ព្រិលធ្លាក់ខ្លាំងបណ្តាលឱ្យរថយន្តរាប់រយគ្រឿងកកស្ទះលើផ្លូវល្បឿនលឿន
នៅព្រឹកថ្ងៃអង្គារនេះព្រិលធ្លាក់ខ្លាំងបណ្តាលឱ្យយានជំនិះរាប់រយគ្រឿងជាប់គាំងលើផ្លូវល្បឿនលឿនដែលឆ្លងកាត់ទីក្រុង Kashiwazaki ខេត្ត Niigata ក្បែរឆ្នេរសមុទ្រជប៉ុន។
វេលាម៉ោង ១០ ព្រឹកថ្ងៃអង្គារ ព្រិលបានបង្កឱ្យកកស្ទះចរាចរណ៍ចម្ងាយ ២០ គីឡូម៉ែត្រលើផ្លូវជាតិលេខ ៨ ។
ក្រុមមន្ត្រីបានអោយដឹងថា រថយន្តប្រមាណ ៨០០ គ្រឿងជាប់គាំងក្នុងតំបន់នេះនៅម៉ោង ១ ព្រឹក យ៉ាងណាចំនួននេះកាត់បន្ថយសល់ប្រហែល ៣០០ គ្រឿង ក្រោយពេលសកម្មភាពសម្អាតព្រិលដំណើរការ។
ក្រុមជួយសង្គ្រោះបានបែងចែកអាហារ ទឹក និងសម្ភារៈចាំបាច់ដល់អ្នកបើកបរ។
នៅទីក្រុង Nagaoka ជិតនោះ យានជំនិះក៏ជាប់គាំងលើបណ្តោយផ្លូវចម្ងាយ ២០ គីឡូម៉ែត្រផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអគ្គិសនី Tohoku Electric Power Network បានអោយដឹងថា ប្រមាណ ២១.០០០ គ្រួសារនៅខេត្ត Niigata គ្មានភ្លើងប្រើនៅម៉ោង ១០ ព្រឹកថ្ងៃដដែល។
ក្រុមហ៊ុនបានអោយដឹងថា តំបន់មួយចំនួននឹងមានភ្លើងឡើងវិញនាថ្ងៃអង្គារនេះ ចំណែកតំបន់ផ្សេងទៀតមិនច្បាស់ថាពេលណាមានភ្លើងវិញឡើយ។
ប្រភព៖ NHK