញុំគិតថាអាចទៅរួចដែលថាលោក Basho ត្រូវបានបញ្ជូនទៅកាន់ Tohoku ដើម្បីស៊ើបអង្កេត ព្រោះប្រសិនបើប្រទេសក្នុងតំបន់នេះឃុបឃិតគ្នាដើម្បីវាយប្រហារ Edo នោះវានឹងក្លាយជាស្ថានភាពដ៏គួរឱ្យភ័យខ្លាចបំផុត។
Kengo Abe