ខ្ពស់មិនមែនជាកំហុសនោះទេ “នារីជនជាតិជប៉ុនកម្ពស់ ១៧០ សង់ទីម៉ែត្រ” ម្នាក់រៀបរាប់រឿងក្នុងចិត្ត
នៅជប៉ុនអ្នកដែលមានកម្ពស់ល្អតែងតែទទួលបានការសរសើរដូចជា “ដូចតារាម៉ូដែល” ឬ “ទាន់សម័យណាស់” ប៉ុន្តែមិនមែនគ្រប់យ៉ាងសុទ្ធតែល្អនោះទេ។ ជាពិសេសសម្រាប់ស្រ្តី ខ្ពស់ពេកអាចជាបញ្ហាមួយដែរ។ យោងតាមការស្ទង់មតិសុខភាព និងអាហារូបត្ថម្ភជាតិនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព (២០១៨) កម្ពស់ជាមធ្យមរបស់នារីវ័យ ២០ ឆ្នាំគឺ ១៥៨,៧ សង់ទីម៉ែត្រ វ័យ ៣០ ឆ្នាំគឺ ១៥៨, ៣ សង់ទីម៉ែត្រ និងក្នុងវ័យ ៤០ ឆ្នាំគឺ ១៥៨,៧ សង់ទីម៉ែត្រ។
នារីជនជាតិជប៉ុនម្នាក់ដែលមានអាយុ ៣០ ឆ្នាំកម្ពស់ ១៧៥ សង់ទីម៉ែត្រ។ នាងខ្ពស់តាំងពីកំណើត ព្រោះកាលនៅរៀននាងមានកម្ពស់ ១៦១ សង់ទីម៉ែត្រទៅហើយ។ ថ្វីត្បិតតែមនុស្សជាច្រើនគិតថា ខ្ពស់អញ្ចឹងជួយឱ្យនាងមានរូបរាងស្អាត និងធ្វើឱ្យមនុស្សជាច្រើនច្រណែន ប៉ុន្តែផ្ទុយទៅវិញ កម្ពស់របស់នាងបានធ្វើឱ្យនាងអាក់អន់ស្រពន់ចិត្តណាស់។
“កាលនៅរៀនវិទ្យាល័យ ខ្ញុំតែងតែត្រូវគេចាត់ទុកថាជាមនុស្សធំ។ ខ្ញុំយល់ថាជាការរំខានខ្លាំងណាស់ ម្យ៉ាងវិញទៀតទំហំជើងរបស់ខ្ញុំប្រហែល ២៦-២៧ សង់ទីម៉ែត្រ មិនមានទំហំស្បែកជើងសម្រាប់ស្រ្តីទេ ដូច្នេះខ្ញុំត្រូវពាក់ស្បែកជើងប៉ាតារបស់បុរស។
ពិតជាល្អខ្លាំងណាស់បើអ្នកខ្ពស់ដូចជាខ្ញុំចាប់អារម្មណ៍លើបាល់ទះ បាល់បោះ ឬរាំរបាំបាឡេ ព្រោះខ្ញុំអាចប្រើប្រាស់កម្ពស់របស់ខ្លួន ប៉ុន្តែខ្ញុំមិនមែនជាមនុស្សពូកែកីឡាឡើយ។ នៅពេលចូលសកលវិទ្យាល័យ មនុស្សជាច្រើនលើកទឹកចិត្តខ្ញុំឱ្យសាកល្បង ព្រោះបើមិនដូច្នេះខ្ជះខ្ជាយណាស់។ ខ្ញុំមិនសប្បាយចិត្តទេពេលគិតរឿង ពួកគេចាត់ទុកអ្នកខ្ពស់មិនចេះលេងកីឡាថាគ្មានតម្លៃ” ។
អារម្មណ៍ចង់ពាក់ស្បែកជើងកែង
បុគ្គលិកស្រីអាយុ ២០ ឆ្នាំមានកម្ពស់ ១៧១ សង់ទីម៉ែត្របានអោយដឹងថា នាងចូលចិត្តស្បែកជើងកែងខ្ពស់ទាន់សម័យ ប៉ុន្តែមិនអាចពាក់បានដោយសារកម្ពស់របស់ខ្លួន។
“ខ្ញុំតែងតែចង់ទាបបន្តិច ដូច្នេះខ្ញុំអាចឈរស្មើមិត្តភក្តិរបស់ខ្លួន។ ខ្ញុំស្អប់ត្រូវគេចំអកថាមាឌធំ យូរណាស់មកហើយខ្ញុំមិនបានពាក់ស្បែកជើងកែង។ ស្បែកជើងកែងដែលខ្ពស់បំផុតរបស់ខ្ញុំប្រហែល ៣ សង់ទីម៉ែត្រប៉ុណ្ណោះ។ បុរសជាច្រើនចូលចិត្តនារីទាប យ៉ាងហោចណាស់ទាបជាងបុរសនោះ ដូច្នេះហើយខ្ញុំពិតជាច្រណែននឹងមនុស្សស្រីដែលអាចពាក់ស្បែកជើងកែងចោតដោយមិនចាំបាច់ខ្វល់ខ្វាយអ្វីទាំងអស់ណាស់” ។
ត្រូវគេនិយាយថា “ឬក” ព្រោះតែខ្ពស់
នារីកម្ពស់ ១៧៧ សង់ទីម៉ែត្រម្នាក់បានចែករំលែកបទពិសោធន៍ការរស់នៅមិនបានសុខដោយសារកម្ពស់របស់នាង។
“កាលនៅក្មេង ខ្ញុំជាប្រភេទមនុស្សមានភាពខ្មាស់អៀនច្រើន ប៉ុន្តែដោយសារខ្ពស់ ដូច្នេះតែងតែត្រូវបង្ខំអោយធ្វើជាប្រធានថ្នាក់ ឬប្រធានក្រុម” ។
នៅពេលក្លាយជានិស្សិត នាងធ្វើការក្រៅម៉ោងនៅហាងកាហ្វេមួយ ហើយត្រូវអតិថិជនរិះគន់ថា “ឬក” ទាំងមិនបានធ្វើអ្វីសោះ។ កាលនោះអ្នកគ្រប់គ្រងហាងបានប្រាប់នាងថា ដោយសារតែនាង “សម្លឹងមើលអតិថិជន” ដូច្នេះគួរអោយស្អប់ ។
“ខ្ញុំមិនបាននិយាយអ្វីហួសហេតុចំពោះអតិថិជននោះទេ ហើយវាពិតជាមិនសមហេតុផលទេ គ្រាន់តែឈរក៏ខុសដែរ” ។
ប្រសិនបើអ្នកធ្លាប់សម្លឹងមើលនារីដែលខ្ពស់ រាងស្លីមដូចតារាបង្ហាញម៉ូត ហើយលួចសរសើរពួកគេ សូមគិតថាពេលខ្លះពួកគេត្រូវគេមើលងាយ ហើយត្រូវស៊ូទ្រាំនឹងភាពមិនសមហេតុផល ព្រោះតែរូបរាងខ្ពស់របស់ខ្លួន។
ដូច្នេះមិនថាអ្នកមើលទៅបែបណានោះទេ ចូរស្រលាញ់ខ្លួនឯង ហើយមានភាពជឿជាក់លើអ្វីដែលខ្លួនមាន កុំទទួលឥទ្ធិពលលើសម្តីរបស់អ្នកដទៃ។
Sacchan