អ្នកដឹងទេថាខ្ញីក្រហមដែលគេប្រើច្រើនក្នុងភោជនីយដ្ឋានជប៉ុនល្អចំពោះសុខភាព
អ្នកដែលចូលចិត្តទទួលទានអាហារជប៉ុន តើអ្នកចូលចិត្តខ្ញីក្រហមដែរទេ? ដូចជាគ្រឿងបន្ថែមដែលគេហូបជាមួយ Yakisoba ឬ Gyudon មានពណ៌ក្រហម រសជាតិហឹរល្មម។
តាមពិតទៅ មាន ២ ប្រភេទដែលយើងច្រើនគិតថាជាខ្ញីក្រហម ប្រភេទទី ១ គឺ Gari ហូបជាមួយនឹង Sushi ប្រភេទមួយទៀតគឺ Benishouga ហូបជាមួយ Gyudon តើប្រភេទទាំង ២ នេះខុសគ្នាយ៉ាងណា?
ហេតុអ្វីខ្ញីមានពណ៌ក្រហម?
ហេតុតែ Benishouga មានពណ៌ក្រហមដោយសារគេយកខ្ញីស្រស់ទៅត្រាំក្នុងទឹកខ្មេះផ្លែ Plum ក្រហម និងសារធាតុចម្រាញ់ពី Perilla ។ ត្រាំបែបនេះខ្ញីមានពណ៌ផ្កាឈូកដិតជាជាងពណ៌ក្រហមស្រស់។ Benishouga មានពណ៌ក្រហមដិតដោយសារគេប្រើល័ក្ខ។
ភាពខុសគ្នារវាង Gari និង Benishouga
ជ្រក់ទាំង ២ នេះសុទ្ធតែធ្វើពីខ្ញី ប៉ុន្តែរបៀបធ្វើខុសគ្នា។ Gari ហាន់ជាបន្ទះស្តើង បន្ទាប់ពីស្រុសទឹកក្តៅនឹងត្រាំក្នុង Amazu (ទឹកខ្មេះផ្អែម)។ Gari មិនប្រើល័ក្ខ ហេតុតែវាមានពណ៌ផ្កាឈូកដោយសារប្រតិកម្មរបស់ anthocyanin polyphenol ក្នុងខ្ញីជាមួយនឹង axit xitric ក្នុងទឹកខ្មេះផ្អែម។
Benishouga មានអត្ថប្រយោជន៍សម្រាប់សុខភាព
ក្នុង Benishouga មានផ្ទុក Shogaol និង Zingerone ជាសារធាតុទាំង ២ ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។
Shogaol ជាសារធាតុចិញ្ចឹមតែមួយគត់ក្នុងខ្ញី ដែលគេប្រើជាឱសថបុរាណចិនតាំងពីសម័យបុរាណ។ Shogaol បង្កើតឡើងតាមរយៈការកម្តៅសារធាតុដែលហៅថា Gingerol មានមុខងារជំរុញការរំលាយអាហារ និងធ្វើឲ្យរាងកាយមានភាពកក់ក្តៅ។ ដើម្បីបង្កើនប្រសិទ្ធិភាពរបស់ Shogaol គួរតែដាំខ្ញីឲ្យពុះប្រហែល ១០ នាទី។
Zingerone ជាសារធាតុដែលផលិតនៅពេលដែល gingerol ត្រូវដាំពុះ និងសម្ងួត។ នេះជាសារធាតុដែលមានក្លិនខ្ញី មានមុខងារជំរុញដំណើរការដុតខ្លាញ់ និងបង្កើនប្រព័ន្ធភាពស៊ាំ។ សារធាតុនេះត្រូវគេចាត់ទុកថាមានប្រសិទ្ធភាពជួយបង្ការជំងឺទាក់ទងនឹងការរស់នៅ។
ហូប Benishouga ច្រើនបានអត់?
ថ្វីត្បិតតែ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែយ៉ាងណាកុំហូបវាច្រើនពេក។
ប្រសិនបើអ្នកធ្លាប់ហូប Benishouga អ្នកនឹងមានអារម្មណ៍ថាវាមានរសជាតិប្រៃ ក៏ដូចជាហឹរ ព្រោះខ្ញីក្រហមមានផ្ទុកអំបិលច្រើន។ ខ្ញីត្រាំ ១០០ ក្រាមផ្ទុកអំបិល ៧,១ ក្រាម ដូច្នេះអ្នកគួរតែកំណត់ការទទួលទានខ្ញីក្រហមត្រឹម ៥ ក្រាមក្នុងមួយថ្ងៃ។
ខ្ញីក្រហមមានផ្ទុកនូវសារធាតុហឹរច្រើន ដូច្នេះប្រសិនបើហូបខ្ញីក្រហមទាំងសំបកច្រើន អាចបណ្តាលឲ្យប៉ះពាល់ស្រទាប់ក្រពះ។ ម្យ៉ាងវិញទៀត អ្នកគួរតែជៀសវាងហូបខ្ញីច្រើនទាំងពោះទទេផងដែរ។
សង្ឃឹមថាអត្ថបទនេះមានប្រយោជន៍សម្រាប់អ្នកដែលចូលចិត្តអាហារជប៉ុន ជាពិសេសអ្នកដែលចូលចិត្តហូបខ្ញីក្រហម។
Sacchan