មិនដែលធ្លាប់ឮទេថាមាន “ក្រុមហ៊ុនប្រមូលទិញកម្រងសៀវភៅ DVD អាសអាភាសយកទៅបំផ្លាញចោលជំនួសអតិថិជន”
ថ្មីៗនេះ ហាងលក់សៀវភៅមួយកន្លែងដាក់ចេញយុទ្ធនាការជួយលុបបំបាត់ “អាថ៌កំបាំងមិនល្អ” របស់មនុស្សចាស់ ដោយប្រមូលទិញ និងបំផ្លាញកម្រងសៀវភៅ DVD អាសអាភាសដែលពួកគាត់ធ្លាប់ទិញ។
ក្រុមហ៊ុនដែលផ្តើមគំនិតនេះគឺ Tone Shoten មានលក់ឧបករណ៍ផ្លូវភេទបានអោយដឹងថា ពួកគេប្រមូលទិញប្រហែល ៧០ ម៉ឺន DVD ក្នុងឆ្នាំ ២០២០ និង ២០២១ ពីមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។
អតិថិជនចាស់ៗទាំងនេះមានតម្រូវការយក DVD ដែលផ្ទុកនូវអតីតកាលមិនល្អដែលពួកគាត់មិនចង់ឱ្យគ្រួសារដឹងយកទៅបំផ្លាញចោល។
ក្រុមហ៊ុន Tone Shoten បានចាប់ផ្តើមសេវាកម្មខាងលើក្រោមទ្រង់ទ្រាយធំតាំងពីឆ្នាំ ២០១៥ ។ ក្រុមហ៊ុនទទួលយកការបញ្ជាទិញតាមអនឡាញពីអតិថិជនតាមរយៈសេវាកម្មដឹកជញ្ជូន។ តម្រូវការសេវាកម្មកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
អតិថិជនអាចដាក់របស់របរក្នុងប្រអប់ក្រដាសរួចបិទស្កុត ប្រសិនបើខ្លាចត្រូវគេមើលឃើញ ហើយក៏មិនចាំបាច់ចរចារតម្លៃទិញជាមួយក្រុមហ៊ុនដែរ ព្រោះក្រុមហ៊ុនគិតថា ចំណុចនេះគ្រាន់តែធ្វើអោយយ៉ាប់យ៉ឺនឡើងប៉ុណ្ណោះ។
ធ្លាប់មានអតិថិជនម្នាក់ស្នើសុំឱ្យក្រុមហ៊ុនចាត់ចែងរាប់ពាន់ DVD មុនពេលគាត់ចូលមណ្ឌលថែទាំមនុស្សចាស់។ រីឯអតិថិជនម្នាក់ទៀតត្រៀមផ្លាស់ទៅនៅជាមួយនឹងក្រុមគ្រួសារកូនរបស់គាត់។
ហាងនឹងថែមប្រាក់ចំនួន ១០០០ យ៉េនសម្រាប់អ្នកដែលយកយ៉ាងហោចណាស់ ១០ DVD មកវាយតម្លៃ។ ពួកគេក៏ទទួលបានប័ណ្ណអំណោយពី Amazon ចំនួន ៥០០ យ៉េនផងដែរ ប្រសិនបើពួកគេបំពេញកម្រងសំណួរចំពោះការព្រួយបារម្ភ និងសំណើក្នុងការបំផ្លាញ DVD អាសអាភាសដែលពួកគេបានផ្ញើទៅ។
បុគ្គលិក PR របស់ក្រុមហ៊ុនបាននិយាយថា “យើងក៏ទទួលបានសំណើពីសមាជិកគ្រួសាររបស់អ្នកស្លាប់ផងដែរ ដោយចាត់ចែង DVD ក្រោយពេលពួកគេទទួលមរណភាព។ យើងសង្ឃឹមថាអាចកាត់បន្ថយបន្ទុកស្មារតីដល់គ្រួសារអ្នកស្លាប់ ព្រោះរបស់ទាំងនេះមានលក្ខណៈរសើបខ្លាំង” ។
Sacchan