តុលាការ​កំពូល​ជប៉ុន​ពិចារណាឡើងវិញចំពោះករណីសិក្ខាកាម​ជន​ជាតិ​វៀត​ណាម​ទុកចោលសាកសពកូនក្នុងផ្ទះ

តុលាការកំពូលជប៉ុនបានសម្រេចពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់តុលាការ Fukuoka ចំពោះករណីសិក្ខាកាម​ជន​ជាតិ​វៀត​ណាម​ចោល​សាក​​សព​កូន​ក្នុង​ផ្ទះ។ សេចក្តី​សម្រេច​នេះអាចនឹងប្រែប្រួល។

ស្រ្តីជនជាតិវៀតណាមម្នាក់ឈ្មោះ Le Thi Thuy Linh អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទទុកចោលសាកសពកូនភ្លោះដែលទើបនឹងកើតក្នុងប្រអប់ក្រដាសកាតុង ហើយរក្សាទុកក្នុងផ្ទះនៅ Ashikita, Kumamoto កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ។ Linh ត្រូវចោទប្រកាន់នាខែធ្នូ ឆ្នាំ ២០២១ ជនជាប់ចោទធ្វើការនៅកសិដ្ឋានក្រូចឃ្វិច​ក្រោម​កម្ម​វិធី​បណ្តុះបណ្តាលសិក្ខាកាម និងផ្ញើប្រាក់ចំណូលភាគច្រើនទៅ​អោយ​គ្រួសារ​នៅ​វៀត​ណាម។

ក្នុង​សំណុំរឿង​មុននោះ ព្រះរាជអាជ្ញាបានអះអាងថា ជនជាប់ចោទ “លាក់បាំងរឿងខ្លួនសម្រាលកូន ព្រោះតែខ្លាចត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញ” ។

មេធាវីការពារជនជាប់ចោទបានចង្អុលបង្ហាញថា នាងរុំទារកទាំងពីរដោយកន្សែង សរសេរសំបុត្រ និងបញ្ជាក់ឈ្មោះ​ទារក​មុន​ពេល​ដាក់​ចូល​ប្រអប់​ដើម្បី​កប់។ បច្ចុប្បន្ននៅតែមានមតិចម្រូងចម្រាសទាក់ទងនឹងសកម្មភាពរបស់​​ជន​​ជាប់​​ចោទ​​ចំពោះ​​ទង្វើ “បំផ្លាញសាកសព” ឬ “បញ្ចុះសព” ។

សេចក្តីសម្រេចដំបូងរបស់តុលាការ Kumamoto ក្នុងឆ្នាំ ២០២១ បានបញ្ជាក់ថា សកម្មភាពរបស់ជនជាប់ចោទគឺទុក​ចោល​សាក​សព ដូច្នេះ Linh ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ព្យួរទោស ៣ ឆ្នាំ។

កាលពីខែមករាឆ្នាំ ២០២២ តុលាការ Fukuoka បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ដោយអះអាងបន្ថែមថា សកម្មភាពដាក់សាកសពក្នុងប្រអប់​ក្រដាស​កាតុងជា​បទ​ល្មើសព្រោះ​ធ្វើ​ដូច្នេះ “ធ្វើឱ្យអ្នកផ្សេងពិបាក​រក​ឃើញ”​ ។ ទោះជាយ៉ាងនេះក្តី ទោសត្រូវបានកាត់បន្ថយគឺជាប់ពន្ធនាគារ ៣ ខែ និងព្យួរទោស ២ ឆ្នាំ ព្រោះជនជាប់​ចោទ​នៅ​តែ​រក្សា​ប្រអប់​ក្នុងបន្ទប់ ដូច្នេះមិនអាចចាត់ទុកថា “បោះចោល” បានទេ។

មេធាវី​ការពារ​ក្តី​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល ដោយបញ្ជាក់ថា សវនាការ​លើក​មុន​បាន​អនុវត្ត​ការ​ចោទ​ប្រកាន់​​ខុស។ មេធាវីរបស់ជនជាប់ចោទបានអោយដឹងថា “គួរតែពិចារណាលើអារម្មណ៍របស់ជនជាប់ចោទចំពោះអ្នក​ស្លាប់ ក៏​ដូច​ជា​ភាព​ខុស​គ្នា​រវាង​ទំនៀម​ទម្លាប់ប្រទេសជាតិ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: